បើនិយាយពីការការពារស្បែកពីជំងឺមហារីក គ្នាយើងច្បាស់ជាគិតដល់ឡេការពារកម្ដៅថ្ងៃមុនគេជាក់ជាមិនខាន។ ពិតណាស់ ខណៈឡេការពារកម្ដៅថ្ងៃ គឺជាផ្នែកដ៏សំខាន់មួយក្នុងការការពារយើងពីជំងឺមហារីកស្បែក យើងក៏គប្បីស្វែងយល់ពីកត្តាដទៃទៀត ដែលអាចបង្កហានិភ័យនៃជំងឺដ៏កាចសាហាវមួយនេះដែរ។ ទាំងនេះគឺជាតិចនិកងាយៗ ដើម្បីការពារខ្លួនពីជំងឺមហារីកស្បែក ដែលគ្នាយើងគួរដឹង។
១. គេងឲ្យបានគ្រប់គ្រាន់
រាងកាយរបស់យើង ត្រូវបានកំណត់ដោយចង្វាក់នៃសកម្មភាពប្រចាំថ្ងៃ (Circadian Rhythm) ដែលដឹកនាំអ័រម៉ូនសំខាន់បំផុតនៃរាងកាយគឺអ័រម៉ូនMelatonin ។ អ័រម៉ូននេះមានឥទ្ធិពលលើទម្ងន់ ការបន្តពូជ ការលូតលាស់នៃសរសៃសក់ ក៏ដូចជាជួយឲ្យរាងកាយយើងដឹងច្បាស់អំពីពេលវេលាគេង និងភ្ញាក់ពីគេង។ បន្ថែមពីនេះ អ័រម៉ូនMelatoninក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសុខភាពស្បែក ជាមួយនឹងសមត្ថភាពការពារស្បែកពីកាំរស្មីយូវី។ ក្នុងនាមជាសារធាតុប្រឆាំងអុកស៊ីតកម្ម វាក៏អាចការពារស្បែកប្រឆាំងនឹងការបំផ្លាញពីUVB និងទប់ស្កាត់ការបំផ្លាញពីរ៉ាឌីកាល់សេរី បន្ថយការរលាក ក៏ដូចជារំញោចការបង្កើតសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លានៅក្នុងរាងកាយថែមទៀតផង។ ហេតុដូច្នេះហើយ យើងគប្បីគេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់៧ទៅ៨ម៉ោងក្នុងមួយយប់ ដើម្បីជៀសវាងការបំផ្លាញពីកាំរស្មីយូវី។
២. ជ្រើសរើសរបបអាហារល្អៗ
ជាមួយគ្នានេះដែរ ការប៉ះពាល់នឹងកាំរស្មីយូវី និងកត្តាបរិស្ថានដទៃទៀត អាចធ្វើឲ្យស្បែករបស់យើងបាត់បង់សារធាតុប្រឆាំងអុកស៊ីតកម្មដែលបានបម្រុងទុក។ ជាលទ្ធផល កោសិកា និងDNAរបស់យើងត្រូវបានបំផ្លាញ ដែលអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកស្បែកMelanoma និងNon-Melanoma។ ការញ៉ាំអាហារដែលសំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដូចជាផ្លែស្ត្រប៊ឺរី ប័រ បន្លែស្លឹកបៃតង ត្រីសាល់ម៉ុន គ្រាប់ធញ្ញជាតិ ការ៉ុត ដំឡូងជ្វា។ល។ គឺសុទ្ធតែជាអាហារប្រឆាំងនឹងអុកស៊ីតកម្ម និងការរលាក ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ចំពោះការការពារជំងឺមហារីក។
៣. ត្រួតពិនិត្យរាងកាយដោយខ្លួនឯង
បន្ថែមពីនេះ គ្នាយើងគប្បីជ្រើសរើសថ្ងៃណាមួយក្នុងមួយខែ ដើម្បីធ្វើការត្រួតពិនិត្យស្បែករបស់យើងឲ្យបានដិតដល់ ជាពិសេសគឺនៅមុន ឬក្រោយពេលដែលយើងងូតទឹករួច។ ចូរចាប់ផ្ដើមពីការពិនិត្យមើលចាប់ពីក្បាល រហូតដល់ចុងជើង ដោយមើលឲ្យសព្វកន្លែងដូចជា មាត់ បបូរមាត់ ត្រចៀក ក្លៀក រន្ធផ្ចិត ក្រចក ចន្លោះម្រាមជើង ឬបាតជើងជាដើម។ ជាងនេះទៅទៀត យើងក៏ចាំបាច់ក្នុងការពិនិត្យមើលផ្នែកខាងមុខ និងខាងក្រោយនៃប្រដាប់ភេទ ដូចគ្នា ដោយប្រើកូនកញ្ចក់ ដើម្បីមើលស្បែកខាងក្រៅ និងខាងក្នុង។ ការសង្កេតមើលអំពីការប្រែប្រួលនៃស្បែក ក៏អាចធ្វើឲ្យយើងឆាប់ដឹងពីវត្តមាននៃជំងឺមហារីកស្បែក ព្រមទាំងទទួលការព្យាបាលបានទាន់ពេលវេលាផងដែរ។
[embed-health-tool-bmi]