ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន · សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត
មហារីកមាត់ស្បូន បង្កឡើងនៅក្នុងកោសិកាមាត់ស្បូន ស្ថិតនៅផ្នែកក្រោមស្បូន ដែលកោសិកាមាត់ស្បូនចាប់ផ្តើមរីកលូតលាស់មិនអាចគ្រប់គ្រងបាន។ កោសិកាថ្មី កកើតឡើងឆាប់រហ័ស បង្កើតជាដុំសាច់នៅក្នុងមាត់ស្បូន។
ជំងឺមហារីកមាត់ស្បូន ឧស្សាហ៍ជួបប្រទះបំផុតលើស្រ្ដីពាសពេញពិភពលោក។ យ៉ាងណាក៏ដោយការ ធ្វើតេស្តដោយកៀរកោសិកាមាត់ស្បូន Pap smear អាចជួយយើងរកឃើញពីហានិភ័យកើតជំងឺមហារីកកាចសាហាវនេះបានទាន់ពេល។
មហារីកមាត់ស្បូន ជួនកាលអាចព្យាបាលបាន ពេលយើងដឹងខ្លួនមុន រកឃើញទាន់ពេល។ លើសពីនេះ មានវិធីសាស្រ្តជាច្រើន អាចគ្រប់គ្រងហានិភ័យបង្កជាមហារីកមាត់ស្បូន ជាហេតុធ្វើឲ្យចំនួនករណីមហារីកមួយនេះធ្លាក់ចុះ។
មហារីកប្រភេទនេះ ងាយកើតឡើងខ្លាំងណាស់ ងាយកើតបំផុតលើស្រ្ដីគ្រប់វ័យ ប៉ុន្តែនៅអាចគ្រប់គ្រង និងកាត់បន្ថយកត្តាហានិភ័យផ្សេងៗបាន។
ដំណាក់កាលដំបូង ស្រីៗទើបកើតមហារីកមាត់ស្បូន ឬរៀបនឹងកើត គ្មានបង្ហាញរោគសញ្ញាអ្វីទេ រហូតទាល់តែមានដុំសាច់ (Tumor) កើតឡើង។ ប៉ុន្តែដល់ពេលនោះ ស្ថានភាពដុំមហារីក បានរីករាលដាលទៅលើសរីរាង្គនៅជិតខាង និងលុកលុយលើកោសិកាល្អៗដទៃទៀត បង្កចេញជារោគសញ្ញាមួយចំនួនដូចជា៖
– ឈឺចាប់ពេលរួមភេទ
– ឈឺពោះផ្នែកខាងក្រោម ឬឈឺត្រគាក
– ធ្លាក់សខុសប្រក្រតី មានឈាមលាយឡំជាមួយ
– ធ្លាក់ឈាមតាមទ្វារមាស មានលក្ខណៈមិនប្រក្រតី ធ្លាក់ឈាមចន្លោះពេលមានរដូវ មករដូវមានរយៈពេលយូរ មានឈាមក្រោយពេលរួមភេទ អំឡុងពេលរួមភេទ ឬក្រោយពេលអស់រដូវ មានឈាមបន្ទាប់ពីបន្ទោបង់ និងក្រោយពិនិត្យអាងត្រគាក។
ករណីផ្សេងទៀត មានឆ្លងរោគ អាចបណ្ដាលឲ្យមានរោគសញ្ញាទាំងនេះដែរ។ យ៉ាងណាបើជួបបញ្ហា គួរទៅជួបគ្រូពេទ្យដើម្បីពិនិត្យរោគសញ្ញា។ បើមិនអើពើ នឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឡើង បាត់បង់ឱកាសព្យាបាលប្រកបដោយប្រសិទ្ធភាព។
កាន់តែល្អ កុំរង់ចាំទាល់តែរោគសញ្ញាលេចឡើង ដើម្បីប្រាកដថាយើងមានសុខភាពល្អ ត្រូវធ្វើការពិនិត្យកោសិកាមាត់ស្បូន អាងត្រគាកឲ្យបានទៀងទាត់។
