ពាក្យថា “អារម្មណ៍មនុស្សស្រី មានតែស្រីៗគ្នាឯងទេដែលដឹង’ ពាក្យនេះភាគច្រើនគឺត្រូវ ព្រោះស្រីៗតែងបារម្ភច្រើន ពិសេសពេលមានគ្រួសារ ទោះមានបញ្ហាសុខភាពយ៉ាងណា នៅតែបារម្ភរឿងបង្កើតអូនៗគួរឲ្យស្រលាញ់ឲ្យប៉ាៗគេ។ ចុះបើកើត មហារីក យើងច្បាស់ជាគិតថាក្រោយព្យាបាល មានប៉ះពាល់ផែនការយកបេប៊ី ឬអត់មិនខាន។ បើអ៊ីចឹង “Hello គ្រូពេទ្យ’ នឹងស្រាយចម្ងល់ទាំងនេះ។
១- ស្វែងយល់ពីការបង្កកំណើតរបស់ស្រីៗ
អ្វីយើងត្រូវដឹងមុនគេ គឺបង្កកំណើតរបស់មនុស្សស្រីជាមុនសិន បន្ទាប់មកយើងច្បាស់ជាដឹងថា មហារីក ប៉ះពាល់ផែនការយកបេប៊ី ឬយ៉ាងណា។
ជាធម្មតា ស្រីៗគ្នាយើងមានមេជីវិតញីជាច្រើន ចាប់តាំងពីកើតមកម្លេះ ដោយស៊ុតទាំងនោះ ចាប់ផ្តើមបញ្ចេញមកក្រៅរៀងរាល់ខែ នៅពេលយើងពេញវ័យ។ កាលណាវ័យកាន់តែចាស់ មេជីវិតញីនឹងកាន់តែថយចំនួន រួមទាំងគុណភាពបង្កកំណើត ក៏ចុះខ្សោយដូចគ្នា។ បើមេជីវិតញី បានជួបជាមួយមេជីវិតឈ្មោល នោះវានឹងធ្វើការបង្កកំណើត តែបើមិនជួបទេ នឹងក្លាយទៅជារដូវធ្លាក់មកក្រៅ ហេតុនេះពេលយើងអស់រដូវ មានន័យថា ឱកាសអូនៗក៏អស់ដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗគួរដឹង! នេះជាថ្នាំអាចបង្ការមហារីកសុដន់
- កាត់បន្ថយខ្លាញ់បាន ដូចកាត់បន្ថយមហារីកសុដន់អ៊ីចឹង
២- ព្យាបាលមហារីកសុដន់ដោយគីមីប៉ះពាល់ផែនការយកកូនដែរទេ?
វិធីព្យាបាល មហារីកសុដន់ ដោយសារធាតុគីមី អាចប៉ះពាល់ដល់ការបង្កកំណើត បើយើងនៅមិនទាន់អស់រដូវនៅឡើយ ព្រោះវាប៉ះពាល់ដល់អូវែ និងគុណភាពមេជីវិតញីតែម្តង។
លទ្ធភាពបង្កកំណើតបន្ទាប់ពីព្យាបាលដោយគីមី អាស្រ័យប្រភេទថ្នាំយើងប្រើ កម្រិតថ្នាំ និងកត្តាអាយុ។ ស្រីៗមានជំងឺ អាចនឹងបាត់រដូវនៅពេលចាប់ផ្ដើមព្យាបាល បន្ទាប់មកនឹងមានឡើងវិញបន្ទាប់ពីព្យាបាលច្រើនខែ ឬច្រើនឆ្នាំ។ ទោះបីជារដូវមានវិញក៏ដោយ ក៏មិនមានន័យថាលទ្ធភាពបង្កកំណើតត្រលប់មកធម្មតា អាចមានផ្ទៃពោះនោះដែរ ដោយអាស្រ័យលើកត្តាខាងក្រោម៖
– កត្តាអាយុ៖ គ្នាយើងកើតមហារីក អាចនឹងមានផ្ទៃពោះ បន្ទាប់ពីព្យាបាលដោយថ្នាំគីមី ប្រសិនបើទទួលការព្យាបាលនៅមុនអាយុ ៣០។ បើសិនជាអាយុ ៤០ឆ្នាំ ឬលើសពីនេះ យើងអាចនឹងអស់រដូវ ក្រោយព្យាបាលដោយគីមីរួច។ ក្នុងករណីគ្នាយើងមានជំងឺ ហើយជិតអស់រដូវ បន្ទាប់ពីព្យាបាល គឺមិនអាចមានកូនបានដូចគ្នា។
– ប្រភេទ និងកម្រិតព្យាបាល៖ ថ្នាំមួយចំនួនអាចធ្វើឲ្យយើងជំងឺពិបាកក្នុងការមានកូន ដូចជា ថ្នាំ Cytoxan; Platinol; Adriamycin; Methotrexate; Fluorouracil; Vincristine; Taxol; Taxotere និងថ្នាំ Abraxane។
ទោះជាយ៉ាងនេះក្ដី ការស្រាវជ្រាវលើករណីនេះ គឺនៅមានកម្រិតនៅឡើយ ជាហេតុនាំឲ្យមានការលំបាក ដើម្បីបង្កើតផែនការព្យាបាលសមស្របមួយ។ ហេតុនេះ ល្អបំផុត សូមពិគ្រោះជាមួយគ្រូពេទ្យ។
៣- ព្យាបាលមហារីកសុដន់ដោយកាំរស្មីប៉ះពាល់ផែនការយកកូនដែរទេ?
វិធីព្យាបាលដោយកាំរស្មី ដូចជាមិនប៉ះពាល់ដល់លទ្ធភាពមានកូននោះទេ ទោះយ៉ាងនេះក្ដី បើយើងសម្រេចចិត្ត ឬត្រូវតែព្យាបាលដោយកាំរស្មី ត្រូវរៀបចំផែនការយកបេប៊ីឲ្យហើយសិន ចាំព្យាបាលតាមក្រោយ។ យ៉ាងណា វិធីយកកូនបែបនេះ គឺមានតម្លៃខ្ពស់ ព្រោះគ្រូពេទ្យត្រូវជ្រើសរើសមេជីវិតញីយើងទុក សម្រាប់បង្កកំណើតខាងក្រៅជាមួយមេជីវិតឈ្មោល ហើយបន្ទាប់ពីព្យាបាលរួច យើងអាចចាប់ផ្តើមបង្កកំណើតបាន។
៤- ព្យាបាលមហារីកសុដន់ដោយបញ្ឈប់ដំណើរការក្រពេញអូវែ
បញ្ឈប់ដំណើរការក្រពេញអូវែ អាចធ្វើបានតាមរយៈការវះកាត់ ឬដោយប្រើថ្នាំ។ វិធីព្យាបាលនេះតែងប្រើ ដើម្បីអាចជួយកាត់បន្ថយហានិភ័យជំងឺមហារីកសុដន់ ចំពោះគ្នាយើងមានហានិភ័យប្រឈមខ្ពស់ ឬដើម្បីព្យាបាលមហារីកប្រភេទខ្លះៗតែម្តង។
ក្រពេញអូវែនឹងត្រូវយកចេញ (វះកាត់) ឬឈប់បញ្ចេញអ័រម៉ូន អឺស្ត្រូហ្សែន (ប្រើថ្នាំ)។ ពេលក្រពេញអូវែឈប់ដំណើរការ ក្រោយព្យាបាលដោយវះកាត់ យើងនឹងមិនអាចបង្កកំណើតបានទេ ប៉ុន្តែបើបញ្ឈប់ដោយប្រើថ្នាំ លទ្ធភាពពពោះនឹងត្រលប់មកវិញ ក្រោយការប្រើថ្នាំបានបញ្ចប់។
អត្ថបទពាក់ព័ន្ធ៖
- ចម្ងល់សំខាន់ៗទាំង ៦ ចាំបាច់ត្រូវដឹង ក្រោយព្យាបាលមហារីកសុដន់
- ខ្លាច! ត្រូវចេះបង្ការផង ប្រយ័ត្នលាប់ឡើងវិញ
៥- ព្យាបាលមហារីកសុដន់ដោយអ័រម៉ូន
វិធីព្យាបាលមហារីកសុដន់ដោយអ័រម៉ូន គឺត្រូវប្រើថ្នាំប្រភេទខ្លះ រួមមាន ថ្នាំ Tamoxifen Evista (Raloxifene) Fareston (Toremifene) អាចធ្វើឲ្យរដូវមិនទៀង ឬក្រពេញអូវែឈប់បញ្ចេញមេជីវិតញី។ ស្រីៗមួយចំនួន អាចមានវដ្តរដូវធម្មតាវិញ និងមានបេប៊ី បន្ទាប់ពីព្យាបាលដោយអ័រម៉ូន តែខ្លះទៀត គឺមិនអាចទេ។
សរុបសេចក្តីមក ព្យាបាលជំងឺមហារីក គឺប៉ះពាល់ដល់លទ្ធភាពបង្កកំណើត ហេតុនេះ សំខាន់បំផុត ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ពីផែនការរក្សាមេជីវិតញី ប្រសិនបើសិនចង់មានបេប៊ីបន្ទាប់ពីព្យាបាល។
[embed-health-tool-bmi]