backup og meta

មានដឹងអត់ ជំងឺវៀចមាត់មាន ២ ប្រភេទ ហើយបណ្ដាលមកពីជំងឺកាចៗប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 22, 2020

    មានដឹងអត់ ជំងឺវៀចមាត់មាន ២ ប្រភេទ ហើយបណ្ដាលមកពីជំងឺកាចៗប៉ុន្មាននេះ

    យើង​សង្កេតឃើញ​ថា មាន​មនុស្ស​មួយ​ចំនួន កើត​អាការៈ​វៀច​មាត់។ ជំងឺ​វៀច​មាត់ ជា​ការ​ចុះ​ខ្សោយ​នៃ​សាច់​ដុំ​ផ្ទៃ​មុខ​ដែល​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​នៃ​ប្រព័ន្ធ​ប្រសាទ​ទី៧ ឬ​ហៅ​ថា Facial nerve ។ ជំងឺ​វៀច​មាត់​មាន ២ ប្រភេទ គឺ​ជំងឺ​វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅ និង​ជំងឺ​វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​កណ្ដាល។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត

    មូល​ហេតុ​អ្វី​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​វៀច​មាត់?

    ១.វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅ

    – ការ​ប៉ះ​ទង្គិច​បណ្ដាល​ឲ្យបាក់​ឆ្អឹង​រូសេ (Os Rocher)  ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ផ្នែក​ចំហៀង​នៃ​ក្បាល និង​នៅ​ខាង​ក្នុង​នៃ​ត្រចៀក

    – អំបៅ​អំបែក​ស្រួច​ស្រាល់ ឬ​រ៉ាំ​រ៉ៃ

    – ជំងឺ​ដែល​ប៉ះពាល់​ដល់​ស្រោម​ខួរ​ក្បាល។ល។

    – ជំងឺ​ដុំ​សាច់​ដែល​បណ្ដាល​ឲ្យ​ប៉ះ ឬ​សង្កត់​ទៅ​លើ​ប្រព័ន្ធ​ប្រសាទ​ទី៧ ជា​ពិសេស​ផ្នែក​ខាង​ក្រោយ និង​ខាង​ក្រោម​នៃ​ខួរ​ក្បាល

    – ជំងឺ​មេតាបូលិក ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម

    – វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅ​អាច​គ្មាន​មូលហេតុ ហើយ​វា​អាច​ជា​ទៅ​វិញ ក្នុង​រយៈ​ពេល​តិច​បំផុត (២ខែ) ប៉ុន្តែ​វា​ក៏​អាច​នៅ​មាន​សំណល់ ២០%​ដែរ។

    ២.វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​កណ្ដាល

    -​ ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ( ដាច់​សរសៃ​ឈាម ឬ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល)

    – ជំងឺ​ដុំ​សាច់ ឬ​មហារីក​ខួរក្បាល

    – ជំងឺ​សរសៃ​ឈាម​ឡើង​រឹង ។ល។

    ចំណែក​រោគ​សញ្ញា​ក៏​បែង​ចែក​ទៅ​តាម​ប្រភេទ​របស់​ជំងឺ​វៀច​មាត់​នីមួយៗ​ដែរ​ដូច​ជា៖

    វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅ

    ផ្ទៃ​មុខ​ផ្នែក​ខាង​លើ- ស្នាម​ជ្រួញ​នៃ​ចិញ្ចើម​មិន​ស្មើ​គ្នា ពោល​គឺ​ខាង​លើ​ដែល​ខូច​មាន​ស្នាម​ជ្រួញ​ថយ​ចុះ ឬ​រលុប​បាត់

    ភ្នែក- បិត​មិន​ជិត ឬ​ជិត​ដែរ​តែ​មិន​ខ្លាំង បូក​រួម​ទាំង​គ្រាប់​ភ្នែក​អាច​ឡើង​លើ និង​ចេញ​ក្រៅ

    ផ្ទៃ​មុខ​ខាង​ក្រោម- ផ្នែក​ខាង​ដែល​ខូច មាន​ស្នាម​ជ្រួញ​នៅ​ជិត​ច្រមុះ​ថយ​ចុះ ឬ​រលុប​បាត់​ហើយ​មាត់​ទាញ​ទៅ​ផ្នែក​ខាង​ល្អ។ អាការៈ​វៀច​មាត់​ប្រព័ន្ធ​ប្រសាទ ក្រៅ​អាច​មាន​រួម​ជា​មួយ​សញ្ញា​ផ្សេង​ទៀត​ដូច អណ្ដាត​មិន​ដឹង​រសជាតិ ស្ងួត​ទឹក​ភ្នែក ស្ងួត​ទឹក​មាត់​ជាដើម។

    វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​កណ្ដាល

    – ការ​ប៉ះពាល់​តែ​ផ្ទៃ​មុខ​ផ្នែក​ខាង​ក្រោម ពោល​គឺ​មាន​តែ​ការ​ថយ​ចុះ ឬ​រលុប​បាត់​ស្នាម​ជ្រួញ​នៅ​ជិត​ច្រមុះ ហើយ​មាត់​ទាញ​ទៅ​ផ្នែក​ខាង​ល្អ។

    – រួម​ទាំង​អាច​មាន​ការ​ថយ​ខ្សោយ​នៃ​អវយវៈ​មួយ​ចំហៀង​ខ្លួន​ទៀត។

    សម្រាប់​ការ​ព្យាបាល​របស់​ជំងឺ​វៀច​មាត់​នេះ​វិញ ធ្វើ​ឡើង​អាស្រ័យ​ទៅ​តាម​មូលហេតុ​នីមួយៗ​របស់​ជំងឺ ហើយ​បើ​យើង​សង្ស័យ​ថា មាន​រោគ​សញ្ញា​ដូច​ដែល​បាន​រៀប​រាប់ ត្រូវ​ប្រញាប់​ពិគ្រោះ និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម