គ្នាយើងច្បាស់ជាឮញ៉យដងហើយពាក្យថាតេនញ៉ា ព្រោះពាក្យនេះពលរដ្ឋយើង ទាំងក្មេង និងចាស់តែងយកមកនិយាយ។ ប៉ុន្តែយើងដឹងថា តេនញ៉ាគឺជាពពួកសត្វល្អិត ដែលឆ្លងតាមអាហារយើងញ៉ាំចូលទៅក្នុងពោះ ដែលធ្វើឲ្យយើងឈឺនោះ ហើយវាមិនមែនមានតែមួយប្រភេទទេ។
បើតាមការឲ្យដឹងរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា តេនញ៉ាដែលបង្កជំងឺដល់មនុស្សយើងសំខាន់ៗមានពីប្រភេទ គឺតេនញ៉ាជ្រូក និងតេនញ៉ាគោ។ តេនញ៉ាជ្រូកនៅអាស៊ីយើងមាន២ប្រភេទគឺ៖ Taenia solium (នៅក្នុងសាច់ជ្រូក) និង Taenia asiatica (នៅក្នុងថ្លើមជ្រូក)។ នៅក្នុងចំណោមតេនញ៉ាជ្រូកទាំងប្រភេទនេះ មានតែ Taenia solium ទេ ដែលបង្កឲ្យមានភាពធ្ងន់ធ្ងរចំពោះសុខភាពមនុស្សយើងគឺ ជំងឺ Cysticercosis ជាជំងឺពងព្រូនដែលមានវត្តមាននៅក្នុងខួរក្បាល។
ពពួកតេនញ៉ាទាំងនេះ នៅពេលពេញវ័យ វានឹងក្លាយជាដង្កូវពណ៌សថ្លា សំប៉ែតបត់ជាផ្នត់ៗ រស់នៅឯកកាតែម្នាក់ឯងក្នុងពោះវៀនតូចរបស់មនុស្សយើង។ ពួកសត្វល្អិតតេនញ៉ាគ្មានប្រដាប់រំលាយអាហារទេ វារស់នៅដោយសារការបឺតជញ្ជក់ចំណីអាហារពីគេ។ បើគ្មានការព្យាបាលទេ តេនញ៉ាជ្រូកអាចរស់នៅបាន២៥ឆ្នាំ ចំណែកតេនញ៉ាគោបាន២០ឆ្នាំ។
ធ្វើម៉េចអាចដឹងថា យើងមានតេនញ៉ាក្នុងពោះវៀន?
– ឃ្លាន ឬហេវមិនចេះឈប់ ឬមិនឃ្លានអ្វីសោះ
– ស្រកទម្ងន់ អស់កម្លាំង
– ចង្អោរ ក្អួត ឈឺក្នុងពោះ
– ពិបាកបន្ទោរបង់ ពេលខ្លះរាក ពេលខ្លះទល់លាមក
– រមាស់ស្បែក ចេញកន្ទាលត្រអាក
បើអ្នកជំងឺមានតេនញ៉ានៅក្នុងខួរក្បាល នោះអាចចេញសញ្ញាដូចជា ប្រកាច់ ឈឺក្បាលខ្លាំង ចង្អោរ ក្អួត មានការប៉ះពាល់ផ្លូវចិត្ត ជួនកាលចេញរោគសញ្ញានៃការរលាកស្រោមខួរក្បាល ឬទឹកដក់ក្នុងខួរក្បាលជាដើម។
បើយើងញ៉ាំសាច់គោ ឬជ្រូកដែលមានកូនដង្កូវតេនញ៉ានៅក្នុងនោះ វាបណ្ដាលឲ្យមានតេនញ៉ាពោះវៀន។ បើយើងញ៉ាំចំណីអាហារ ឬផឹកទឹកដែលពងតេនញ៉ាជ្រូក វានឹងបង្កឲ្យកើតជំងឺ Cysticercosis ប៉ុន្តែពងតេនញ៉ាគោមិនបណ្ដាលឲ្យកើតជំងឺពងព្រូននៅក្នុងខួរក្បាលនេះទេ។
មនុស្សយើងអាចឆ្លងតេនញ៉ាទាំងគោ និងជ្រូកតាមរយៈ ការញ៉ាំសាច់គោ ឬសាច់ជ្រូកឆៅ ចម្អិនមិនឆ្អិនល្អ ឬអាហារដែលមានពងតេនញ៉ា និងការខ្វះអនាម័យក្នុងការញ៉ាំចំណីអាហារ។ល។ ដូចនេះហើយ ដើម្បីចៀសផុតពីពពួកតេនញ៉ានេះ យើងគួរ៖
– លាងសម្អាតដៃមុនពេលញ៉ាំអាហារ
– មិនត្រូវបរិភោគសាច់គោ ឬសាច់ជ្រូកមិនឆ្អិន ឬបន្លែឆៅគ្មានអនាម័យ
– ផឹកទឹកដាំពុះ
– ធ្វើអនាម័យក្នុងការរស់នៅឲ្យបានស្អាតបាត។ល។
[embed-health-tool-bmi]