ស្វាមីពិតជាសំខាន់ខ្លាំងណាស់ នៅពេលប្រពន្ធជិតគ្រប់ខែសម្រាលកូន ដូចនេះហើយការនៅក្បែរគ្រប់ពេល គួរតែកុំរំលង។ អ្នកគ្រូពេទ្យ សុំ សូរិយា បម្រើការងារនៅមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល នឹងបង្ហាញពីរឿងមួយចំនួនដែលបុរសត្រៀមខ្លួនជាប៉ាៗត្រូវធ្វើ ពេលម៉ាក់ៗជិតដល់ថ្ងៃពិសេស។
១- ចេញពីធ្វើការត្រូវមកផ្ទះ
ចេញទៅធ្វើការ រកស៊ីមិនមែនជារឿងអាក្រក់ឡើយ តែពេលចប់កិច្ចការអស់ទាំងនោះត្រូវប្រញាប់ត្រឡប់មកផ្ទះវិញ ដើម្បីជួយប្រពន្ធ ព្រោះពោះកាន់តែធំមិនងាយស្រួលក្នុងការដើរហើរ ឬលើករបស់របរធ្ងន់ៗឡើយ។ ការដើរចោល ទុកប្រពន្ធនៅផ្ទះតែម្នាក់ឯងអំឡុងពេលនេះ ប្រឈមមុខគ្រោះថ្នាក់ច្រើន ហើយប្រពន្ធក៏មានអារម្មណ៍មិនល្អទៀតផង។
២- កុំទៅណាចោល
សម្រាប់ស្ត្រីពពោះអាចកើតមុន និងក្រោយកំណត់ ១ សប្ដាហ៍ ដូចនេះហើយបើម៉ាក់ៗនៅម្នាក់ឯង ហើយយើងនៅឆ្ងាយ ឈឺពោះ បែកទឹកភ្លោះ អាចកើតមានឧបទ្ទវហេតុអ្វីមួយ ព្រោះគាត់អាចនឹងស្លន់ស្លោ ចាប់នេះចាប់នោះខុស។ ដូចនេះត្រូវនៅជិត ចាំជួយខ្លាចក្រែងមានបញ្ហា ជួយនាំទៅពេទ្យ និងលើកសម្ភារៈចាំបាច់ទៅ។
៣- ជួយរៀបចំសម្ភារៈ
សម្ភារៈចាំបាច់យកទៅមន្ទីរពេទ្យមានច្រើនណាស់តាំងពីសម្លៀកបំពាក់យើងខ្លួនឯង សម្លៀកបំពាក់ម៉ាក់ៗ និងកូនជាដើម។ មិនតែប៉ុណ្ណោះកន្សែង សាប៊ូ ម្សៅ ខោទឹកនោម ស្រោមដៃ មួកនិងរបស់ជាច្រើនទៀត ត្រូវរៀបចំកុំឲ្យពេលទៅស្នាក់នៅមន្ទីរពេទ្យខ្វះមុខខ្វះក្រោយ។ ការរៀបទុកមុនមួយថ្ងៃបន្តិចម្ដងៗ អាចជួយការពារ បើប្រពន្ធឈឺពោះ យើងអាចត្រៀមរួចជាស្រេច មិនចាំបាច់ខ្វល់ត្រូវទិញ ពេលទៅដល់ ណាមួយបានបោកសម្អាតសម្លាប់មេរោគត្រឹមត្រូវមិនប៉ះពាល់ដល់សុខភាពស្បែក ម៉ាក់ និងកូនទៀត។
៤- រៀបចំទុកដាក់ផ្ទះសម្បែង
ប៉ាៗត្រូវដឹងថា មុនទៅមន្ទីរពេទ្យត្រូវរៀបចំ បោសជូត ផ្ទះឲ្យបានរៀបរបជាមុនសិន ទើបពេលមកវិញមិនឈឺក្បាលរឿងរញ៉េរញ៉ៃ។ មួយវិញទៀត ត្រូវរៀបកន្លែងថ្មី សម្រាប់ឲ្យម៉ាក់ៗ និងកូនសម្រាល ព្រោះខ្លាចមានធូលី សត្វល្អិតសំងំចាំខាំ ហើយអាចរកកន្លែងថ្មីដែលទូលាយជាងបន្ទប់មុន ព្រោះសម្ភារៈចាំបាច់ច្រើនត្រូវទុកដាក់ក្បែរខ្លួន។
៥- ប្រាក់កាស
ជារឿងសំខាន់ និងចាំបាច់បំផុត ព្រោះពេលសម្រាលកូនមិនអាចគ្មានបានឡើយ ព្រោះទាំងញ៉ាំ និងបង់ថ្លៃសេវាកន្លែងសម្រាល គឺសុទ្ធតែចំណាយទាំងអស់។ ចំណុចនេះត្រូវរៀបចំឲ្យបានមុនតាំងពីមានកូនដំបូងៗម្ល៉េះ មិនមែនទើបគិត និងត្រៀមពេលសម្រាលឡើយ។
អត្ថបទពាក់ព័ន្ធ៖
- ពេលពពោះ ម៉ាក់ៗចេះតែរមាស់ពោះ មកពីកូនដុះសក់ ឬមកពីអ្វីផ្សេង?
- ក្រោយពេលរួមភេទ មេជីវិតឈ្មោលធ្វើយ៉ាងណា ទើបអាចបង្កកំណើតបាន?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនឡើយ៕
[embed-health-tool-due-date]