បើសិនជាមានរោគសញ្ញាណាមួយដូចចំណុចខាងលើ ឬមានមន្ទិលសង្ស័យ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា ហេតុនេះរោគសញ្ញាអាចនឹងខុសគ្នាដែរ។
មហារីកមាត់ស្បូន បង្កដោយមេរោគ HPV (Human Papilloma Virus)។ មេរោគនេះជា ញឹកញាប់ឆ្លងពីម្នាក់ទៅម្នាក់តាមការរួមភេទ។
មេរោគ HPV មានច្រើនជាង ១០០ ប្រភេទ ខណៈស្រីៗពេញវ័យអាចឆ្លងមេរោគ HPV ក្នុងពេលណាមួយនៃជីវិត ប៉ុន្តែមេរោគ HPV មួយចំនួនមិនបង្កអោយទៅជា ជំងឺមហារីកមាត់ស្បូនទេ មួយចំនួនទៀតអាចបង្កជាដុំឫសលើប្រដាប់ភេទ និងខ្លះទៀត បង្កទៅមហារីកមាត់ស្បូន។ យ៉ាងណា ប្រភេទមេរោគ HPV ២ ប្រភេទ មាន HPV ១៦ និង HPV ១៨ គឺជាមូលហេតុចម្បងបង្កជាមហារីកមាត់ស្បូន។ មេរោគ HPV ទាំងពីរប្រភេទនេះ មិនលេចចេញរោគសញ្ញាអ្វីទេ ហេតុនេះស្រីៗភាគច្រើន មិនបានដឹងឆ្លងមេរោគនេះដូចគ្នា។
មេរោគ HPV អាចពិនិត្យឃើញដោយងាយ តាមរយៈយកកោសិកាមាត់ស្បូនទៅពិនិត្យ (Pap smear and HPV Test) នាំឲ្យតេស្តនេះសំខាន់បំផុតដើម្បីបង្ការមហារីកមាត់ស្បូន។ តេស្ត Pap smear អាចពិនិត្យឃើញភាពខុសគ្នារវាងកោសិកាក្នុងមាត់ស្បូន មុនពេលវិវត្តទៅជាកោសិកាមហារីក។ បើទទួលការព្យាបាលទាន់ពេល កោសិកាទាំងនោះនឹងត្រលប់មកធម្មតាវិញ ជួយយើងរួចផុតពីមហារីកមាត់ស្បូន។
ដោយសារបច្ចុប្បន្នមនុស្សភាគច្រើនមានផ្ទុកមេរោគ HPV ដែលបង្កើនហានិភ័យនាំឲ្យកើតមហារីកមាត់ស្បូន ដោយកត្តាទាំងនោះមានដូចជា៖
– ឆ្លងមេរោគ HPV៖ ដៃគូរួមភេទច្រើនបណ្ដាលឲ្យយើងមានហានិភ័យខ្ពស់ឆ្លងមេរោគ HPV ប្រភេទ ១៦ និង ១៨។
– ជក់បារី៖ ថ្នាំជក់ មានផ្ទុកសារធាតុគីមីជាច្រើនប៉ះពាល់ដល់សុខភាពរាងកាយ។ ស្រីៗជក់បារីប្រឈមកើតមហារីកមាត់ស្បូនទ្វេរដង ច្រើនជាងស្រីៗមិនជក់បារី។
– ធ្លាក់ចុះប្រព័ន្ធភាពស៊ាំ៖ ដោយសារប្រើប្រាស់ថ្នាំ ឬលក្ខខណ្ឌណាមួយ ប៉ះពាល់ទៅលើប្រព័ន្ធភាពស៊ាំ ដូចជាមេរោគ HIV បង្កទៅជាជំងឺ AIDS អាចបង្កើនហានិភ័យឆ្លងមេរោគ HPV និងងាយកើតមហារីកមាត់ស្បូន។
– ឆ្លងមេរោគប្រមេះ៖ ការសិក្សាខ្លះបង្ហាញថា ហានិភ័យមហារីកមាត់ស្បូន កើនឡើងកាន់តែខ្ពស់ គួរធ្វើតេស្តឈាមបញ្ជាក់យើងធ្លាប់ឆ្លងមេរោគប្រមេះ។
– ញ៉ាំផ្លែឈើ និងបន្លែតិចតួច៖ ស្រីមិនចូលចិត្តញ៉ាំផ្លែឈើ និងបន្លែ ឬញ៉ាំតិចតួច អាចកើនហានិភ័យជំងឺមហារីកមាត់ស្បូន។
– ធាត់លើសទម្ងន់៖ កត្តាលើសទម្ងន់ មានទំនោរច្រើនកើតមានដុំសាច់ (Tumor) កាចសាហាវ (Adenocarcinoma) នៅមាត់ស្បូន។
– ប្រើថ្នាំពន្យារកំណើតយូរអង្វែង៖ មានភស្តុតាងបញ្ជាក់ថា លេបថ្នាំពន្យារកំណើតរយៈពេលយូរ បង្កើនហានិភ័យកើតមហារីកមាត់ស្បូន។
– ប្រើកងដាក់ក្នុងស្បូន៖ របាយការណ៍សិក្សាថ្មីៗ រកឃើញថា ស្រីៗប្រើកងពន្យារកំណើតក្នុងស្បូន (IUD ឧបករណ៍ដាក់ក្នុងស្បូនបង្ការមានផ្ទៃពោះ) ទោះស្ថិតក្នុងកម្រិតទាប ក៏មានហានិភ័យបង្កមហារីកមាត់ស្បូនដូចគ្នា។
– ផ្តល់កំណើតកូនភ្លោះ៖ ស្រីៗសម្រាលកូនភ្លោះ ៣ ឬច្រើនជាងនេះ កាន់តែបង្កើនហានិភ័យខ្ពស់។
– មានកូនពេលអាយុក្រោម ១៧ ឆ្នាំ៖ ស្រីៗផ្តល់កំណើតកូន ពេលស្ថិតក្នុងវ័យក្រោម ១៧ឆ្នាំ អត្រាកើតមហារីកមាត់ស្បូនខ្ពស់ដល់ទៅ ២ ដង ពេលចូលដល់វ័យចំណាស់។
– ក្រ៖ ភាពក្រីក្រ បានរារាំងស្រីៗជាច្រើនមិនអាចលទ្ធភាពទទួលសេវាថែទាំសុខភាពគ្រប់គ្រាន់ ពិសេសការធ្វើតេស្ត Pap តែម្តង។
– សមាជិកក្នុងគ្រួសារធ្លាប់ប្រវត្តិកើតមហារីកមាត់ស្បូន។
– មហារីកមាត់ស្បូនអាចជាជំងឺតំណពូជ ក្នុងករណីម៉ាក់យើង ឬបងស្រីមានជំងឺនេះ ឱកាសកើតជំងឺចំពោះយើង មានដល់ទៅគុណ ២-៣ ដងឯណោះ។
– ឱសថ Diethylstilbestrol (DES)៖ DES ជាឱសថអ័រម៉ូន ផ្ដល់ឲ្យស្រីៗមួយចំនួន ដើម្បីបង្ការករណីរលូតកូន (ថ្នាំរក្សាគភ៌)។ ម៉ាក់ៗធ្លាប់ប្រើប្រាស់ឱសថនេះអំឡុងពេលពពោះ ច្រើនមានហានិភ័យខ្ពស់ទាំងម៉ាក់ៗ និងកូន បើសិនជាទារិកា។
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
គ្រូពេទ្យជំនាញ នឹងយកកោសិកាមាត់ស្បូនទៅពិនិត្យ ធ្វើរោគវិនិច្ឆ័យជំងឺ រួមជាមួយការធ្វើតេស្តដទៃទៀត ដើម្បីពិនិត្យរកកោសិកាកំពុងវិវត្តជាមហារីក ហើយបើតេស្តទាំងនេះបង្ហាញថាកោសិកាមានការប្រែប្រួលខុសប្រក្រតី គ្រូពេទ្យនឹងច្រឹបសាច់យកទៅពិសោធបន្តទៀត។
គ្រូពេទ្យអាចណែនាំយើងឲ្យជួបគ្រូពេទ្យឯកទេសផ្នែករោគស្រ្ដី នៅពេលលទ្ធផលបង្ហាញពីភាពមិនប្រក្រតី ឬឃើញដុំសាច់រីកធំក្នុងមាត់ស្បូន ក៏ដូចជាមានការធ្លាក់ឈាមខុសធម្មតា។
សម្គាល់ករណីធ្លាក់ឈាមចេញតាមទ្វារមាស គឺសំខាន់ណាស់ ព្រោះមិនមែនសុទ្ធតែកើតមហារីកមាត់ស្បូនទើបមានរោគសញ្ញានេះទេ។ មេរោគប្រមេះ ជាមូលហេតុចម្បងមួយធ្វើឲ្យស្រីៗមាន ធ្លាក់ឈាមខុសប្រក្រតី។ គ្រូពេទ្យអាចណែនាំឲ្យធ្វើតេស្តសិន មុនបញ្ជូនទៅជួបវេជ្ជបណ្ឌិតឯកទេស។
តេស្តមួយចំនួនអាចបញ្ជាក់ថាយើងកើតមហារីកមាត់ស្បូនរួមមាន៖
– កុលប៉ូស្កុបពី៖ ជាការថតឆ្លុះដោយមីក្រូទស្សន៍តូចមួយ មានពន្លឺនៅខាងចុង (Colposcope) ត្រូវប្រើប្រាស់សម្រាប់ពិនិត្យមើលមាត់ស្បូន។
– Cone Biopsy៖ ទម្រង់ការនៃការចៀរសាច់មាត់ស្បូនមានលក្ខណៈតូចមួយ ដើម្បីយកសាច់នៅមាត់ស្បូនជារាងជាសាជីយកទៅពិសោធ។ បន្ទាប់ពីធ្វើតេស្ត យើងអាចមានធ្លាក់ឈាមរហូតដល់ ៤សប្ដាហ៍ និងអាចឈឺចាប់ពេលមករដូវផងដែរ។
នៅពេលគ្រូពេទ្យ ប្រាកដថាយើងមានមហារីកមាត់ស្បូន ជម្រើសល្អបំផុត ត្រូវធ្វើតេស្តពិនិត្យមើលថា តើមហារីកវិវត្តដល់កម្រិតណាហើយ។ ហើយការធ្វើតេស្តដំណាក់កាលនេះមានដូចជា៖
– ពិនិត្យមើលស្បូន ទ្វារមាស រន្ធគូទ និងប្លោកនោម ដែលជាសរីរាង្គប្រឈមខ្ពស់ជាមួយជំងឺមហារីក ហើយទម្រង់តេស្តប្រព្រឹត្តទៅដោយប្រើថ្នាំស្ពឹក។
– ធ្វើតេស្តឈាម ដើម្បីពិនិត្យមើលស្ថានភាពជុំវិញសរីរាង្គ ដូចជា ឆ្អឹង ឈាម និងតម្រងនោម។
– តេស្តឆ្លុះស្កេន ដូចជា CT Scan MRI Scan និង PET Scan ដើម្បីឆ្លុះមើលរូបភាពដុំសាច់មហារីក និងវាយតម្លៃ កោសិកាមហារីករាលដាល ឬអត់។
ព្យាបាលមហារីកមាត់ស្បូនមានភាពស្មុគស្មាញច្រើន ដូច្នេះទើបនៅមន្ទីរពេទ្យតែងប្រមូលផ្ដុំក្រុមគ្រូពេទ្យឯកទេសដើម្បីព្យាបាលរួមគ្នានៅដំណាក់កាលដំបូង និងដំណាក់កាលចុងក្រោយ។ ពេលសមស្របសម្រាប់ព្យាបាលមហារីកមាត់ស្បូនដំណាក់កាលដំបូង ប៉ុន្តែការធ្វើរោគវិនិច្ឆ័យតែងតែមិនទាន់ពេលវេលា។
ជាទូទៅ ជម្រើសចម្បងទាំង ៣ ដើម្បីព្យាបាលមហារីកមាត់ស្បូនមាន វះកាត់ ព្យាបាលដោយវិទ្យុសកម្ម និងដោយសារធាតុគីមី។
វិធីព្យាបាលនេះ តម្រូវកាត់ចេញផ្នែកណាមួយមហារីកបានរាលដាលទៅដល់ ទាមទារការសហការពីយើងផ្ទាល់ ជាមួយក្រុមគ្រូពេទ្យ ដើម្បីទទួលបានការព្យបាលមានប្រសិទ្ធភាព៖
– Radical Trachelectomy៖ គឺកាត់ចេញ មាត់ស្បូន កស្បូន និងជាលិកាជុំវិញ ព្រមទាំងផ្នែកខាងលើទ្វារមាស ។
– Hysterectomy៖ កាត់ចេញ មាត់ស្បូន និងស្បូន អាស្រ័យលើដំណាក់កាលមហារីក ហើយក្រពេញអូវែ និងបំពង់ដៃស្បូន អាចត្រូវកាត់ចេញផងដែរ។ ករណីនេះ នាំឲ្យយើងមិនអាចមានកូនបានទៀតទេ។
– Pelvic exenteration៖ ជាការវះកាត់ទ្រង់ទ្រាយធំ រួមមានកាត់ចេញ មាត់ស្បូន ទ្វារមាស ប្លោកនោម ក្រពេញអូវែ បំពង់ដៃស្បូន និងចុងពោះវៀនធំ។
ដំណាក់កាលដំបូងនៃមហារីកមាត់ស្បូន យើងអាចទទួលការព្យាបាលដោយវិទ្យុសកម្មតែឯង ឬផ្សំគ្នាជាមួយការវះកាត់។ បន្ទាប់ពីនេះ ពេលជំងឺឈានដល់ដំណាក់កាលចុងក្រោយ វេជ្ជបណ្ឌិតនឹងណែនាំឲ្យទទួលការព្យាបាលតាមវិទ្យុសកម្ម ផ្សំជាមួយការព្យាបាលដោយគីមី ដើម្បីកាត់បន្ថយករណីហូរឈាម និងការឈឺចាប់។
ព្យាបាលបែបនេះ រាងកាយយើងនឹងរងផលប៉ះពាល់ពីសារធាតុវិទ្យុសកម្ម ដែលគ្រូពេទ្យប្រើម៉ាស៊ីនបាញ់បញ្ចូលក្នុងរាងកាយសម្លាប់កោសិកាមហារីក។ វិធីព្យាបាលផ្នែកខាងក្នុង គឺដាក់បញ្ចូល អ៊ីមផ្លេន ក្នុងខ្លួនយើង ដើម្បីបញ្ចេញសារធាតុវិទ្យុសកម្ម។ ករណីជាច្រើន វិធីសាស្រ្ដទាំងពីរត្រូវបានរួមបញ្ចូលគ្នា។ មធ្យោបាយព្យាបាលបែបវិទ្យុសកម្ម មានរយៈពេលវែង ប្រហែល ៥-៨ សប្ដាហ៍។
វិធីព្យាបាលដោយគីមី តែងធ្វើឡើងតែឯង ឬផ្សំគ្នាជាមួយការព្យាបាលបែបវិទ្យុសកម្ម ហើយតែងប្រើសម្រាប់ព្យាបាលមហារីកដំណាក់កាលចុងក្រោយ ដើម្បីកុំឲ្យរីករាលដាលបន្តទៀត តាមរយៈការប្រើសេរ៉ូម សារធាតុគីមីសម្លាប់កោសិកាមហារីក។
គ្រប់វិធីព្យាបាលមហារីកមាត់ស្បូនសុទ្ធតែអាចមានផលប៉ះពាល់។ គួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុន ព្រោះករណីភាគច្រើនធ្វើឲ្យយើងអាច អស់រដូវមុនពេលកំណត់ ទ្វារមាសរួមតូច ឬហើមក្រពេញទឹករងៃ។
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– និយាយជាមួយគ្រួសារ មិត្តភក្តិ ឬអ្នកផ្ដល់ប្រឹក្សា អាចរួមចំណែកដោះស្រាយបញ្ហាយើង។
– ធ្វើតេស្តកៀរកោសិកាមាត់ស្បូន (Pap smear) ជាវិធីប្រសើរបំផុត ព្រោះបើលទ្ធផល តេស្តកៀរកោសិកាមាត់ស្បូន (Pap smear) មិនធម្មតា យើងអាចទទួលការព្យាបាលទាន់ពេលវេលា។
– បើសិនអាយុក្រោម ២៦ឆ្នាំ អាចចាក់វ៉ាក់ស៊ាំង HPV ជួយការពារប្រឆាំងមេរោគ HPV ទាំងពីរប្រភេទ ដែលជាមូលហេតុចម្បងបង្កមហារីកមាត់ស្បូន។
– បង្ការកុំឲ្យឆ្លងមេរោគ HPV ដោយប្រើស្រោមអនាម័យរាល់ពេលរួមភេទ និងកំណត់ចំនួនដៃគូរួមភេទ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន
សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត