ការវិវត្តគភ៌
ពេលវេលារំភើប ភ័យអរបានមកដល់ ព្រោះសប្តាហ៍នេះអាចឆ្លុះអេកូឃើញភេទរបស់បេប៊ីថា ជាស្រី ឬក៏ប្រុស។ អាអូនមានទំហំប្រហែលផ្លែប៉ោម ទម្ងន់ប្រមាណជា ៧៥ ក្រាម និងកម្ពស់ប្រហែល ១០ សង់ទីម៉ែត្រ ហើយគេចាប់ផ្តើមរៀនដកដង្ហើម លេប និងជញ្ជក់បន្តិចម្តងៗដើម្បីត្រៀមចេញមកមើលពិភពលោកខាងក្រៅ ហើយចេះធាក់ជើង កម្រើកចុះឡើងដែរ មិនយូរទេយើងនឹងដឹងការរើរបស់អាអូន។
បម្រែបម្រួលរាងកាយ
១- រាងកាយប្រែប្រួលអីខ្លះ?
ដោយសារបម្រែបម្រួលអ័រម៉ូនកំឡុងពេលពពោះ ធ្វើឲ្យយើងអាចមានអាការៈស្រៀវអញ្ចាញធ្មេញ ឬឈានទៅរលាកអញ្ចាញធ្មេញ។ រោគសញ្ញារបស់ជំងឺនេះមានដូចជា ឡើងក្រហម ហើម និងចេញឈាមពេលដុសធ្មេញ ឬក៏ឈាមពេលសម្អាតធ្មេញដោយប្រើខ្សែ។ ដូច្នេះយើងគួរធ្វើអនាម័យធ្មេញឲ្យបានដិតដល់ជាងមុន ហើយព្យាយាមដុសសម្អាតក្រោយពេលញាំបាយរួចឲ្យបាន ៣ដង រៀងរាល់ថ្ងៃ។ ទោះបីជាជំងឺនេះមិនមែនជាបញ្ហាធំដុំក៏ពិតមែន តែយើងមិនត្រូវព្រងើយកន្តើយឡើយ ព្រោះវាអាចបង្កឲ្យមានមេរោគឆ្លងចូលតាមឆ្អឹង និងជាលិកាជុំវិញធ្មេញ រហូតឈានដល់ការសម្រាលអាអូនមុនពេល ឬមានជំងឺបម្រុងក្រឡាភ្លើង។
យើងគួរដឹងពីបញ្ហាអ្វីខ្លះ?
មកដល់សប្តាហ៍នេះ ផ្លូវអារម្មណ៍យើងក៏នៅតែអាចប្រែប្រួលមិនទៀងដដែល។ អារម្មណ៍ទាំងនោះមានដូចជា៖
– យំដោយគ្មានមូលហេតុ
– ត្រេកអរ រួចប្រែទៅជាភ័យមួយរំពេច
– ពិបាកចិត្តពេលស្លៀកពាក់ខោអាវមិនត្រូវ
– ខឹងខ្លួនឯងពេលផ្តោតធ្វើការងារអ្វីមិនបាន។
ពិតណាស់ ម្នាក់ៗច្បាស់ជាពិបាកគ្រប់គ្រងអារម្មណ៍ទាំងនេះនៅពេលដំបូងៗ ប៉ុន្តែវានឹងធូរស្បើយជាងមុនពេលឈានទៅសប្តាហ៍បន្ទាប់ៗ។ យើងគួរសាកសម្រួលអារម្មណ៍ទាំងនេះដោយនិយាយជាមួយអ្នកណាម្នាក់ សរសេរកំណត់ហេតុអំឡុងពេលមានផ្ទៃពោះ ឬក៏ស្តាប់ចម្រៀងដែលចូលចិត្ត។
ការណាត់ជួបគ្រូពេទ្យ
២- ប្រាប់អីខ្លះទៅពេទ្យ?
ដោយសារតែប្រព័ន្ធភាពស៊ាំយើងចុះខ្សោយកំឡុងពេលពពោះ បញ្ហាអាឡែហ្ស៊ីក៏អាចកាន់តែធ្ងន់ធ្ងរ។ ក្នុងករណីដែលបញ្ហាទាំងនេះធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ យើងទៅសួរយោបល់ពេទ្យមុននឹងសម្រេចចិត្តប្រើប្រាស់ថ្នាំផ្សេងៗ ដើម្បីសុវត្ថិភាពរបស់គភ៌ក្នុងផ្ទៃ។
តេស្តអីខ្លះចាំបាច់?
ក្នុងត្រីមាសទី ២ នេះ គ្រូពេទ្យតម្រូវឲ្យយើងមកតាមការណាត់យ៉ាងតិចណាស់ក៏ឲ្យបាន ១ខែម្តងដែរ។ រាល់ការណាត់ជួប ពេទ្យនឹងពិនិត្យដូចរាល់ដងដែលមានការវាស់សម្ពាធឈាម និងពិនិត្យទឹកនោម។ ការពិនិត្យទាំងនេះពិតជាមានសារសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យនៃជំងឺបម្រុងក្រឡាភ្លើង។ ជំងឺនេះមានរោគសញ្ញា ដូចជា សម្ពាធឈាមឡើងខ្ពស់ ទឹកនោមប្រៃ តម្រងនោម ថ្លើមមានបញ្ហា ឈឺក្បាលមិនបាត់ និងស្រវាំងភ្នែក។
សុខភាព និង សុវត្ថិភាព
៣- ត្រូវដឹងពីអីខ្លះ?
ប្រសិនបើអ្នកមានបញ្ហាមាត់ធ្មេញអំឡុងពេលពពោះ មានតែទន្តពេទ្យទេដែលអាចលាងសម្អាត និងព្យាបាលធ្មេញដោយត្រឹមត្រូវ។ យ៉ាងណាមិញ បើពេទ្យតម្រូវឲ្យថតមាត់ធ្មេញដោយប្រើកាំរស្មី X យើងគួរតែពាក់អាវការពារឲ្យបានជិតល្អ ជាពិសេសចាប់ពីចុះទៅពោះដើម្បីកាត់បន្ថយការសាយភាយវិទ្យុសកម្ម។
មួយវិញទៀត គួរប្រាប់ពីប្រតិកម្មថ្នាំដែលយើងធ្លាប់មានពីមុន ដើម្បីពេទ្យធ្មេញងាយស្រួលក្នុងជ្រើសរើសប្រភេទថ្នាំដាក់ឲ្យយើង។ ក្នុងករណីខ្លះ ពេទ្យប្រហែលជាតម្រូវឲ្យប្រើថ្នាំអង់ទីប៊ីយ៉ូទិក ឬក៏ថ្នាំបំបាត់ការឈឺចាប់ តែកុំព្រួយ ពេទ្យនឹងឲ្យប្រើក្រុមថ្នាំដែលផ្តល់សុវត្ថិភាពខ្ពស់ដល់យើងនិងគភ៌ប៉ុណ្ណោះ។
ចង់ដឹងថាសប្តាហ៍ទី ១៦ គភ៌មានអ្វីខុសប្លែកមែនទេ? ជួបគ្នានៅអត្ថបទបន្ទាប់ណ៎ា!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]