
បេប៊ីលូតលាស់លឿនណាស់ ហើយដល់ពេលនេះគេមានទំហំប៉ុនផ្លែប៉ិកួរៈ ទម្ងន់ប្រមាណ ១៥០ក្រាម និងមានប្រវែង ១២ សង់ទីម៉ែត្រ។ ខ្លាញ់ចាប់ផ្តើមមាន ហើយវានឹងបន្តរហូតដល់ប្រមាណ ២/៣ នៃទម្ងន់ខ្លួនអាអូនពេលកើត។ វាមានសារសំខាន់ក្នុងការរក្សាកម្តៅខ្លួនកូន។
ចំណែកបេះដូងបេប៊ីលោតក្នុងល្បឿនពី ១៤០ ទៅ ១៥០ ដង/១នាទី ដោយទៀងទាត់ លឿនជាងបេះដូងយើងប្រហែល ២ ដង។ នេះមានន័យថាកូនយើងខ្លាំងក្លាហើយត្រូវការថាមពល និងសារធាតុចិញ្ចឹមច្រើនជាងមុន។

១- រាងកាយយើងប្រែប្រួលអីខ្លះ?
ដើមទ្រូងនឹងធំជាងមុន មានអារម្មណ៍ថាមិនសូវស្រួលនោះទេ ព្រោះអ័រម៉ូនយើងនឹងធ្វើឲ្យឈាមរត់ទៅទ្រូងកាន់តែច្រើន ដើម្បីត្រៀមផលិតទឹកដោះ។ វាអាចធ្វើឲ្យសរសៃវ៉ែនឡើងមកកាន់តែច្បាស់ និងទំហំដោះធំជាងមុន។ យើងគួរទិញអាវក្នុងដែលមានទំហំធំត្រូវនឹងដើមទ្រូង។
បេប៊ីកាន់តែធំ ម៉ាក់ៗក៏ញ៉ាំច្រើនជាងមុន ឯការចាញ់អាអូនអាចបាត់ទៅវិញហើយ។ បែបនេះម៉ាក់ច្បាស់ជាសប្បាយចិត្ត ព្រោះអាចញ៉ាំបានតាមការចង់ តែមិនត្រូវច្រើនហួសហេតុពេកទេ ហើយត្រូវជៀសវាងអាហារដែលមានខ្លាញ់ និងស្ករច្រើន។
យើងបារម្ភពីអីខ្លះ?
យើងអាចនឹងខ្វាយខ្វល់ពីការឡើងកម្តៅ ឬបែកញើសញឹកញាប់ តែវាមិនមែនជាបញ្ហាទេ គ្រាន់តែស្លៀកពាក់ស្តើង និងរលុង ងូតទឹកទៅរាងកាយត្រជាក់វិញហើយ។ ការឡើងកម្តៅ និងក្រហមស្បែកដោយសារចំណុះ និងល្បឿនឈាមយើងច្រើនជាងមុន។ ពេលដែលខ្លួនយើងក្តៅ កូនក្នុងពោះក៏អាចទទួលកម្តៅនេះដែរ ។ ការបែកញើសច្រើនអាចធ្វើឲ្យបាត់បង់ជាតិទឹក ដូចនេះគួរញ៉ាំទឹកឲ្យបានច្រើន។
៣- ប្រាប់អីខ្លះទៅពេទ្យ?
ពេលខ្លះយើងមានអារម្មណ៍ថាវិលមុខភ្លាម តែកុំបារម្ភអីមិនមែនជារឿងគ្រោះថ្នាក់នោះទេ ជាញឹកញាប់អាការៈនេះកើតមានចំពោះស្រី្តមានផ្ទៃពោះ។ ពេលវិលមុខ យើងគួរគេងផ្អៀងទៅឆ្វេង ហើយលើកជើងឲ្យខ្ពស់ជាងក្បាល ឬអង្គុយចុះហើយដាក់ក្បាលនៅប្រឡោះជង្គង់។ គួរដកដង្ហើមវែងៗ ហើយបន្ធូរ ឬដោះខោអាវដែលតឹងចេញ។ ប្រាប់គ្រូពេទ្យពីរឿងនេះពេលទៅជួបលើកក្រោយ។
ត្រូវធ្វើតេស្តអីខ្លះ?
លើកមុនបើយើងមិនទាន់បានទៅជួបពេទ្យទេ យើងគួរទៅនