backup og meta

សប្តាហ៍ទី ៨៖ គភ៌ចេញរូបរាងដូចមនុស្សហើយ

សប្តាហ៍ទី ៨៖  គភ៌ចេញរូបរាងដូចមនុស្សហើយ

ការលូតលាស់គភ៌

ពីមួយសប្តាហ៍​ទៅ​១សប្តាហ៍​បេប៊ី​ក្នុង​ពោះកាន់​តែ​ធំ​បន្តិច​ម្តង​ហើយ ម៉ាក់​ក៏​រំ​ភើប​ចង់​ឃើញ​មុន​អាអូន​ឆាប់ៗ​ដែរ។ សប្តាហ៍​ទី ៨ នេះ បេប៊ី​មាន​ប្រវែង ២,៧ សង់ទីម៉ែត្រ ហើយ​កំពុង​តែ​ធ្វើ​ចលនា​ និង​លូត​លាស់​ក្នុង​ពោះ​របស់​យើង។ ការ​លូតលាស់​ទាំង​នោះ​មាន​ដូច​ជា ​​ម្រាម​ដៃ​ម្រាម​ជើង​ដែល​ពី​មុន​ម្រាម​ទាំង​នោះ​ជាប់​គ្នា តែ​ពលនេះ​ចាប់​ផ្តើម​ញែក​ផ្សេងៗ​គ្នា​ហើយ។ អំប្រ៊ីយ៉ុង​ក៏​ចាប់​ផ្តើម​លេច​រូបរាង​ដូច​មនុស្ស​បន្តិច​ម្តងៗ បបូរ​មាត់​ខាងលើ ច្រមុះ និង​ត្របក​ភ្នែក​អាអូន​ក៏​លេច​រូប​រាង ឯ​ទឹក​ភ្លោះ​ក៏​កើន​ឡើង​ដល់​ទៅ ៣០ មិល្លីលីត្រ ក្នុង ១ ​សប្តាហ៍

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

ដូច​ដែល​យើង​បាន​រៀប​រាប់​កាល​ពី​សប្តាហ៍​មុន​ថា ​សុដន់​របស់​ម៉ាក់​ចាប់​ផ្តើមឡើង ​ហើយ​អាច​នឹង​ឈឺ​តិច​ ឬ​ខ្លាំង អ៊ីចឹង​ការ​ពាក់​អាវ​ទ្រនាប់​ប្រាកដ​ជា​មិន​ស្រួល​ដូច​មុន​ទេ ដូច្នេះយើង​គួរ​តែ​ពាក់​អាវ​ទ្រនាប់​ណា​ដែល​មាន​ទំហំ​ធំជាង​មុន​ហើយ​អាច​ទ្រ​សុដន់​បាន​ល្អ​។ នេះ​ដោយ​សារ​អ័រម៉ូន​​កំពុង​រៀប​ចំ​ផលិត​ទឹក​ដោះ​សម្រាប់​អាអូន​នោះ​​ឯង តែ​កុំ​ធុញ​ទ្រាន់ ប៉ុន្មាន​សប្តាហ៍​ទៀត​នឹង​លែង​អី​ហើយ។

​ពី​សប្តាហ៍​មុនៗ​ស្រីៗ​យើង​មិន​ទាន់​ហត់​ប៉ុន្មាន​ទេ តែ​ឈាន​ដល់​សប្តាហ៍​នេះ​យើង​ប្រាកដ​ជា​ឆាប់​អស់​កម្លាំង​ជាង​មុន​បន្តិច​។ អ័រម៉ូន​ពេល​មាន​ផ្ទៃ​ពោះ​ឈ្មោះ​ថា Progesterone ធ្វើ​ឲ្យ​យើង​ងងុយ​គេង ហើយ​រាល់​ពេល​អស់​កម្លាំងយើង​គួរ​តែ​សម្រាក​ខ្លះ​ទៅ ព្រោះ​​ការ​គេង​មួយ​ស្របក់​អាច​ផ្តល់​ថាមពល​ដល់​រាង​កាយ​​បាន​ច្រើន។​

អ្វី​ខ្លះ​គួរ​បារម្ភ?

អំឡុង​ពេល​នេះ ការ​ចាញ់​អាអូន​ប្រាកដ​ជា​ធ្វើ​ឲ្យ​ម៉ាក់​ហត់​នឿយ​មិន​ខាន តែ​ទោះ​យ៉ាង​ណា​ស្រីៗ​យើង​មិន​បាច់​ពិបាក​ចិត្ត​ពេក ត្រូវព្យាយាម​ធ្វើ​តាម​ការ​ណែនាំ​ខ្លះៗ​ខាង​ក្រោម​នេះ ដើម្ប​បន្ធូរ​អាការៈ​ហត់​នឿយ​ទាំង​ឡាយ។

-ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​៖ គួរ​ញ៉ាំ​អាហារ​ដែល​សម្បូរ​កាបូអីដ្រាត (បាយ​សម្រូប គ្រាប់​ធញ្ញជាតិ ដំឡូងជ្វា) មាន​ជាតិ​ខ្លាញ់​តិច និង​ងាយ​រំលាយ។ អាហារ​សម្រន់​មួយ​ចំនួន​ក៏​ល្អ​ដែរ​ ដូច​ជា​ស្ករ​គ្រាប់​រសជាតិ​ខ្ញី​។ អ្វី​ដែល​គួរ​ជៀស​វាង ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ និង​ហឹរ។

-ញ៉ាំ​តិចៗ​តែ​ច្រើន​ដង​៖ ម៉ាក់ៗ​ប្រហែល​ជា​ពិបាក​ញ៉ាំ​អាហារ​ឲ្យ​បាន​ ៣​ ពេល​មែន​ទេ? អ៊ីចឹង​​គួរ​តែ​បែរ​មក​ញ៉ាំ​អាហារ​តិច​ជាង​មុន​តែ​ច្រើន​ដង​វិញ ព្រោះ​វា​ជួយ​កុំ​ឲ្យ​ក្អួត។ ការ​ញ៉ាំ​អាហារ​តិច​ៗ​ឲ្យ​បាន​ ៥ ​ដង​ក្នុង​១​ថ្ងៃ​ អាច​ជួយ​ឲ្យ​យើង​រំលាយ​អាហារ និង​ស្រូប​សារជាតិ​ចិញ្ចឹម​បាន​ល្អ។

-ផឹក​ទឹក​ឲ្យ​បាន​ច្រើន​៖ វា​ជា​រឿង​សំខាន់​ដែល​ត្រូវញ៉ាំទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​សម្រួល​ការ​ក្អួត​ចង្អោរ ​ពិសេស​ផឹក​ទឹក​ខ្ញី។

-ជៀសវាង​អាហារ​មាន​ក្លិន៖ សូម​ជៀស​វាង​អាហារ​ទាំង​នោះ ហើយ​ត្រូវ​រក្សា​បន្ទប់​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​ល្អ  ​មិន​មាន​ក្លិន​រំខាន។

-ស្រូប​ខ្យល់​បរិសុទ្ធ​៖ ​គួរ​តែ​បើក​បង្អួច​ពេល​នៅ​ផ្ទះ ឬ​កន្លែង​ធ្វើ​ការ ដើម្បី​ស្រូប​ខ្យល់​អាកាស​ កាត់​បន្ថយ​អាការៈចាញ់​អាអូន។

-លេប​ថ្នាំ​វីតាមីន​​៖ ការ​លេប​ថ្នាំ​ជំនួយ​អាច​ធ្វើ​ឲ្យ​ចង់​ក្អួត​ដែរ​ពេល​ខ្លះ យក​ល្អ​អ្នក​គួរ​លេប​វា​ក្រោយ​អាហារ ឬអាច​បៀម​ស្ករ​ខ្ញី​បន្ទាប់​ពី​លេប​ថ្នាំ​រួច។

ការជួបជាមួយគ្រូពេទ្យ

២- ប្រាប់អីខ្លះទៅគ្រូពេទ្យ?

ការ​ឈឺ​ក្បាល​ពេល​មាន​ផ្ទៃ​ពោះ​ជា​រឿង​ធម្មតា​ដោយសារ​តែ​បរិមាណ​ឈាម​កើន​ឡើង​ដល់​ទៅ ​៤០%​ ទៅ​ ៥០% ​ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​ផ្តល់​ផល​រំខាន និង​ផល​ប៉ះ​ពាល់​ដែរ​បើ​យើង​ឈឺ​ក្បាល​ញឹក​ញាប់​ពេក។ គ្រូពេទ្យ​នឹង​ពិនិត្យ ព្រម​ទាំង​​ណែនាំ​ពី​វិធី​ធ្វើ​ឲ្យ​ក្បាល​ធូរ​ស្រាល​ដោយ​ពុំ​ចាំ​បាច់​ប្រើ​ថ្នាំ។

​ត្រូវ​ធ្វើ​តេស្ត​អីខ្លះ?

ក្នុង​ករណី​សង្ស័យ​មាន​ការ​ឆ្លង​ជំងឺ​កាមរោគ​តាមរយៈ​ការ​រួម​ភេទ គ្រូ​ពេទ្យ​អាច​ណែនាំ​ឲ្យ​យើង​​ពិនិត្យ​កោសិកា​មាត់​ស្បូន។ ស្ត្រី​មាន​ផ្ទៃ​ពោះ​ទាំង​អស់​ត្រូវ​ធ្វើ​តេស្ត​នេះ​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ដោយសារ​ជំងឺ​នេះ​អាច​ព្យាបាល​ជា​សះ​ស្បើយ​ដោយ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?

នៅ​ពេល​និយាយ​ពី​លំហាត់​ប្រាណ ឬ​លេង​កីឡា​ពេល​មាន​កំពុង​មាន​ផ្ទៃពោះ ស្រីៗ​មួយ​ចំនួន​ច្បាស់​ជា​ចម្លែក​ក្នុង​ចិត្ត​មិន​ខាន ព្រោះ​គិត​ថា​នឹង​ប៉ះពាល់​ដល់​បេប៊ី។ តាម​ពិត​ទៅ​ការ​ហាត់​ប្រាណ​តែង​តែ​នាំ​មក​នូវ​សុខភាព​ល្អ តែ​សកម្មភាព​ខ្លះ​ក៏​អាច​ប៉ះ​ពាល់​ដល់​អាអូន​ក្នុង​ផ្ទៃ​ដែរ។ យើង​គួរ​ជៀសវាង​សកម្មភាព​មួយ​ចំនួន​ខាង​ក្រោម​៖

-ជិះ​កង់​៖ ពី​ដំបូង​ឡើយ​វា​ជា​រឿង​ល្អ តែ​បើ​យើង​បន្ត​ជិះ​កង់​ដល់​ខែ​ទី​៦ ពេល​នោះ​វា​អាច​នឹង​គ្រោះ​ថ្នាក់​ដោយសារ​តែ​រាង​កាយ​ម៉ាក់​លែង​មាន​តុល្យ​ភាព​ល្អ​ដូច​ពី​មុន​ទៀត​ហើយ។-កីឡា​ដែល​មាន​ការ​ប៉ះ​ទង្គិច​៖ បាល់​ទាត់ បាល់​ទះ សុទ្ធ​តែ​មាន​ការ​ប្រឈម​ខ្ពស់​នឹង​របួស ដួល​ ឬ​ធ្លាក់​ជាដើម។

-ជិះ​សេះ​៖ ទោះ​យើង​ចេះ​ជិះ​សេះ​ស្ទាត់​ជំនាញ​យ៉ាង​ណា​ក៏​ដោយ​ ក៏​មិន​គួរ​ប្រថុយ​ជីវិត​បេប៊ី​ជាមួយ​ដែរ​ត្រូវ​ទេ? ដូច​នេះ​គួរ​តែ​បញ្ឈប់​ការ​ជិះ​វា​ភ្លាម​ពេល​ដែល​ដឹង​ខ្លួន​ថា​មាន​ផ្ទៃពោះ​។

-សូណា​​៖ ការ​ត្រាំ​ទឹក​ក្តៅ ​ឬ​អង្គុយ​សូណា​បង្ក​គ្រោះ​ថ្នាក់​ចំពោះ​បេប៊ី​បំផុត​​ ដោយសារ​សីតុណ្ហភាព​ក្តៅ​អាច​មាន​​ជំងឺ​​ខូច​ទ្រង់​ទ្រាយ​ពី​កំណើត​បាន។

-រត់​៖ បើ​យើង​ទម្លាប់​រត់​ពីមុន​មក​មិន​សូវ​អី​ទេ តែ​បើ​មិន​ធ្លាប់​ទេ ​សូម​កុំ​ធ្វើ​វា​អី។ ចាប់​ពី​ខែ​ទី​ ៦​ទៅ ម៉ាក់​ប្រឈម​ខ្ពស់​នឹង​ការ​ដួល អ៊ីចឹង​សូម​ប្រយ័ត្ន​! យើងក៏​ត្រូវ​ប្រយ័ត្ន​នឹង​កម្តៅ​ថ្ងៃ​ខ្លាំង​ហើយ​ត្រូវ​ញ៉ាំទឹក​ឲ្យ​បាន​ច្រើន​។

-ជ្រមុជ​ទឹក​៖ សូម​កុំ​ធ្វើ​វា​ឲ្យ​សោះ​! ពេល​ដែល​យើង​ងើប​ពី​ទឹក​មក​វិញ ឧស្ម័ន​ហ្កាស​នឹង​កើន​ឡើង​ក្នុង​ឈាម​ដែល​បង្ក​​គ្រោះ​ថ្នាក់​ណាស់​ចំពោះ​ខ្លួន​យើង និង​ការ​លូតលាស់​របស់​អាអូន។

-វាយ​តេន្នីស៖ ម៉ាក់ៗ​ក៏​ត្រូវ​ប្រយ័ត្ន​ខ្លាំង​ចំពោះ​កីឡា​នេះ​ដែរ វា​មិន​សូវ​ជា​ល្អ​ចំពោះ​សុខភាព​យើង និង​អាអូន​ទេ។

-ល្បែង​រអិល​តាម​ទឹក​៖ សកម្មភាព​នេះ​អាច​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ដោយ​ការ​ប៉ះ​ទង្គិច​ពោះ​ធ្ងន់​ធ្ងរ។

បើ​យើង​ចូល​ចិត្ត​ហាត់​ប្រាណ​កាល​ពី​មុន ពេល​នេះ​គួរ​តែ​កាត់​បន្ថយ​ទើប​ល្អ ពិសេស​បើ​ម៉ាក់ៗកំពុង​ប្រឈម​នឹង​ការ​កើតអាអូនមុន​ថ្ងៃ ឬ​បញ្ហា​លូតលាស់​ពី​កំណើត​ផង​នោះ គួរ​តែ​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​ទទួល​ការ​ណែនាំ​ពី​លំហាត់​ប្រាណ​ណា​ដែល​សម​ស្រប​ម្រាប់​យើង ​និង​កូន។

ជួប​គ្នា​នៅ​សប្តាហ៍​ក្រោយ សប្តាហ៍​ទី ៩​ ដើម្បី​ដឹង​ថា​​នឹង​លូត​លាស់​អ្វី​ទៀត​!

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed May 27, 2016.

Pregnancy calendar – Week 8 visit http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week8.html#cat20733. Accessed May 27, 2016.

Your pregnancy: 8 weeks http://www.babycenter.com/6_your-pregnancy-8-weeks_1097.bc. Accessed May 27, 2016.

8 weeks pregnant. http://www.whattoexpect.com/pregnancy/week-by-week/week-8.aspx. Accessed May 27, 2016.

Pap smears during pregnancy. http://www.whattoexpect.com/pregnancy/pregnancy-health/prenatal-testing/pap-smear.aspx. Accessed May 27, 2016.

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម