ការលូតលាស់គភ៌
សប្តាហ៍ទី ៩ហើយ! បេប៊ីលូតលាស់លឿនណាស់ហើយឥលូវគេមានទំហំប៉ុនផ្លែទំពាំងបាយជូ និងមានប្រវែងប្រហែល ២,៥សង់ទីម៉ែត្រ។ បេះដូងអាអូនលូតលាស់ជិតរួចរាល់ហើយ ដោយចែកជា ៤ថត។ ប្រឺសក៏ចាប់ផ្តើមចេញជារូបរាងឡើងដែលបង្កើតជាចង្វាក់បេះដូងទោះបីជាយើងស្តាប់ផ្ទាល់មិនឮក៏ដោយ។ ពេទ្យនឹងប្រើឧបករណ៍មួយឈ្មោះ Doppler ដើម្បីស្តាប់ និងតាមដានចង្វាក់បេះដូងអាអូន។ ម៉ាក់ប៉ាប្រាកដជារំភើបពេលបានឮសូរចង្វាក់បេះដូងកូនដំបូង វាបញ្ជាក់ថាអាអូនកំពុងតែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
បម្រែបម្រួលរាងកាយ
១- រាងកាយប្រែប្រួលអីខ្លះ?
ធ្លាប់ឮមិត្តភក្ត្រសរសើរយើងទេថា តាំងពីមានបេប៊ីមកដូចកាន់តែស្អាតជាងមុន។ ពេលខ្លះមិនមែនបញ្ជោរទេ តែវាអាចជាការពិតដោយសារតែការបំប៉នការលូតលាស់របស់អាអូន រាងកាយយើងបង្កើតកោសិកាថ្មីៗ និងបង្កើនចលនាឈាម។ ចលនានេះរត់ទៅស្បែកដែលធ្វើឲ្យសម្រស់យើងភ្លឺថ្លាជាងមុន។ តែជួនកាលក៏អាចបណ្តាលឲ្យមានសញ្ញាដូចជា វិលមុខ ស្រាលខ្លួន បើកញើសក្តៅជាដើម។ វាជារឿងធម្មតាទេ ព្រោះស្រីៗយើងដែលមិនទាន់មានផ្ទៃពោះមានបរិមាណឈាមរត់កាត់អាកទែរស្បូនចំនួន ១០០ មិល្លីលីត្រ តែនៅខែដំបូងៗនៃការមានបេប៊ីកើនដល់ ១២០ មិល្លីលីត្រ/នាទី ហើយក៏បន្តកើនដល់ ៣៥០ មិល្លីលីត្រ/នាទី ពេលជិតសម្រាល។ ពេលដែលមានអារម្មណ៍វិលមុខ និងស្រាលខ្លួន សម្រាកបន្តិចទៅ លែងអីហើយ។
គួរបារម្ភអីខ្លះ?
ស្រីៗខ្លះចាំទាល់តែដល់ខែទី ៤ ទើបប្រាប់គេថាខ្លួនមានផ្ទៃពោះ ហើយពេលនេះការប្រឈមនឹងគ្រោះថ្នាក់ដូចជារលូតកូនក៏មានតិចតួចដែរ។ ទោះជាបែបនេះក្តី ក៏យើងគួរសួរសំណួរទៅខ្លួនឯងមួយចំនួន ដើម្បីឲ្យប្រាកដថាយើងមានសុវត្ថិភាព៖
តើយើងជួបការលំបាកអ្វីខ្លាំងទេ?៖ បើជួប ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានលឿន និងត្រូវប្រុងប្រយ័ត្នចំពោះការងារប្រចាំថ្ងៃ។ យើងអាចប្រាប់អ្នកធ្វើការជាមួយគ្នាអំពីរឿងនេះដើម្បីជួយសម្រួលការងារបាន។
តើយើងចាញ់ឬអត់?៖ បើមានក្អួត ឬចង្អោរញឹកញាប់ យើងគួរតែប្រញាប់ប្រាប់ទៅមេនៅកន្លែងធ្វើការដើម្បីបានច្បាប់អនុញ្ញាតមុន នេះចំពោះករណីម៉ាក់ៗជាអ្នកធ្វើការ។
តើការងារយើងប្រើកម្លាំងខ្លាំង និងគ្រោះថ្នាក់ទេ?៖ ដើម្បីសុវត្ថិភាពខ្លួនយើងព្រមទាំងបេប៊ី គួរតែសម្រាកឲ្យបានច្រើន។ អ៊ីចឹងយើងអាចប្រាប់មិត្តរួមការងារថា យើងកំពុងមានផ្ទៃពោះ ពួកគេក៏អាចជួយសម្រាលការងារធ្ងន់ៗជំនួសបាន។
ការជួបជាមួយគ្រូពេទ្យ
២- #ប្រាប់អីខ្លះទៅគ្រូពេទ្យ?
បើធ្លាប់មានប្រវត្តិឈឺក្បាលប្រកាំងពីមុនមក ប្រាកដណាស់យើងអាចនឹងជួបបញ្ហានេះពេលមានផ្ទៃពោះ។ ការកើនឡើងកម្រិតអ័រម៉ូនមួយចំនួនអាចបណ្តាលឲ្យមានបញ្ហានេះ។ សូមប្រាប់ទៅគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ។ ម្យ៉ាងទៀតយើងគួរតាមដានមើលថាមូលហេតុនៃការឈឺក្បាលនេះមកពីអ្វី វាអាចមកពីស្ត្រេស ការញ៉ាំសូកូឡា ឬកាហ្វេជាដើម។
ត្រូវធ្វើតេស្តអីខ្លះ?
ការឆ្លងមេរោគបាក់តេរីនៅទ្វារមាសជាជំងឺដែលស្រីៗក្នុងអាយុបង្កកំណើតតែងជួបប្រទះ។ ស្ត្រីមានផ្ទៃពោះម្នាក់ក្នុងចំណោម ៥ នាក់កើតជំងឺនេះ។ យកល្អយើងគួរកត់សម្គាល់សញ្ញាដូច ធ្លាក់ស ពណ៌ស ឬប្រផេះ និងមានក្លិនឆ្អាបក្រោយរួមភេទជាដើម។ សញ្ញាផ្សេងទៀតរួមមាន ឈឺ ឬរមាស់នៅទ្វារមាស និងប្រហោងទ្វារមាស។
ប្រសិនជាយើងមានរោគសញ្ញាទាំងនេះ ត្រូវប្រញាប់ទៅជួបជាមួយពេទ្យព្រោះជំងឺនេះអាចប្រឈមខ្ពស់នឹងការរលូតកូន និងបែកទឹកភ្លោះមុនខែ។
សុខភាព និងសុវត្ថិភាព
៣- ត្រូវដឹងពីអីខ្លះ?
មានសំណួរថ្មីៗទៀតហើយដែលស្រីៗយើងតែងមានមន្ទិលក្នុងអំឡុងមានបេប៊ី តើទាំងនេះមានផលប៉ះពាល់ដល់ខ្លួន និងអាអូនឬអត់?
ការបាញ់ថ្នាំសម្លាប់សត្វល្អិត៖ ក្នុងថ្នាំសម្លាប់សត្វល្អិតសុទ្ធតែជាសារធាតុគីមីដែលអាចបង្កគ្រោះថ្នាក់ដល់យើង និងបេប៊ី បើអាចជៀសឲ្យឆ្ងាយពីវា។
តែរុក្ខជាតិ៖ជាទូទៅគ្មានភស្តុតាងណាមួយបញ្ជាក់ថាការផឹកតែធ្វើឲ្យមានគ្រោះថ្នាក់ទេ ប៉ុន្តែយើងក៏ត្រូវប្រយ័ត្នចំពោះតែដែលមានធាតុផ្សំជះឥទ្ធិពលលើរាងកាយដូចជា ភ្ញោចស្បូនឲ្យកន្ត្រាក់ ឬសម្រួលដល់ការមករដូវជាដើម។ តែទាំងនោះរួមមានតែខ្មៅ (Black cohosh) តែបៃតងជាដើម។
ចាំជួបគ្នានៅសប្តាហ៍ទី១០ ទៀតណា ស្រីៗគ្នាយើង!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]