ការលូតលាស់គភ៌
ពរពោះឈានដល់សប្តាហ៍ទី ១៦ហើយ គភ៌មានទំហំប៉ុនផ្លែប៊ឺរ ទម្ងន់ប្រហែល ១០០ក្រាម និងប្រវែង ១២ សង់ទីម៉ែត្រ។ ឆ្អឹងខ្នង និងសាច់ដុំខ្នងលូតលាស់ល្អអាចឲ្យបេប៊ីក្នុងផ្ទៃងើបក្បាលត្រង់បាន។ មានន័យថា អាអូនអាចនឹងបញ្ចេញទឹកមុខខ្លះៗហើយដូចជាព្រិចភ្នែក ជ្រួញចិញ្ចើម និងញញឹមជាដើម។
បើសិនជាយើងអាចមើលទម្លុះស្បូនបាន នោះយើងនឹងឃើញថាស្បែកអាអូនមានសភាពថ្លាឆ្វង់ ឃើញសរសៃឈាមតូចៗនៅតាមស្រទាប់ស្បែក ដោយសារអាអូនមិនទាន់មានខ្លាញ់នៅតាមស្បែក។ ត្រចៀកកូនយើងមានពេញលេញហើយ ដូចនេះគេអាចឮសំឡេងរបស់ម៉ាក់។
ការនិយាយទៅកាន់បេប៊ី ឬច្រៀងឲ្យស្តាប់ ជាវិធីដ៏ល្អសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងយើងទៅកូន។ អាអូនអាចមានអារម្មណ៍ល្អ រីករាយ ដែលបានឮសំឡេងទោះគេមិនទាន់យល់អ្វីដែលនិយាយក៏ដោយ។
បម្រែបម្រួលរាងកាយ
១- រាងកាយយើងប្រែប្រួលអីខ្លះ?
ក្នុងសប្តាហ៍ទី ១៦ នេះ យើងអាចនឹងមានអារម្មណ៍ថាពោះអ្នកចេះតែកូរ ពិសេសស្រីៗយើងដែលពរពោះលើកដំបូងអាចច្រឡំគ្នាថាជាការកូរពោះ ឬដើរខ្យល់ តែការពិតនោះវាជាការធាក់របស់កូនទៅវិញទេ។ ពោះកាន់តែធំជាងមុនអាចធ្វើឲ្យយើងពិបាកស្លៀកពាក់ ដូច្នេះគួររើសយកខោអាវដែលរលុងៗ ពាក់ទៅស្រួលខ្លួន និងមិនរមាស់។
យើងគួរបារម្ភពីអី?
ចាប់អាម្មណ៍ទេ ដង្ហើមយើងអាចនឹងញាប់ជាងមុន តែកុំភ័យអី! ជារឿងធម្មតាទេ ការដកដង្ហើមញាប់ជាងមុនកើតមានលើស្រ្តីមានផ្ទៃពោះជាច្រើន វាច្រើនកើតមាននៅក្នុងត្រីមាសទី ២ នៃគភ៌។ មូលហេតុបណ្តាលមកពីពពួកអ័រម៉ូនពេលមានផ្ទៃពោះនេះឯង។ ពួកអ័រម៉ូនទាំងនេះទៅភ្ញោចខួរក្បាលឲ្យយើងដកដង្ហើមយកអុកស៊ីសែនឲ្យច្រើនជាងមុនដើម្បីឲ្យកូន។ មូលហេតុមួយទៀតដោយសារអាអូនអាចនឹងលូតលាស់ធំជាងមុន ហើយរុញសង្កត់លើសាច់ដុំសន្ទះទ្រូងដែលខណ្ឌចែកប្រអប់ទ្រូង និងពោះ។ ត្រូវចាំថា ពេលគភ៌កាន់តែធំ ការដកដង្ហើមកាន់តែពិបាកជាងមុន។
ការជួបជាមួយគ្រូពេទ្យ
២- គួរប្រាប់អីខ្លះទៅពេទ្យ?
មានសង្កេតទេថា យើងញ៉ាំរបស់ផ្អែមច្រើន ហើយភ័យខ្លាចកើនជាតិស្ករក្នុងទឹកនោមច្រើនជាងធម្មតា។ យើងគួរប្រាប់បញ្ហានេះឲ្យពេទ្យដឹង ពិសេសបើសិនជាយើងមានប្រវត្តិគ្រួសារកើតជំងឺទឹកនោមផ្អែម។
ខ្លួនប្រាណយើងត្រូវការជាតិស្ករដើម្បីបម្លែងទៅជាថាមពល ហើយអ័រម៉ូនអាំងស៊ុយលីនជាអ្នកសម្រប តម្រូវនិងទាញយកចូលទៅក្នុងកោសិកាដើម្បីប្រើប្រាស់។ អំឡុងពេលមានផ្ទៃពោះ មានអ័រម៉ូនប្រឆាំងនឹងអាំងស៊ុយលីនដើម្បីទាញយកជាតិស្ករទៅឲ្យទារកក្នុងពោះដែរ។ ដូចនេះពេលខ្លះយើងឃើញមានជាតិស្ករនៅក្នុងទឹកនោម។ តែកុំបារម្ភអី វាមានបណ្តោះអាសន្នប៉ុណ្ណោះ ការធ្វើតេស្តលើកក្រោយអាចនឹងធម្មតាវិញហើយ។
ត្រូវដឹងពីតេស្តអីខ្លះ?
ក្នុងអំឡុងពេលនេះ មានការធ្វើតេស្តជាប្រចាំមួយចំនួនត្រូវតាមដានដើម្បីឲ្យប្រាកដថាយើងមានទម្ងន់សមសម្រប និងមានសុខភាពល្អ៖
– ថ្លឺងទម្ងន់
– វាស់កម្ពស់ស្បូន
– វាស់សម្ពាធឈាម
– វាស់ចង្វាក់បេះដូងទារក
– វាស់ទំហំស្បូនពីខាងក្រៅ
– តេស្តរកមើលហើមដៃជើង
– តេស្តទឹកនោម (តេស្តជាតិស្ករ និងប្រូតេអ៊ីន)។
សុខភាព និងសុវត្ថិភាព
៣- ត្រូវដឹងអីខ្លះ?
ទាំងនេះជាកង្វល់ពីសុខភាព និងសុវត្ថិភាពរបស់យើង និងកូន៖
ការហែលទឹក៖ វិធីដ៏ល្អដើម្បីឲ្យរាងកាយនៅសកម្ម និងធ្វើចលនាសាច់ដុំអាងត្រគាក វាមានសុវត្ថិភាពល្អណាស់ មិនប៉ះពាល់ដល់អាអូនទេលើកលែងតែគ្រូពេទ្យហាមឃាត់។ យើងអាចចាប់ផ្តើមដោយការហែលយ៊ឺតៗ ហើយបង្កើនកម្រិតពេលខ្លួនយើងអាចទៅរួច។ យ៉ាងណាក៏ដោយ យើងគួរប្រុងប្រយ័ត្នពេលទៅហែលក្នុងអាងហែលទឹករួម ដែលមានមនុស្សច្រើនពីកន្លែងផ្សេងៗគ្នា ព្រោះប្រព័ន្ធការពារយើងខ្សោយជាងមុនធ្វើឲ្យងាយឆ្លងរោគ។
ជំងឺអុតស្វាយ៖ គ្រោះថ្នាក់បំផុត! មិនត្រូវនៅក្បែរអ្នកមានជំងឺនេះទេ ប្រព័ន្ធការពារយើងមិនខ្លាំងដូចកាលពីមុននោះទេ មិនអាចប្រឆាំងនឹងមេរោគជំងឺអុតស្វាយបានឡើយ។ ជំងឺអុតស្វាយបង្កឡើងដោយវីរុសដែលអាចប៉ះពាល់ដល់ការលូតលាស់របស់បេប៊ី ដូចជាបញ្ហាពីកំណើតមួយចំនួន មានដូចជា ក្បាលតូចជាងធម្មតា ដៃជើងមិនគ្រប់។ គួរលាងសម្អាតដៃឲ្យបានញឹកញាប់ និងទៀងទាត់។
យើងនឹងជួបគ្នាបន្ថែមពីការវិវត្តគភ៌ក្នុងសប្តាហ៍ទី ១៧ ទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]