យើងសង្កេតឃើញថា មានមនុស្សមួយចំនួន កើតអាការៈវៀចមាត់។ ជំងឺវៀចមាត់ ជាការចុះខ្សោយនៃសាច់ដុំផ្ទៃមុខដែលបណ្ដាលមកពីផលប៉ះពាល់នៃប្រព័ន្ធប្រសាទទី៧ ឬហៅថា Facial nerve ។ ជំងឺវៀចមាត់មាន ២ ប្រភេទ គឺជំងឺវៀចមាត់ប្រព័ន្ធប្រសាទក្រៅ និងជំងឺវៀចមាត់ប្រព័ន្ធប្រសាទកណ្ដាល។ នេះបើតាមការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត។
មូលហេតុអ្វីបណ្ដាលឲ្យកើតមានជំងឺវៀចមាត់?
១.វៀចមាត់ប្រព័ន្ធប្រសាទក្រៅ
– ការប៉ះទង្គិចបណ្ដាលឲ្យបាក់ឆ្អឹងរូសេ (Os Rocher) ដែលមានទីតាំងស្ថិតនៅផ្នែកចំហៀងនៃក្បាល និងនៅខាងក្នុងនៃត្រចៀក
– អំបៅអំបែកស្រួចស្រាល់ ឬរ៉ាំរ៉ៃ
– ជំងឺដែលប៉ះពាល់ដល់ស្រោមខួរក្បាល។ល។
– ជំងឺដុំសាច់ដែលបណ្ដាលឲ្យប៉ះ ឬសង្កត់ទៅលើប្រព័ន្ធប្រសាទទី៧ ជាពិសេសផ្នែកខាងក្រោយ និងខាងក្រោមនៃខួរក្បាល
– ជំងឺមេតាបូលិក ដូចជាជំងឺទឹកនោមផ្អែម
– វៀចមាត់ប្រព័ន្ធប្រសាទក្រៅអាចគ្មានមូលហេតុ ហើយវាអាចជាទៅវិញ ក្នុងរយៈពេលតិចបំផុត (២ខែ) ប៉ុន្តែវាក៏អាចនៅមានសំណល់ ២០%ដែរ។
២.វៀចមាត់ប្រព័ន្ធប្រសាទកណ្ដាល
- ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ( ដាច់សរសៃឈាម ឬស្ទះសរសៃឈាមខួរក្បាល)
– ជំងឺដុំសាច់ ឬមហារីកខួរក្បាល
– ជំងឺសរសៃឈាមឡើងរឹង ។ល។
ចំណែករោគសញ្ញាក៏បែងចែកទៅតាមប្រភេទរបស់ជំងឺវៀចមាត់នីមួយៗដែរដូចជា៖
វៀចមាត់ប្រព័ន្ធប្រសាទក្រៅ
ផ្ទៃមុខផ្នែកខាងលើ- ស្នាមជ្រួញនៃចិញ្ចើមមិនស្មើគ្នា ពោលគឺខាងលើដែលខូចមានស្នាមជ្រួញថយចុះ ឬរលុបបាត់
ភ្នែក- បិតមិនជិត ឬជិតដែរតែមិនខ្លាំង បូករួមទាំងគ្រាប់ភ្នែកអាចឡើងលើ និងចេញក្រៅ
ផ្ទៃមុខខាងក្រោម- ផ្នែកខាងដែលខូច មានស្នាមជ្រួញនៅជិតច្រមុះថយចុះ ឬរលុបបាត់ហើយមាត់ទាញទៅផ្នែកខាងល្អ។ អាការៈវៀចមាត់ប្រព័ន្ធប្រសាទ ក្រៅអាចមានរួមជាមួយសញ្ញាផ្សេងទៀតដូច អណ្ដាតមិនដឹងរសជាតិ ស្ងួតទឹកភ្នែក ស្ងួតទឹកមាត់ជាដើម។
វៀចមាត់ប្រព័ន្ធប្រសាទកណ្ដាល
– ការប៉ះពាល់តែផ្ទៃមុខផ្នែកខាងក្រោម ពោលគឺមានតែការថយចុះ ឬរលុបបាត់ស្នាមជ្រួញនៅជិតច្រមុះ ហើយមាត់ទាញទៅផ្នែកខាងល្អ។
– រួមទាំងអាចមានការថយខ្សោយនៃអវយវៈមួយចំហៀងខ្លួនទៀត។
សម្រាប់ការព្យាបាលរបស់ជំងឺវៀចមាត់នេះវិញ ធ្វើឡើងអាស្រ័យទៅតាមមូលហេតុនីមួយៗរបស់ជំងឺ ហើយបើយើងសង្ស័យថា មានរោគសញ្ញាដូចដែលបានរៀបរាប់ ត្រូវប្រញាប់ពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យឲ្យបានលឿន។
[embed-health-tool-bmi]