backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Blood Cancer (មហារីកឈាម)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 09, 2019

និយមន័យ

១- អ្វី​ជា​ជំងឺ​មហារីក​ឈាម?

ជំងឺ​មហារីក​ឈាម សំដៅ​លើ​ប្រភេទ​មហារីក​ប៉ះ​ពាល់​ដល់​ការ​ផលិត ​និង​មុខ​ងារ​កោសិកា​ឈាម។ ភាគ​ច្រើន​ជំងឺ​មហារីក​ប្រភេទ​នេះ ​កើត​នៅ​ក្នុង​ខួរ​ឆ្អឹង​ជា​កន្លែង​ផលិត​គ្រាប់​ឈាម។ កោសិកា​មហារីក​បាន​ទៅ​រារាំង​កោសិកា​ឈាម​ធម្មតា​បំពេញ​មុខ​ងារ។

មហារីក​ឈាម​មាន ៣ ប្រភេទ៖

– មហារីក​ឈាម​ស (Leukemia)៖ ជា​ប្រភេទ​មហារីក ​មិន​អាច​ទប់​ទល់​នឹង​ការ​ចម្លង​រោគ​បាន។ ពេល​មាន​ជំងឺ​មហារីក​ឈាម​ស មាន​ន័យ​ថា​ខួរ​ឆ្អឹង​មិន​អាច​បង្កើត​កោសិកា​ឈាម​ក្រហម​ និង​ប្លា​កែត​បាន​គ្រប់​គ្រាន់​ ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​រាង​កាយនោះឡើយ។ ជំងឺនេះ​អាច​មាន​សភាព​ធ្ងន់​ធ្ងរ និងរ៉ាំ​រ៉ៃ មាន​គ្រោះ​ថ្នាក់​ច្រើន ​ពិបាក​ព្យា​បាល ​មហារីក​ឈាម​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ។

– ជំងឺ​មហារីក​កូន​កណ្តុរ (Lymphoma)៖ មហារីក​ប្រភេទ​នេះ រីក​លូត​លាស់​នៅ​ក្នុង Lymphocytes ដែល​ជា​ប្រភេទ​កោសិកា​ឈាម​ស​ ​ប្រឆាំង​ការ​ឆ្លង​រោគ។ Lymphocytes មិន​ធម្មតា ​អាច​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ កាត់​បន្ថយ​ភាព​រឹង​មាំ​របស់​រាងកាយ ងាយ​គ្រោះ​ថ្នាក់​ដោយ​ជំងឺ​ផ្សេងៗ។

ជំងឺ Myeloma៖ ជា​មហារីក​កោសិកា​ប្លា​ស្មា ដែល​ទៅ​រារាំង​ដំណើរ​ការ​ផលិត​អង់ទីករ​ធម្មតា​ ជា​ហេតុ​នាំ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ទន់​ខ្សោយ ងាយ​ឆ្លង​មេរោគ​ផ្សេងៗ។

២- ​មហារីក​ឈាម​កើត​ញឺកញាប់​ដែរ​ទេ?

មហារីក​ឈាម​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​មាន​វិធី​អាច​គ្រប់​គ្រង និង​កាត់​បន្ថយ​កត្តា​ហានិភ័យ​បាន។ សូម​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​មហារីក​ប្រភេទ​នេះ។

រោគ​សញ្ញា

៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ?

ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ទូទៅ​របស់​មហារីក​ឈាម​មាន​ដូច​ជា៖

– ក្តៅ​ខ្លួន ញាក់

– អស់​កម្លាំង

– លែង​ឃ្លាន​អាហារ ចង្អោរ

– ស្រក់​ទម្ងន់​លឿន ហើយ​ធ្ងន់​ធ្ងរ

– បែក​ញើស​គ្មាន​មូល​ហេតុ

– ឈឺ​ចាប់​នៅ​ក្នុង​សន្លាក់​ និង​ឆ្អឹង

– មិន​ស្រួល​ពោះ

– ឈឺ​ក្បាល

– ពិបាក​ដក​ដង្ហើម

– ​ឆ្លង​មេរោគ​ញឹក​ញាប់

– ស្បែក​រមាស់ ​ឬ​កន្ទួល​

– ហើម​កូន​កណ្តុរ​នៅ​ក ក្លៀក ក្រលៀន

​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើ​អ្នក​មាន​ចម្ងល់ ឬ​សង្ស័យ​ពាក់ព័ន្ធ​រោគ​សញ្ញា​ខាងលើ សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

​បើ​ប្រទះ​រោគ​សញ្ញាដូច​បាន​រៀប​រាប់​ខាង​លើ ជា​ពិសេស​បើ​ក្រុម​គ្រួ​សារ​បង​ប្អូន​​មាន​ជំងឺ​មហារីក​ឈាម ​សូម​ធ្វើ​ការ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត។ រាង​កាយ​របស់​មនុស្ស​គ្រប់​រូបមានភាព​ខុស​​គ្នា ​ល្អ​បំផុត​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ពី​អី្វ​យើង​ជួប​ប្រទះ។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

មហារីក​ឈាម​ កើត​មាន​ពេល​កោសិកា​ឈាម​លូត​លាស់​មិន​អាច​គ្រប់​គ្រង​បាន។ កោសិកា​ធម្មតា​នៅ​ក្នុង​ខ្លួន​លូត​លាស់​តាម​ដំណាក់​កាល​ និង​ងាប់ទៅ​វិញ ប៉ុន្តែ​កោសិកា​មហារីក​មិន​បែប​នេះ​ទេ ក៏​ងាប់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ដែរ។ ជាង​នេះ​ទៅ​ទៀត ​កោសិកា​មិន​ធម្មតា​អាច​រាល​ដាល​គ្រប់​ទី​កន្លែង​ដែល​ឈាម​ទៅ​ដល់ និង​ទប់​ស្កាត់​ការ​បំពេញ​មុខ​ងារ​របស់​កោសិកា​ធម្មតា​ដទៃ​ទៀត។

មហារីក​ឈាម​ អាច​ជា​ជំងឺ​តំណពូជ ​ក៏​អាច​បណ្តាល​មក​ពី​កត្តា​ខាង​ក្រៅ​ ដូច​ជា ​ប៉ះ​ពាល់​នឹង​កាំរស្មី សារ​ធាតុ​គីមី​បង្ក​គ្រោះ​ថ្នាក់ និង​បង្ក​ដោយសារ​បញ្ហា​កោសិកា T-Cell ក្នុង​ឈាម​ស (Human T-cell Leukaemia)។

កត្តា​ប្រឈម

៦- កត្តា​ប្រឈមមាន​អ្វី​ខ្លះ?

កត្តា​គ្រោះ​ថ្នាក់​​អាស្រ័យ​លើ​ប្រភេទ​ផ្សេង​ៗ​នៃ​មហារីក​ឈាម។ យល់​ដឹង​ពី​កត្តា​ហានិភ័យ​ ​អាច​ជួយ​យើង​រក​ដំណោះ​ស្រាយ​ដើម្បី​រារាំងការ​វិវដ្តរបស់​ជំងឺ។

កត្តា​ប្រឈម​ជំងឺ​មហារីក​ឈាម​មាន៖

– ប៉ះ​ពាល់​នឹង​វិទ្យុ​សកម្ម​យូរ​អង្វែង

– ប៉ះ​ពាល់​សារ​ធាតុ​គីមី ​ម្តង​ហើយ​ម្តង​ទៀត

– ធ្លាប់​ព្យា​បាល​គី​មី

– ជំងឺ Down Syndrome

– ប្រវត្តិ​គ្រួសារ

កត្តា​ប្រឈម​មហារីក​កូន​កណ្តុរ​មាន៖

– អាយុ​ចាស់

– ភេទ​ប្រុស

– ជំងឺ​ប្រឆាំង​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លួន​ឯង

– ជំងឺ​អេដស៍

– របប​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់

– ប៉ះ​ពាល់​​ថ្នាំ​សម្លាប់​សត្វ​ល្អិត

កត្តា​ប្រឈម​ជំងឺ Myeloma៖

– អាយុ​លើស ៥0 ឆ្នាំ

– ភេទ​ប្រុស

– ធាត់

– ​ប៉ះ​ពាល់​វិទ្យុ​សកម្ម

– ធ្វើ​ការ​នៅ​កន្លែង​មាន​សារធាតុ​ប្រេង​ឥន្ធនៈ​ច្រើន

​រោគ​វិនិច្ឆ័យ និងការ​ព្យា​បាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

