backup og meta

បើ​មាន​ស្នាម​មុត​ ឬ​ដំបៅ ​យើង​គួរ​ប្រើ​បង់​បិទរបួស​ ឬ​ចំហ​ចោល​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 27, 2021

    បើ​មាន​ស្នាម​មុត​ ឬ​ដំបៅ ​យើង​គួរ​ប្រើ​បង់​បិទរបួស​ ឬ​ចំហ​ចោល​?

    យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​ ការ​ប្រើ​បង់​បិទរបួស​ មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​យើង​មាន​របួស​តូច​តាច​ ពី​ព្រោះ​​​វា​មិន​ត្រឹម​តែ​អាច​​ឃាត់​ឈាម​​​បាន​នោះ​ទេ​ វា​ថែម​ទាំង​អាច​ជួយ​ឲ្យ​មុខ​របួស​ស្អាត​ និង​មាន​អនាម័យ​ផង​ដែរ​។​ ប៉ុន្តែ​ គ្នា​យើង​ភាគ​ច្រើន​ជឿ​ថា​ ការ​ទុក​មុខ​របួស​ឲ្យ​នៅ​ចំហ​ និង​ត្រូវ​ខ្យល់​ គឺ​អាច​ជួយ​ឲ្យ​វា​ឆាប់​ជា​សះ​ស្បើយ​ជាង។​ ដូច្នេះ​ តើ​ជំនឿ​មួ​យ​ណា​ដែល​ត្រឹមត្រូវ​?

    ពិត​ណាស់​ មាន​ចំណុច​ជា​ច្រើន​ ដើម្បី​ឲ្យ​យើង​ធ្វើការ​ពិចារណា​ ថា​តើ​យើង​គួរ​​ប្រើ​បង់​បិទ​របួស​ ឬ​​ចំហ​ឲ្យ​ត្រូវ​ខ្យល់​។​

    ១. ហេតុ​អ្វី​យើង​ត្រូវ​ចំហ​មុខ​របួស​ឲ្យ​ត្រូវ​ខ្យល់​?

    ​​​​​យើង​តែង​តែ​ជឿ​ថា​ ការ​ទុក​មុខ​របួស​ចំហ​ នឹង​ធ្វើ​ឲ្យ​​​វា​អាច​ដក​ដង្ហើម​បាន​ និង​ឆាប់​ជា​សះ​ស្បើយ​។​ ប៉ុន្តែ ​ការ​​ទុក​ឲ្យ​មុខ​របួសឲ្យ​​មាន​សំណើម​ គឺ​មាន​អត្ថប្រយោជន៍​ច្រើន​ជាង។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​​​មាន​ស្នាម​មុត​តិចតួច​​​ដែល​មិន​កកិត​ជាមួយ​នឹង​សំលៀកបំពាក់​ ឬ​មិន​កខ្វក់​ទ​​នោះ​ យើង​មិន​ចាំបាច់​ប្រើបង់​បិទ​របួស​ក៏​បាន​។​ ​ម្យ៉ាង​វិញ​ទៀត​ នៅ​ពេល​ដែល​មុខ​របួស​ជិត​ជា​សះ​ស្បើយ និង​​ឡើង​ក្រមរ​ ​យើង​ក៏​អាច​ចំហ​វា​ចោល​​​​​បាន​ដែរ​​។​

    ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ការ​ទុក​ឲ្យ​មុខ​របួស​ចំហ​ ក៏​មាន​គុណ​វិបត្តិ​ដូច​គ្នា។​ នៅ​ពេល​ដែល​យើង​ចំហ​មុខ​របួស​ វា​អាច​ប៉ះពាល់​ទៅ​នឹង​ធូលី​ និង​បាក់តេរី​ផ្សេងៗ​។​ សូម្បី​តែ​​ស្នាម​មុត​ ឬ​រលាត់​ស្បែក​តិច​តួច​ ក៏​អាច​​ឆ្លង​មេរោគ​ និង​ភាព​កខ្វក់​​​។​ ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​មុខ​របួស​ចំហ​ វា​អាច​មាន​ហានិភ័យ​នៃ​ការ​​ប៉ះ​ទង្គិច​​ កកិត​ ឬ​​រលាត់​ថែម។ កត្តា​ទាំង​​នេះ​អាច​រាំង​ស្ទះ​ដល់​ដំណើរការ​ជា​សះ​ស្បើយ​ និង​ធ្វើ​ឲ្យ​របួស​ចាប់ផ្ដើម​ចេញ​ឈាម​ ឬ​ធ្វើ​ឲ្យ​ក្រមរ​​ជ្រុះ​ចេញ​មុន​ពេល​​កំណត់​។​

    ​​​​​​២. ហេតុ​អី​យើង​គួរ​បិទ​​របួស​ឲ្យ​ជិត​?

    ពិត​ណាស់​ ការ​ប្រើ​បង់​បិទ​របួស​​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​ ពី​ព្រោះ​មុខ​របួស​អាច​ជា​សះ​ស្បើយ​ប្រសើរ​ជាង​​នៅ​​​ពេល​ត្រូវ​សំណើម​ ​ហើយ​ការ​បិទ​របួស​ដោយ​ប្រើ​បង់បិទ​របួស​ អាច​ជួយ​ឲ្យ​បរិវេណ​នោះ​មាន​សំណើម​តិច​តួច​។ បន្ថែម​ពី​នេះ​ ការ​ប្រើប្រាស់​ក្រែម​ ឬ​ថ្នាំ​សម្លាប់​មេរោគ​ក៏​អាច​ជួយ​ការពារ​មុខ​របួស​ពី​ការ​ស្ងួត​​ខ្លាំង។

    ប្រសិនបើ​យើង​ប្រើ​បង់​បិទ​របួស​ យើង​គប្បី​ផ្លាស់ប្ដូរ​វា​ឲ្យ​បាន​ញឹកញាប់​ និង​ពិនិត្យមើល​មុខ​របួស​​​ថា​តើ​វា​នៅ​ស្អាត​ល្អ​ និង​កំពុង​តែ​ជា​សះ​ស្បើយ​ឬ​យ៉ាង​ណា​។​ លើស​ពី​នេះ​ យើង​ក៏​អាច​លាប​ថ្នាំ​​សម្លាប់​​មេរោគ​ ឬ​​ថ្នាំ​របួស​ ​ដើម្បី​ឲ្យ​មុខ​របួស​មាន​សំណើម​ និង​ការពារ​ពី​មេរោគ​ផ្សេងៗ​។

    បង់រុំរបួស២

    ​៣. យើង​គួរ​ប្រើ​បង់​បិទរបួស​បែប​ណា​?

    ការ​បិទ​របួស​ឲ្យ​ជិត​​ អាច​ការពារ​ពី​ការ​ឆ្លង​មេរោគ​ ធ្វើ​ឲ្យ​បរិវេណ​នោះ​មាន​សំណើម​​​ ក៏​ដូចជា​​ឆាប់​ជា​សះ​ស្បើយ​ និង​ការពារ​របួស​ពី​ការ​ប៉ះ​ទង្គិច​ ឬ​ដាច់​រលាត់​ផ្សេង​ៗ​។​ ​ខ្យល់​ក៏​អាច​ជួយ​ឲ្យ​របួស​ឆាប់​ជា​សះ​ស្បើយ​ផង​ដែរ​ ដូច្នេះ​ហើយ​​ យើង​គួរ​ជ្រើសរើស​បង់​បិទ​របួស​ណា​ដែល​អាច​​ឲ្យ​ខ្យល់​ចេញ​ចូល​បាន​ ទើប​ជា​ការ​ប្រសើរ​។

    ​​​​នៅ​ពេល​ដែល​យើង​មាន​របួស​តិច​តួច​ ចូរ​លាង​សម្អាត​ជាមួយ​នឹង​ទឹក​ស្អាត​ ឬ​ក្រដាស​ជូត​សម្លាប់​មេរោគ​ ដើម្បី​​កម្ចាត់​ចោល​កម្ទេចកំទី​ ឬ​បាក់តេរី​ផ្សេង​ ក៏​ដូចជា​សម្អាត​ឈាម​ចេញ​។​ បន្ថែម​ពី​នេះ​ យើង​ក៏​អាច​ប្រើ​ក្រែម​ ឬ​ស្រ្ពៃយ៍​សម្លាប់​​មេរោគ​ ដើម្បី​ការ​ពារ​ពី​ការ​ឆ្លង​មេរោគ​ និង​​ធ្វើ​ឲ្យ​មុខ​របួស​មាន​សំណើម​។​ ចុងក្រោយ​ ចូរ​បិទ​បង់​បិទ​​របួស​ដើម្បី​រក្សា​អនាម័យ​នៅ​ត្រង់​បរិវេណ​នោះ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម