កាហ្វេផ្ទុកជាតិកាហ្វេអ៊ីន ដែលអាចជះឥទ្ធិពលមិនល្អដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ។ យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ស្ត្រីពពោះដែលផឹកកាហ្វេកន្លះកែវក្នុងមួយថ្ងៃ អាចបណ្ដាលឲ្យទារកមានទំហំតូចជាងទារកដែលម៉ាក់ៗមិនញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីន។ ជាទូទៅ ទំហំខ្លួនតូចពីកំណើតអាចនាំឲ្យអាអូនមានហានិភ័យខ្ពស់នៃការធាត់ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមនៅថ្ងៃអនាគតបាន។
ម៉ាក់ៗញ៉ាំកាហ្វេសម្រាលកូនមានទម្ងន់ស្រាលជាង ទាបជាង និងតូចជាងធម្មតា
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាការថយចុះនៃទំហំ និងម៉ាសរាងកាយដែលគ្មានខ្លាញ់ លើទារក គឺដោយសារតែម៉ាក់ៗផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនក្រោម២០០មីល្លីក្រាមក្នុងមួយថ្ងៃ ប្រហែល២ពែង។ ការសន្និដ្ឋាននេះផ្អែកទៅលើការវិភាគទិន្នន័យលើស្ត្រីពពោះប្រមាណ ២០០០នាក់ ទៅលើជាតិកាហ្វេអ៊ីន និងParaxanthine ជាសមាសធាតុដែលត្រូវបានផលិតនៅពេលជាតិកាហ្វេអ៊ីនបានបំបែកនៅក្នុងរាងកាយរបស់យើង។ បើប្រៀបធៀបទៅនឹងទារកដែលម៉ាក់ៗមានកម្រិតជាតិកាហ្វេអ៊ីនទាប ឬគ្មានសោះ កូនដែលម៉ាក់ៗមានកម្រិតជាតិកាហ្វេខ្ពស់ មានទម្ងន់ស្រាលជាង ទាបជាង និងមានរង្វង់ក្បាលតូចជាង។
ហានិភ័យនៃជំងឺបេះដូង ទឹកនោមផ្អែម
ពិតណាស់ ជាតិកាហ្វេអ៊ីនធ្វើឲ្យសរសៃឈាមនៅក្នុងស្បូន និងសុករួមតូច ដែលកត្តានេះអាចកាត់បន្ថយការផ្គត់ផ្គង់ឈាមទៅកាន់ទារក និងរារាំងការលូតលាស់។ ជាតិកាហ្វេអ៊ីនក៏អាចរំខានដល់អ័រម៉ូនស្ត្រេសរបស់ទារកក្នុងផ្ទៃ ដែលធ្វើឲ្យពួកគេប្រឈមនឹងហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង ទឹកនោមផ្អែម និងឡើងទម្ងន់យ៉ាងឆាប់រហ័សបន្ទាប់ពីសម្រាលរួច និងនៅថ្ងៃអនាគត។
ការរលូតកូន
ជាមួយគ្នានេះដែរ ការសិក្សាថ្មីៗនេះបានបង្ហាញថា ការញ៉ាំកាហ្វេ តែ និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនអំឡុងពេលមានគភ៌ជារៀងរាល់ថ្ងៃ អាចបង្កើនហានិភ័យនៃការរលូតកូន។ ចំពោះស្ត្រីពពោះដែលផឹកជាតិកាហ្វេអ៊ីនចំនួន២០០មិល្លីក្រាម ឬច្រើនជាងនេះ (២ពែង ឬលើសពីនេះ) មានហានិភ័យនៃការរលូតកូនខ្ពស់ជាងម៉ាក់ៗដែលមិនញ៉ាំជាតិកាហ្វេអ៊ីនដល់ទៅ២ដង។ ចំណែកឯម៉ាក់ៗដែលញ៉ាំជាតិកាហ្វេអ៊ីនក្រោម២០០មិល្លិក្រាមជារៀងរាល់ថ្ងៃ មានហានិភ័យនៃការរលូតកូនចំនួន៤០%។
បញ្ហាអាកប្បកិរិយា
ការញ៉ាំជាតិកាហ្វេអ៊ីននៅអំឡុងពេលមានគភ៌ អាចផ្លាស់ប្ដូរផ្លូវខួរក្បាល សំខាន់ៗ ដែលអាចនាំឲ្យមានបញ្ហាអាកប្បកិរិយានៅថ្ងៃក្រោយ។ ក្រុមអ្នកស្រាវជ្រាវបានវិភាគដោយការស្កេនខួរក្បាលក្មេងដែលមានអាយុ៩ឆ្នាំ និង១០ឆ្នាំចំនួនរាប់ពាន់នាក់ និងបានរកឃើញថារចនាសម្ព័ន្ធខួរក្បាលរបស់ក្មេងត្រូវបានប៉ះពាល់នឹងជាតិកាហ្វេអ៊ីននៅក្នុងស្បូន។
ជំងឺមហារីកឈាមស
ជាក់ស្ដែង ក្មេងៗដែលកើតជំងឺមហារីកឈាមស គឺបណ្ដាលមកពីការប្រែប្រួល DNA នៅអំឡុងពេលពពោះ។ ទោះបីជាមិនទាន់មានមូលហេតុជាក់លាក់ណាមួយដែលនាំឲ្យក្មេងកើតជំងឺមហារីកឈាមពីកំណើតក៏ដោយ ប៉ុន្តែការប៉ះពាល់នឹងវិទ្យុសកម្ម និង/ឬប្រតិកម្មនឹងការឆ្លងមេរោគទូទៅ ក៏ជាកត្តាមួយដែលនាំឲ្យក្មេងកើតជំងឺនេះផងដែរ។ បន្ថែមពីនេះ ការញ៉ាំជាតិកាហ្វេអ៊ីននៅអំឡុងពេលមានគភ៌ ក៏អាចបណ្ដាលឲ្យកើតមានជំងឺមហារីកនេះទៅលើក្មេងដូចគ្នា។
[embed-health-tool-due-date]