បើ​យើង​សង្ស័យ​មាន​ជំងឺ​មហារីក​ឈាម​ គ្រូ​ពេទ្យ​​អាច​ណែ​នាំ​​ការ​ធ្វើ​តេស្ត​ឈាម​រក​មហារីក ឬ​​ធ្វើ​តេស្ត​ផ្សេង​ទៀត​នៅ​មន្ទីរ​ពិសោធន៍។ ​តេស្ត​ទាំង​នេះ​ ធម្មតា​ត្រូវ​​គេ​ប្រើ​ដើម្បី​រក​មើល​មហារីក​នៅ​ផ្នែក​ផ្សេង​ៗ​ក្នុង​​រាង​កាយ ប៉ុន្តែ​​មិន​អាច​ដឹង​ថា យើង​មាន​មហារីក​នៅឈាម ឬយ៉ាងណា​ទេ ​គ្រាន់អាច​បង្ហាញ​តម្រុយ​ខ្លះ​ៗប៉ុណ្ណោះ។ ក្នុង​ករណី​តេស្ត បង្ហាញ​ភាព​មិនប្រក្រតី ចំនួន​កើន​ឡើងខ្លាំងនៃ​កោសិកា​ឈាម​ស​ អាច​សន្មត់​ពី​លទ្ធ​ភាព​កើត​ជំងឺ​មហារីក​ឈាម​បាន។

ការ​ធ្វើ​តេស្ត​ឈាម​មហារីក​ឈាម​ជាទូ​ទៅ​មាន៖

– តេស្ត​រាប់​គ្រាប់​ឈាម (CBC)

– តេស្ត​ប្រូតេអ៊ីន​ក្នុង​ឈាម

– តេស្ត​រក​មើល​ដុំ​សាច់

– Circulating tumor cell tests

៨- ព្យាបាលដោយវិធីណា?

ព្យាបាល​មហារីក​ឈាម ​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​មហារីក​ អាយុ ល្បឿន​កកើត​កោសិកា​មហារីក ទីតាំង​រីករាល​ដាល និង​កត្តា​ផ្សេង​ទៀត។

វិធីព្យាបាល​មហារីក​ឈាម​មាន​ដូចជា៖

– ប្តូរ​កោសិកា​ដើម (Stem cell transplantation) ដោយ​បញ្ជូល​កោសិកា​មាន​សុខ​ភាព​ល្អ​ក្នុង​ខ្លួនជំនួស​វិញ។ កោសិកា​ដើម​អាច​យក​ពី​ខួរ​ឆ្អឹង ចរន្ត​ឈាម និង​ឈាម​ទង​ផ្ចិត។

– ព្យា​បាលដោយ​គីមី (Chemotherapy) គឺ​ប្រើ​​ថ្នាំ​ប្រឆាំង​មហារីក ​ដើម្បី​​បញ្ឈប់​ការ​លូត​លាស់​កោសិកា​មហារីក​នៅ​ក្នុង​ខ្លួន។ ព្យា​បាល​ដោយ​គីមី និង​ប្រើថ្នាំ អាច​ធ្វើ​រួមគ្នាក្​នុង​ពេល​តែមួយ​ ក៏​អាច​ធ្វើ​មុន​ពេល​ធ្វើ​ការ​ប្តូរ​កោសិកា​ឈាម​ថ្មីដែរ។

– ព្យា​បាល​ដោយ​កាំរស្មី (Radiation therapy) ដើម្បី​សម្លាប់​កោសិកា​មហារីក ឬ​បន្ថយ​ការ​ឈឺ​ចាប់ ឬ​និង​ផលវិបាក​ផ្សេងៗ ហើយ​ក៏​អាច​ធ្វើ​មុន​ពេល​ប្តូរ​កោសិកា​ឈាមដូច​គ្នា។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ និងវិធី​ព្យាបាលនៅ​ផ្ទះ អាច​ជួយ​បង្ការ និងគ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន ដូចជា៖

– ហាត់​ប្រាណ​ទៀង​ទាត់

– អនុវត្ត​តាម​របៀប​រស់​​មាន​វិន័យ និង​សុខ​ភាព​ល្អ

– នៅ​ឲ្យ​ឆ្ងាយ​ពី​ថ្នាំបាញ់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត

– ចៀស​វាង​ប៉ះ​ពាល់​ជាតិ​វិទ្យុ​សកម្ម

– ញ៉ាំ​អាហារ​​សុខ​ភាព និង​ផឹក​ទឹក​ឲ្យបាន​ច្រើន

– ចៀស​វាងប្រើ​ថ្នាំ​ដោយ​ខ្លួន​ឯង និង​ជំនួយ​វេជ្ជសាស្ត្រ​ទាក់​ទង​បញ្ហា​សុខ​ភាព

បើ​សង្ស័យ​យើង​មាន​មហារីក​ឈាម សូម​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យពាក់ព័ន្ធ​រោគសញ្ញា​ទាំង​ឡាយ​ដែល​កំពុង​ជួប​ប្រទះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 09, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម