ជាតិដែក ជាសារធាតុរ៉ែ ភាគច្រើនស្ថិតនៅក្នុងអេម៉ូក្លូប៊ីននៃគ្រាប់ឈាមក្រហម និងមីយ៉ូក្លូប៊ីននៃកោសិកាសាច់ដុំ។ ជាតិដែកមាននាទីចាំបាច់ដឹកអុកស៊ីសែន កាបូនឌីអុកស៊ីត និងសកម្មភាពសំខាន់ៗផ្សេងទៀតក្នុងរាងកាយ ចំពោះស្ត្រីពពោះវិញ ត្រូវការជាតិដែកទ្វេដង។
១. កម្រិតជាតិដែកស្ត្រីពពោះត្រូវការ
ពេលពពោះ ស្ត្រីងាយប្រឈមនឹងការខ្វះជាតិដែក បែបនេះទើបក្រសួងសុខាភិបាលតម្រូវឲ្យលេបថ្នាំជាតិដែកឲ្យអំឡុងពេលពពោះ និងក្រោយពេលសម្រាលកូន។ ចំណែកឯបរិមាណជាតិដែកវិញ បើតាមអង្គការសុខភាពពិភពលោក (WHO) ស្ត្រីពពោះត្រូវការពី ៣០-៦០ មិល្លីក្រាម/ថ្ងៃ ដើម្បីផលិតអេម៉ូក្លូប៊ីន ដែលវាមានតួនាទីដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមកោសិកានានាពេញរាងកាយ ពិសេសខួរក្បាល។
២. អត្ថប្រយោជន៍ជាតិដែកចំពោះស្ត្រីពពោះ
បើតាមអង្គការសុខភាពពិភពលោកដដែលបញ្ជាក់ថា ការញ៉ាំជាតិដែកគ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះ អាចជួយកាត់បន្ថយហានិភ័យទាំងម្តាយទាំងកូន។
– ជួយបង្កើនគ្រាប់ឈាមក្រហម
– កាត់បន្ថយភាពស្លេកស្លាំង
– ឲ្យទារកក្នុងផ្ទៃលូតលាស់បានល្អ
– បង្ការកូនកើតមុនខែ
– បង្ការកូនមិនគ្រប់គីឡូ
– កាត់បន្ថយហានិភ័យពេលសម្រាលកូន។
៣. ធ្វើម៉េចកុំឲ្យខ្វះជាតិដែក? ជាតិដែកមានក្នុងអ្វីខ្លះ?
ក្រៅពីថ្នាំជាតិដែកជាតិដែលផ្តល់ដោយក្រសួងសុខាភិបាល ស្រីៗពពោះក៏អាចបង្កើនបរិមាណជាតិដែកតាមរយៈអាហារបំប៉ន ដូចជាម្សៅទឹកដោះសម្រាប់ស្ត្រីមានផ្ទៃពោះដែលអាចញ៉ាំ ១កែវ/ថ្ងៃ (អាចផ្តល់បរិមាណជាតិដែកប្រមាណ ១០% យ៉ាងតិច នៃតម្រូវការជាតិដែកប្រចាំថ្ងៃ) ឬរបបអាហារដែលមាននៅក្នុងសាច់ក្រហម ថ្លើមសត្វ បន្លែបៃតង និងគ្រាប់ធញ្ញជាតិ មានសណ្តែកគ្រប់មុខ គ្រាប់ស្វាយចន្ទី គ្រាប់អាល់មុន គ្រាប់ល្ពៅ ជាដើម។
[embed-health-tool-due-date]