backup og meta

ពេលហាត់ប្រាណឃើញសញ្ញាបែបនេះ បញ្ជាក់ថាបេះដូងមានបញ្ហា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Sep 20, 2021

    ពេលហាត់ប្រាណឃើញសញ្ញាបែបនេះ បញ្ជាក់ថាបេះដូងមានបញ្ហា

    ពិត​ណាស់​ហាត់​ប្រាណ ជា​ទម្លាប់​រស់​នៅ​ល្អ​មួយ ​ជួយ​ដល់សុខភាព​បាន​ច្រើន ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត។ ប៉ុន្តែ​ក្នុង​ស្ថានភាព​សុខភាពខ្លះ ពិសេសបើ​យើង​មាន​ទម្លាប់​រស់​នៅ​គ្មាន​សុខភាព​ល្អ​ច្រើន​ឆ្នាំ ហើយ​ចង់​ចាប់​ផ្តើម​ហាត់​ប្រាណ​ដើម្បី​សុខភាព គួរ​ប្រយ័ត្ន​ប្រយែង​បន្តិច គួរ​ចាប់​ផ្តើម​ឲ្យ​បាន​ត្រឹមត្រូវ​ ហើយ​បើ​ប្រទះ​ឃើញ​សញ្ញា​មិ​ន​ប្រក្រតី​ណា​មួយ ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​អាច​ឆក់​យក​ជីវិត​យើង​បាន។ អត្ថបទ​នេះ នឹង​លើក​ឡើងសញ្ញា​បញ្ហា​បេះដូង​អំឡុង​ពេល​ហាត់​ប្រាណ ឲ្យ​គ្នា​យើង​បាន​ដឹង។

    ១- ទម្លាប់​រស់​នៅ​ដែល​ប្រឈម​ជំងឺ​បេះដូង

    ទម្លាប់​រស់​នៅ​អង្គុយ​ច្រើន ជា​កត្តា​ប្រឈម​ចម្បង​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង។ យោង​ទៅ​តាម​សហព័ន្ធ​សុខភាពបេះដូង​ពិភពលោក មិន​ហាត់ប្រាណ អាច​បង្កើន​កត្តា​ប្រឈម​ជំងឺ​បេះដូង​រហូត​ដល់​ទៅ ៥០ ភាគរយ ខណៈ​កត្តា​ប្រឈម​ផ្សេង​ទៀត​រួម​មាន៖⁣

    – របប​អាហារ​មាន​ខ្លាញ់​អាក្រក់​ច្រើន

    – ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២

    – សម្ពាធ​ឈាម​ឡើង​ខ្ពស់

    – ជក់បារី

    – កូលេស្តេរ៉ូល​ខ្ពស់

    – ធាត់​លើស​ទម្ងន់

    – ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​បេះដូង

    កាត់​បន្ថយ​កត្តា​ប្រឈម​ទាំង​នេះ អាច​កាត់​បន្ថយ​ឱកាស ​គាំង​បេះដូង ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​តម្រូវ​ការ​ព្យាបាល​ដោយ​ប្រើ​ប្រាស់​ថ្នាំផ្សេងៗ រួម​បញ្ចូល​ទាំង​ការ​វះកាត់​ទៀត​ផង។

    បន្ត​ធ្វើ​ឲ្យ​រាង​កាយ​បញ្ចេញ​សកម្មភាព ជា​វិធី​ល្អ​បំផុត ដើម្បី​កាត់​បន្ថយ​កត្តា​ប្រឈម​ជំងឺ​បេះដូង។ វិធី​ហាត់​ប្រាណ​ស្រាលៗ និង​ទៀង​ទាត់ដូច​ជា​ដើរ ត្រូវ​គេ​អះអាង អាច​ជួយ​បង្កើន​សុខ​ភាព​បេះដូង​បាន​យ៉ាង​ខ្លះ។ ហាត់​ប្រាណ​វិធី​នេះ ក៏​អាច​កាត់​បន្ថយ​កត្តា​ប្រឈម​ជំងឺ​សរសៃឈាមបេដូង ជួយសម្រក​ទម្ងន់ និង​កាត់​បន្ថយ​សម្ពាធ​ឈាមបាន។

    យ៉ាងណា ហាត់​ប្រាណ​ពេល​ខ្លះ ក៏​អាច​បង្កើន​ហានិភ័យ​គាំងបេះដូង​គ្នា​យើង ពិសេសសម្រាប់​គ្នា​យើង​ មាន​ជំងឺ​បេះដូង និង​មិន​បាន​ពិនិត្យការ​ហាត់ប្រាណ​របស់​ខ្លួន​បាន​ត្រឹម​ត្រូវ។

    ២- ហេតុ​អី​ចាំ​បាច់​ប្រុង​ប្រយ័ត្ន​មុន​ពេល​ចាប់​ផ្តើម​ហាត់​ប្រាណ? 

