គ្នាយើងពិតជាបានឮញឹកញាប់ណាស់ថាបន្លែ និងផ្លែឈើ ល្អចំពោះសុខភាព និងថែមទាំងមានការណែនាំឲ្យយើងញ៉ាំឲ្យបានច្រើនទៀតផង។ ចុះគ្នាយើងដឹងទេថាគួរញ៉ាំបន្លែ និងផ្លែឈើប៉ុន្មានក្នុងមួយថ្ងៃដើម្បីឲ្យរាងកាយមានសុខភាពល្អ?
អង្គការសុខភាពពិភពលោកបានឲ្យដឹងថាបន្លែ និងផ្លែឈើជាអាហារសំខាន់សម្រាប់សុខភាព និងថាការញ៉ាំបន្លែ និងផ្លែឈើបានគ្រប់គ្រាន់ នឹងជួយការពារមនុស្សយើងពីជំងឺធ្ងន់ធ្ងរមួយចំនួនផងដែរ។ អង្គការសុខភាពពិភពលោកលើកឡើងថាមនុស្សប្រហែលជា១,៧លាននាក់នៅទូទាំងពិភពលោកបានស្លាប់រាល់ឆ្នាំទាក់ទងនឹងបញ្ហាបង្កឡើងដោយមិនបានញ៉ាំបន្លែ និងផ្លែឈើបានគ្រប់គ្រាន់។
ជាងនេះទៅទៀត ការមិនបានញ៉ាំបន្លែ និងផ្លែឈើ គ្រាប់គ្រាន់អាចបង្កឲ្យមានឱកាសកើតជំងឺ មហារីកក្រពះពោះវៀនដល់ទៅ១៤ភាគរយ និងស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង ប្រហែល១១ភាគរយ និងស្លាប់ដោយគ្រោះថ្នាក់សរសៃឈាមខួរក្បាលប្រហែល៩ភាគរយនៅទូទាំងពិភពលោក។
អង្គការសុខភាពពិភពលោក និងអង្គការស្បៀងអាហារពិភពលោកបានណែនាំមនុស្សយើងញ៉ាំបន្លែ និងឈើឲ្យបានយ៉ាងតិច៤០០ក្រាមក្នុងមួយថ្ងៃ ដោយបូកបញ្ចូលពពួកបន្លែមើមផងដែរ។ ការញ៉ាំបន្លែ និងផ្លែឈើគ្រប់គ្រាន់ អង្គការសុខភាពពិភពលោកថាអាចជួយបង្ការជំងឺរ៉ាំរ៉ៃមួយចំនួនដូចជាជំងឺបេះដូង មហារីក ទឹកនោមផ្អែម និងបញ្ហាធាត់ជ្រុល ក៏ដូចជាជួយបង្ការការខ្វះសារធាតុចិញ្ចឹម។
ការសិក្សាផ្សេងទៀតបានរកឃើញថាការញ៉ាំបន្លែ និងផ្លែឈើបានចន្លោះពី២០០ក្រាមទៅ៨០០ក្រាមក្នុងមួយថ្ងៃ កាត់បន្ថយហានិភ័យជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងស្លាប់មុនអាយុ បាន១០,៨ភាគរយ។
ចំណែកCDC អាមេរិកវិញបានណែនាំថាសម្រាប់មនុស្សពេញវ័យគួរញ៉ាំផ្លែឈើឲ្យបានប្រហែល២០០ទៅ២៥០ក្រាមក្នុងមួយថ្ងៃ និងបន្លែចន្លោះពីជាង២៥០ក្រាមទៅជិត៤០០ក្រាមក្នុងមួយថ្ងៃ។
[embed-health-tool-bmi]