ជំងឺមហារីកពោះវៀនធំ អាចកើតមានទាំងបុរស និងស្រ្តី ហើយនៅកម្ពុជាតួលេខអ្នកជំងឺនេះក៏ច្រើនដែរ។ នេះបើតាមការឲ្យដឹងពីលោកវជ្ជបណ្ឌិត Jonathan Foo ឯកទេសវះកាត់ទូទៅ និងវះកាត់ជំងឺមហារីកពោះវៀនធំ នៅប្រទេសសិង្ហបុរី។
លោកវេជ្ជបណ្ឌិតថា មានកត្តាសំខាន់២ ដែលបង្កឲ្យកើតជំងឺមហារីកពោះវៀនធំ ក្នុងនោះមានកត្តាអាចទប់ស្កាត់បាន និងមិនអាចទប់ស្កាត់បាន។
កត្តាមិនអាចទប់ស្កាត់បាន
ទី១. អាយុ៖ កាន់តែចាស់កាន់តែមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកពោះវៀនធំ
ទី២. ហ្សែន៖ ប្រសិនបើគ្រួសារមានប្រវិត្តធ្លាប់កើតមានជំងឺមហារីក។
ចំណែកឯកត្តាអាចទប់ស្កាត់បាន
ពាក់ព័ន្ធនឹងរបៀបរបបរស់នៅប្រចាំថ្ងៃរបស់យើង ក្នុងនោះមាន របបអាហារបរិភោគសាច់ច្រើន អាហារផ្អាប់ អាហារកែច្នៃ ប្រឈមហានិភ័យក្នុងការកើតជំងឺមហារីកពោះវៀនធំ។ លើសពីនេះ ការជក់បារី ផឹកស្រា និងមិនចូលចិត្តហាត់ប្រាណក៏អាចប្រឈមនឹងការកើតមានជំងឺមហារីកពោះវៀនធំដែរ។
ចំពោះការទប់ស្កាត់មិនឲ្យកើតជំងឺមហារីកពោះវៀនធំ លោកវេជ្ជបណ្ឌិត Jonathan Foo បានបញ្ចាក់ឲ្យដឹងថា យើងមិនអាចបាននិយាយថា អាចព្យាបាលឲ្យជំងឺមហារីកពោះវៀនធំជាបានទាំងស្រុងទេ តែគេមានវិធីដើម្បីពិនិត្យរកវាតាំងពីដំណាក់កាលដំបូងៗ។ លោកវេជ្ជបណ្ឌិតបានផ្តល់ការណែនាំដល់ ស្រ្តីៗ និងបុរសៗដែលមានអាយុចាប់ពី៤៥ឆ្នាំឡើង គួរឆ្លុះមើល និងពិនិត្យសុខភាពពោះវៀនធំ និងទ្វារបាត ប្រសិនបើពិនិត្យឃើញមានដុំអ្វីមិនប្រក្រតី គ្រូពេទ្យជំនាញនឹងវះកាត់យកវាចេញ ដើម្បីទប់ស្កាត់ក្នុងការវិវត្តទៅជាជំងឺមហារីកដំណាក់កាលបន្ទាប់ៗ។
[embed-health-tool-bmi]