    ការហាត់ប្រាណ គឺ​សំខាន់​ណាស់​ជួយ​ការពារ​យើង​ពី​ជំងឺ​បេះដូង។ ធម្មតា​ហាត់​ប្រាណ​មាន​សុវត្តិភាព​ចំពោះ​មនុស្ស​ទូទៅ ប៉ុន្តែគ្នា​យើង​គួរប្រុង​ប្រយ័ត្ន​ជា​មុន ពិសេស​ក្នុង​ករណី៖

    – ពេទ្យ​ប្រាប់ថាយើងមានកត្តាប្រឈមជំងឺបេះដូង មួយ ឬច្រើន

    – ទើបតែមានបញ្ហាគាំងបេះដូង ឬបញ្ហាទាក់ទងនឹងបេះដូងថ្មីៗ

    – ធ្លាប់មានបញ្ហាមិនអាចធ្វើសកម្មភាពបានពីមុនមក

    គ្នា​យើង​​មាន​ជំងឺ​បេះដូង សឹង​តែ​ទាំង​អស់ អាច​ហាត់​ប្រាណ​បាន​ដោយ​សុវត្តិភាព បើ​យើង​បាន​ធ្វើ​ការ​វាយ​តម្លៃ​សុខភាព​ខ្លួន​ត្រឹម​ត្រូវ​ជា​មុន។

    យ៉ាងណាក៏ដោយ ហាត់​ប្រាណ​មិន​សក្តិ​សម​ចំពោះ​គ្នាយើង​មាន​ជំងឺ​បេះដូង​ទាំងអស់​នោះ​ទេ។ បើយើង​ទើប​តែ​ធ្វើ​ការ​ហាត់​ប្រាណ គន្លឹះចាំ​បាច់ ត្រូវ​ចាប់​ផ្តើម​សន្សឹមៗ ដើម្បី​ទប់​ស្កាត់​ផល​ប៉ះពាល់​ផ្សេងៗ។ ពិភាក្សា​ជាមួយ​គ្រូពេទ្យ មុន​នឹង​ចាប់​ផ្តើម​ចូល​រូម​កម្ម​វិធី​ហាត់​ប្រាណណា​មួយ ហើយយើង ក៏​ប្រហែល​ជា​ត្រូវ​ចាប់​ផ្ដើម​ការ​ហាត់​ប្រាណ ជាមួយ​នឹង​ការ​តាម​ដាន​វេជ្ជសាស្ត្រ​ផង​ដែរ។

    ៣- សញ្ញា​បង្ហាញ​ថា​យើង​មាន​បញ្ហា​បេះដូង​

    ទោះ​ជាយើង​ធ្លាប់​មាន​បញ្ហា​គាំង​បេះដូង​ពី​មុន​ក៏​ពិត​មែន ក៏​មាន​រោគ​សញ្ញា​មួយ​ផ្សេង​ទៀត​អាច​កើត​មាន​ដែរ។ សូម​ទៅ​ជួប​គ្រូពេទ្យ​ភ្លាមៗ បើប្រទះ​ឃើញ​រោគ​សញ្ញា​ទាំង​អស់​នេះ៖

    – ចុក ឬ​មិន​ស្រួល​ក្នុង​ទ្រូង៖ គ្នា​យើង​ជា​ច្រើន បាន​បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​អាការៈ​ចុក​ទ្រូង​ខ្លាំង​ភ្លាមៗ ជាមួយ​នឹងបញ្ហា​​គាំង​បេះដូង។ ករណី​គាំង​បេះដូងមួយ​ចំនួន អាច​​ចាប់​ផ្តើម​មក​ពី​បញ្ហា​នេះ។ យ៉ាង​ណា​មិញ យើង​ចាប់​ផ្តើម​ពី​ការ​មាន​អារម្មណ៍​មិន​សូវ​ស្រួល សម្ពាធ​ឡើង​ចុះមិន​ធម្មតា រមួល ឬ​តឹង​នូវ​ចំ​កណ្តាល​ដើម​ទ្រូង។ អាការៈ​ឈឺ​ចាប់​នេះ​ម្តង​ឈឺ ម្តង​អត់ វាពិបាក​នឹង​ប្រាប់​ថា មាន​អ្វី​កើត​ឡើង​មែន​ទែន។ បញ្ឈប់ការ​ហាត់​ប្រាណ​ភ្លាមៗ ហើយ​ទៅ​ជួប​ពេទ្យ បើ​មាន​អាការៈ​នេះ​កើត​ឡើង​ចាប់ ២-៣ នាទី។

    – ហត់៖ មាន​អារម្មណ៍​មិន​ស្រួលពេល​ដក​ដង្ហើម ដោយ​មិន​ស្រួល​ក្នុង​ទ្រូង​ពេល​ហាត់​ប្រាណ ភាគច្រើន​ជា​អាការៈ​​គាំង​បេះដូង។ អាការៈ​នេះ អាច​កើត​មាន​មុន​ពេល មិន​ស្រួល​ក្នុង​ទ្រូង ឬ​ពេលគ្មាន​បញ្ហា​ក្នុង​ទ្រូងក៏​ដោយ។

    – វិលមុខ ឬ​ស្រាល​ក្បាល​ធេង​ធោង៖ ការ​ធ្វើ​សកម្មភាព​ហាត់​ប្រាណ ប្រហែល​ជា​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​អស់​កម្លាំង ជា​ពិសេស​បើ​មិន​ធ្លាប់ធ្វើ​ពី​មុន​មក តែ​មិន​គួរ​មាន​អារម្មណ៍​វិល​មុខ ឬ​ស្រាល​ក្បាល​ធេង​ធោង​នោះ​ទេ។ ចាត់​ទុក​ថា​ នេះ​ជា​សញ្ញា​គ្រោះថ្នាក់ និងត្រូវ​​ឈប់​ហាត់​ប្រាណភ្លាម។

    – បេះដូង​លោត​ខុស​ចង្វាក់៖ ចង្វាក់​បេះដូង​លោត​ឈប់ៗ ញ័រ​ទ្រូង ឬ​ដង្ហក់ អាច​បង្ក​បាន​ជា​បញ្ហា​បេះដូង។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ បើមាន​អារម្មណ៍​ថា ចង្វាក់​បេះដូង​លោត​ខុស​ប្រក្រតី​អំឡុង​ពេល​ហាត់​ប្រាណ។

    – មានកន្លែងណាមួយផ្សេងទៀតក្នុងខ្លួនហាក់​មិន​ស្រួល៖ បញ្ហា​បេះដូង ក៏​អាច​បណ្តាល​មក​ពី​កន្លែង​ណា​មួយ​ផ្សេង​ក្នុង​រាង​កាយ​​យើង​បានដែរ។ រោគសញ្ញា​ទាំង​នោះ រួមមាន ការ​មិន​ស្រួលក្នុង​ខ្លួន ឈឺ​ចាប់ ឬ​ចុក​ក​ដៃ ខ្នង ក ថ្គាម ឬ​ក្រពះ​ជា​ដើម។ គ្នា​យើង​ប្រហែល​មាន​បទពិសោធន៍​ ឈឺ​ប្រដេញ​គ្នា​ពី​មួយ​កន្លែង ទៅ​មួយកន្លែង​ទៀត​ក្នុងរាង​កាយ ដូច​ជា​ចាប់​ពី​ឈឺ​ទ្រូង ថ្គាម កញ្ចឹង​កទៅស្មា កដៃ ឬខ្នងជាដើម។

    – បែក​ញើស​ខុស​​ធម្មតា៖ ទោះការបែក​ញើស ជា​អាការៈ​ធម្មតា​ពេល​ហាត់​ប្រាណ​ក៏​ពិត​មែន ប៉ុន្តែ​អាការៈ​ចង្អោរ និង​បែក​ញើស​ត្រជាក់ ជាសញ្ញា​បញ្ជាក់​ពីប​ញ្ហាដែល​អាច​កើត​មាន។ បើ​យើង​ធ្លាប់​មាន​បញ្ហា​គាំង​បេះដូង មាន​ន័យ​ថា សញ្ញា​នេះជាប្រថ្នូលអាក្រក់ ឬជា​សញ្ញា​គ្រោះថ្នាក់អាច​កើត​មានចំពោះ​យើង។

    ហត់

    អត្ថបទ​ពាក់​ព័​ន្ធ៖

    ៤- ពេល​ណា​គួរ​ហៅ​ឡាន​ពេទ្យ?

    ពេលដែល​យើង​គិត​ថា សញ្ញាទាំង​នោះ ពិតជាដោយ​សារ​បញ្ហាបេះដូងប្រាកដ​នោះ ពេល​វេលា​ គឺ​សំខាន់​បំផុត​សម្រាប់​យើង។ ត្រូវរាប់សូម្បី​តែ​វិនាទី ហើយ​កុំ​អែរ​អង់​អី​ទៀត ឬ​បង្ខំ​បញ្ចប់​ការ​ហាត់​ប្រាណ​តែ​ម្តង និង​ស្វែង​រក​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​យើង​មាន​​បញ្ហា​ដូច​ខាង​លើ។

    ជាការណែនាំ គឺ​មិន​ត្រូវ​ចាំ​លើសពី ២-៣ នាទីទេ ឬ​យូរ​បំផុត ៥នាទី ត្រូវ​ទាក់​ទង​ទៅ​ឡាន​ពេទ្យ​ភ្លាម។ បេះដូង​អាច​នឹង​មិន​ដំណើរ​ការ ពេលយើង​គាំង​បេះដូង ហេតុ​នេះ​មាន​តែ​អ្នក​ជំនាញ​សង្គ្រោះ​បន្ទាន់​ប៉ុណ្ណោះ ដែល​មាន​ឯកទេស និង​ឧបករណ៍​គ្រ​ប់គ្រាន់សម្រាប់​ជួយ​បេះដូង​ឲ្យ​ដំណើរ​ការ​ឡើង​វិញ។

    សូម​ឲ្យ​នរណា​ម្នាក់ ជួយ​បើក​ឡាន​ជូនយើង​ទៅ​ពេទ្យ​ជា​បន្ទាន់ បើ​មាន​អាការៈ​ជំងឺ​គាំង​បេះដូង​នេះ ហើយ​មិន​អាច​តេ​សុំ​ជំនួយ​ពី​មន្ទីរពេទ្យ​បាន។ ចៀស​វាង​ បើកបរ​ដោយ​ខ្លួន​ឯង លើង​លែង​តែ​មិន​មាន​ជម្រើស​ទាល់​តែ​សោះ។

    ៥- គួរ​ត្រៀម​អ្វី​ខ្លះ?

    ត្រៀម​ចម្លើយ ដើម្បី​ឆ្លើយសំណួរ​ដូច​ខាង​ក្រោម បើ​ដឹង​ថា​ខ្លួន​ នឹង​ត្រូវ​ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពីប្រទះ​មាន​អាការៈ​ទាំង​នេះអំឡុង​ពេលហាត់​ប្រាណ ដូច​ជា៖

    – ចាប់ផ្តើមមិនស្រួល ឬឈឺចុកចាប់ តាំង​ពី​ពេល​ណា?

    – តើបានធ្វើអ្វីខ្លះពេលអ្នកមិនស្រួលខ្លួន ឬឈឺចាប់?

    – តើអាការៈ​ឈឺចាប់​ ចាប់​ផ្តើម​ឈឺ​ខ្លាំង​ភ្លាម ឬ​ក៏​ចាប់​ផ្តើម​ឈឺ​ម្តង​បន្តិចៗ?

    – មាន​កត់​ចំណាំ​រោគ​សញ្ញា​អ្វី​ផ្សេង​ ដូចជា ចង្អោរ បែក​ញើសខ្លាំង មាន​អារម្មណ៍​ច្របូក​ច្របល់ ឬ​ញ័រ ដែរ​ទេ?

    ចម្លើយសម្រាប់​សំណួរ​ខាង​លើ​នេះ សុទ្ធ​តែ​ជា​ជំនួយ​សម្រាប់​គ្រូពេទ្យ​ជំនាញ ក្នុង​ការ​ជួយសង្គ្រោះ​ជីវិត​បាន។

    ៦- ព័ត៌មាន​យើង​គួរ​ដឹង?

    យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រមាណ​ជាង ៦០០​​​.០០០នាក់ បាន​ស្លាប់​ដោយ​ជំងឺ​បេះដូង​ជា​រៀង​រាល់​ឆ្នាំ។ ការ​ហាត់​ប្រាណ ជា​វិធី​មួយសម្រាប់​ប្រឆាំង​ ក៏​ដូច​ជា​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង ប៉ុន្តែ​អ្វី​ដែល​សំខាន់​ត្រូវ​ធ្វើ គឺ​ប្រយ័ត្ន​ប្រយែង។ ដើម្បី​ជា​ប្រយោជន៍ គ្នា​យើង​គួរ​ប្រើប្រាស់​ឧបករណ៍​វាស់​ចង្វាក់​បេះដូង​ពេល​ហាត់​ប្រាណ រក្សាឲ្យ​នៅ​ចន្លោះ ៦០-៨០ ភាគរយ នៃកម្រិតអតិបរមា​ចង្វាក់បេះដូង។ ត្រូវ​ប្រាកដ​ថា បាន​រាយ​ការណ៍​ពី​សញ្ញា​ព្រមាន​ណា​មួយ​នៃ​បញ្ហា​បេះដូងអំ​ឡុង​ពេល​ហាត់​ប្រាណ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Sep 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម