សុកពាំងមាត់ស្បូនគឺជាតាំងនៅ ឬការទុំរបស់សុកខុសប្រក្រតី អាចនៅគ្របដោយផ្នែក ឬគ្របលើមាត់ស្បូនទាំងស្រុង។ សុកមានតួនាទីផ្តល់អុកស៊ីសែន និងសារធាតុចិញ្ចឹមដល់កូន ពិសេសចម្រាញ់យកជាតិពុលក្នុងឈាម។ នេះបើតាមការបកស្រាយរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត។
ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រីបានឲ្យដឹងថា រោគសញ្ញានៃសុកពាំងមាត់ស្បូន រួមមានការហូរឈាមតាមទ្វារមាសដែលអាចចាប់ផ្ដើមនៅពាក់កណ្ដាលត្រីមាសទី២ នៃការមានផ្ទៃពោះ។ ចំណែកការហូរឈាមនេះ ឈាមមានពណ៌ក្រហមស្រស់ និងជាទូទៅមិនមានការឈឺពោះទេ។ ប៉ុន្តែ សុកពាំងមាត់ស្បូនអាចផ្ដល់ផលពិបាកដល់ម្ដាយ និងកូនដូចជា៖
ផលវិបាកចំពោះម៉ាក់ៗ
- ធ្លាក់ឈាមមុនសម្រាល
- កូនបង្ហាញទម្រង់មិនត្រឹមត្រូវ
- សុកកូនមិនធម្មតា
- ធ្លាក់ឈាមក្រោយសម្រាល
- បង្ករោគក្រោយសម្រាល
ផលវិបាកចំពោះទារក
- លូតលាស់ក្នុងផ្ទៃយឺត
- ខ្វះអុកស៊ីសែន កូនខ្សោយ
- កូនមិនគ្រប់ខែ
- កូនស្លាប់
វេជ្ជបណ្ឌិត ច័ន្ទ រស្មី បានណែនាំឲ្យដឹងពីការគ្រប់គ្រងបញ្ហាសុកពាំងមាត់ស្បូនថា ចំពោះម៉ាក់ដែលមានគភ៌លើសពី ៣៦ សប្តាហ៍ ឬមានបរិមាណឈាមធ្លាក់ច្រើន គួរតែសម្រាលដោយវះកាត់ជាបន្ទាន់។ ម៉ាក់ៗមានផ្ទៃពោះមានអាយុតិចជាង ៣៦ សប្ដាហ៍ ថ្នាំស្តេរ៉ូអុីត ត្រូវប្រើជំនួយដល់សួតរបស់ទារកទុំ ដើម្បីបំពេញមុខងារដង្ហើមរបស់ទារក យ៉ាងហោចណាស់ ១២ ម៉ោងមុនសម្រាល។
[embed-health-tool-pregnancy-weight-gain]