backup og meta

ជំងឺមហារីកស្បែកក្រោមក្រចក កម្រកើតតែក៏គ្រោះថ្នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 06, 2021

    ជំងឺមហារីកស្បែកក្រោមក្រចក កម្រកើតតែក៏គ្រោះថ្នាក់

    ជំងឺ​មហារីក​ស្បែក​ប្រភេទ​Melanomas ជា​ទូទៅ​វិវត្ត​នៅ​ត្រង់​ផ្នែក​នៃ​រាង​កាយ​ដែល​បាន​ប៉ះពាល់​ខ្លាំង​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ ដូច​ជា​ទ្រូង មុខ ខ្នង ជើង ត្រចៀក និង​ដៃ​។ ប៉ុន្តែ​គ្នា​យើង​ធ្លាប់​ដឹង​ទេ​ថា ជំងឺ​មហារីក​ស្បែក​ប្រភេទ​នេះ ក៏​អាច​កើត​មាន​នៅ​ក្រោម​ក្រចក​ដែរ​? ទោះ​បី​នេះ​ជា​ករណី​កម្រ តែ​វា​ក៏​មាន​ប្រហែល​២​ភាគរយ​​ក្នុង​ចំណោម​អ្នក​កើត​មហារីក​ស្បែក​នេះ​។

    ​Melanoma ជា​ប្រភេទ​ជំងឺ មហារីក​ស្បែក​មួយ​ប្រភេទ​ដែល​មាន​សភាព​គ្រោះ​ថ្នាក់ កើត​ក្នុង​កោសិកា​ផលិត​ជាតិ​មេឡានីន ដែល​ជា​ធាតុ​ផ្ដល់​ពណ៌​ទៅ​ដល់​ស្បែក​។ មូល​ហេតុ​បង្ក​ជំងឺ​មហារីក​ប្រភេទ​នេះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ ប៉ុន្តែ​ការ​ប៉ះពាល់​ទៅ​នឹង​កាំរស្មី​ព្រះអាទិត្យ​ច្រើន បង្កើន​ហានិភ័យ​កើត​ជំងឺ​មួយ​នេះ​។

    ១. រោគ​សញ្ញា​

    ​ជំងឺ​មហារីក​ស្បែក​​ក្រោម​ក្រចក ​ភាគ​ច្រើន​កើត​លើ​ក្រចក​ដៃ ច្រើន​ជាង​ក្រ​ចក​ជើង និង​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ច្រើន​នៅ​មេដៃ និង​មេជើង​។

    មហារីក​ស្បែក​នៅ​ក្រោម​ក្រ​ចក ជា​ធម្មតា​មាន​លេច​ចេញ​ពណ៌​ត្នោត ឬ​ខ្មៅ​នៅ​ក្រោម​ក្រចក​។ ជា​ទូទៅ​ ដុំ​ខ្មៅ​នេះ​នឹង​រាល​ដាល​បន្តិច​ម្ដងៗ និង​មាន​ទំហំ​កាន់តែ​ធំ ដែល​អាច​ធំ​ជាង​​៣មិល្លីម៉ែត្រ​។ ខុស​ពី​ការ​ឆ្លង​រោគ​ ឬ​រងរបួស​នៅ​ក្រចក មហារីក​ស្បែក​ក្រោម​ក្រ​ចក ជា​ទូទៅ​នឹង​មាន​ផល​ប៉ះ​ពាល់​លើ​ក្រចក​ម្ដង​មួយ​ៗ។​

    រោគ​សញ្ញា​ផ្សេង​ទៀត​មាន​ដូច​ជា៖

    • ក្រចក​របើក​ចេញ​ពី​សាច់
    • ក្រ​ចក​ស្រួយ និង​ងាយ​​បាក់
    • មាន​សភាព​ហើម​នៅ​ក្រោម​ក្រចក​
    • ស្បែក​​នៅ​ក្បែរ​ក្រចក​ចាប់​ផ្ដើម​ឡើង​ខ្មៅ

    ក្នុង​ករណី​សង្ស័យ​ថា​ក្រចក​មាន​បញ្ហា​​ដែល​យើង​មិន​អាច​កំណត់​ថា​ជា​របួស ឬ​ក៏​ឆ្លង​រោគ គ្នា​យើង​គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។​ ​អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​នេះ​​ជាទូទៅ​គឺ​មនុស្ស​មាន​វ័យ​លើស​ពី​៥០​ឆ្នាំ និង​អ្នក​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​ស្បែក ជា​ដើម​។​

    មហារីកក្រចក

    ២. វិធី​ការពារ​

    ​ដោយ​សារ​តែ​មូល​ហេតុ​បង្ក​ជំងឺ​មហារីក​ស្បែក​ក្រោម​ក្រចក​នេះ​មិន​ទាន់​ដឹងច្បាស់​លាស់​ មាន​ន័យ​ថា​អ្នក​ជំងឺ​មិន​អាច​ដាក់​ចេញ​វិធានការ​ជាក់​លាក់​ដើម្បី​ការពារ​នោះ​ទេ​។ យ៉ាងណា ព្រោះ​តែ​ជំងឺ​នេះ​អាច​កើត​ចេញ​ពី​របួស​លើ​ក្រចក​ដៃ និង​ក្រចក​ជើង គ្នា​យើង​គួរ​តែ​ប្រើ​ស្រោម​ដៃ​ការពារ​ដៃ​ពេល​ធ្វើ​ការ​ងារ​ធ្ងន់ និង​ពាក់​ឧបករណ៍​ការពារ​ក្រចក​ជើងពេល​យើង​លេង​កីឡា​។

    ​ការ​រក​​ឃើញ​ជំងឺ​នេះ​បាន​លឿន​ គឺ​ជា​រឿង​សំខាន់​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក​ស្បែក​ក្រោម​ក្រចក​នេះ​។ ដូច​នេះ​ហើយ យើង​គួរ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពេល​ឃើញ​ការ​ប្រែ​ប្រួល​កើត​មាន​លើ​ក្រចក ដែល​គួរ​ឲ្យ​បារម្ភ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម