backup og meta

ពិត​អត់ ទំពាំងបាយជូរអាចបង្កអាលែកហ្ស៊ីលើក្មេងដែរ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 26, 2021

    ពិត​អត់ ទំពាំងបាយជូរអាចបង្កអាលែកហ្ស៊ីលើក្មេងដែរ?

    ទោះបីជា​ផ្លែទំពាំង​បាយជូរ មិន​ជាប់​ក្នុង​បញ្ជី​តារាង​អាហារ​ងាយ​បង្ក​អាលែកហ្ស៊ី​ ដូចជា​ទឹកដោះគោ ស្រូវ​សាឡី និង​គ្រាប់​ផ្លែឈើ មួយ​ចំនួន​ក៏​ដោយ ក៏​មាន​ក្មេង​មួយ​ចំនួន​នៅ​តែ​អាច​អាលែកហ្ស៊ី​នឹង​ទំពាំង​បាយ​ជូរ​ដែរ​។

    ជួនកាល​ក្មេង​ៗ​ខ្លះ​មិន​បាន​អាលែកហ្ស៊ី​ទៅ​នឹង​ផ្លែ​ទំពាំង​បាយ​ជូរ​ទេ តែ​អាលែកហ្ស៊ី នឹង​​សារធាតុ​ជាប់​នៅ​ផ្លែ​ទំពាំង​បាយ​ជូរ​ទៅ​វិញ​ទេ មាន​ដូច​ជា​ពពួក​ផ្សិត​ដែល​លូតលាស់​លើ​ផ្លែ​ទំពាំង​បាយ​ជូរ និង​ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​គេ​ប្រើ​លើ​ទំពាំង​បាយ​ជូរ​ជា​ដើម​។ បើ​ប៉ា​ម៉ាក់ គិត​ថា​កូន​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​នឹង​ផ្លែ​ទំពាំង​បាយ​ជូរ គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​។

    . មូល​ហេតុ​បង្ក​អាលែកហ្ស៊ី

    ប្រូតេអ៊ីន​នៅ​ក្នុង​អាហារ​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី។ យើង​អាច​គិត​ថា​ទំពាំង​បាយជូរ​មិន​មែន​ជា​អាហារ​ផ្ទុក​ប្រូតេអ៊ីន​ទោះទេ តែ​ការ​ពិត​ផ្លែទំពាំង​បាយ​ជូរ​មួយ​ពែង មាន​ផ្ទុក​ប្រូតេអ៊ីន​១,០៩ក្រាម ដែល​បរិមាណ​នេះ​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​បាន។

    ប្រូតេ​អ៊ីន​ចម្បង​បង្ក​អាលែក​ហ្ស៊ី​ក្នុង​ផ្លែ​​ទំពាំង​បាយ​ជូរ គឺ​ Lipid Transfer Proteins(LTP) ដែល​ជា​ប្រូតេអ៊ីន​មាន​នៅ​ក្នុង​ផ្លែ​ឈើ និង​អាហារ​ធ្វើ​ពី​ផ្លែ​ឈើ​។ ប្រ​ព័ន្ធភាព​ស៊ាំ​ឆ្លើយ​តប និង​ប្រតិកម្ម​ខ្លាំង​ជ្រុល ទៅ​នឹង​សារធាតុ​មិន​បង្កគ្រោះ​ថ្នាក់ ដូច​ជា​ប្រូតេអ៊ីន​ក្នុង​អាហារ ហើយ​អ្នក​មាន​បញ្ហា​អាលែក​ហ្ស៊ី នឹង​ផលិត​អង់ទីករ​ ដែល​បញ្ចេញ​សារធាតុ​វាយ​ប្រហារ​ទៅ​លើ​ធាតុ​បង្ក​អាលែកហ្ស៊ី​ទាំង​នោះ​។

    ទំពាំង​បាយជូរក្រៀម

    . រោគ​សញ្ញា​អាលែកហ្ស៊ី​នឹង​ផ្លែ​ទំពាំង​បាយ​ជូរ​

    រោគ​សញ្ញា​អាលែកហ្ស៊ី​ទៅ​នឹង​ផ្លែ​ទំពាំង​បាយ​ជូរ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ធាតុ​បង្ក​អាលែក​ហ្ស៊ី​ផ្សេង​ទៀត​ដែរ។ រោគ​សញ្ញា​ទាំង​នោះ​រួម​មាន​ឡើង​កន្ទាល​ត្រអាក ក្អក រមាស់ ដកដង្ហើម​ឮ​ដូច​ហួច ហៀរសម្បោរ ឬ​តឹងច្រមុះ និង​កើត​ហឺត​ជាដើម​។

    បើ​ជា​អាលែកហ្ស៊ី មាត់​វិញ​ ក្មេង​នឹង​ចេញ​រោគ​សញ្ញា​ដូចជា​ហើម​បបូរមាត់ បំពង់ក និង​​បរិវេណ​ជុំវិញ​មាត់ រមាស់​បំពង់ក និង​មាន​អារម្មណ៍​ថា​មិន​ស្រួល​នៅ​អញ្ចាញ​ធ្មេញ និង​ភ្នែក​ផង​ដែរ​។ ក្នុង​ករណី​កើត​មាន​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ នឹង​មាន​ចេញ​រោ​គ​សញ្ញា ដូចជា​សម្ពាធ​ឈាម​​ធ្លាក់​ចុះ ឡើង​កន្ទាល​ត្រអាក ហើម​មុខ ហើម​បំពង់​ក និង​ពិបាក​ដក​ដង្ហើម​ ជា​ដើម។

    . ចំណុច​គួរ​ចងចាំ

    ក៏​អាច​មាន​ដែរ​ក្មេង​ខ្លះ​អាលែក​ហ្ស៊ី​ទៅ​នឹង​ប្រភេទ​​ផ្លែ​ទំពាំង​បាយ​ជូរ​ណា​មួយ តែ​មិន​អាលែកហ្ស៊ី​នឹង​ផ្លែ​ទំពាំង​បាយ​ជូ​រ​ប្រភេទ​ផ្សេង​នោះ​ទេ។ ដូច​គ្នា​ដែរ ក្មេង​អាលែក​ហ្ស៊ី​ទៅ​នឹង​ប្រភេទ​ណាមួយ​នៃ​ទំពាំង​បាយ​ជូរ ក៏​អាលែកហ្ស៊ី​ទៅ​នឹង​ប្រភេទ​ទំពាំង​បាយជូរ​ផ្សេង​ទៀត រួម​ទាំង​ផលិត​ផល​ធ្វើពី​ទំពាំង​បាយជូរ និង​ស្រា​ទំពាំង​បាយជូរ​ផង​ដែរ​​។ បើ​សិន​ជា​កូន​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​ផ្លែ​ទំពាំង​បាយ​ជូរ​ សូម​កុំ​ឲ្យ​កូន​ញ៉ាំ​ផលិត​ផល​ធ្វើ​ពី​ទំពាំង​បាយ​ជូរ បើ​មិន​ទាន់​មាន​ការ​ធ្វើ​តេស្ត​អាលែកហ្ស៊ី​នោះ​ទេ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Feb 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម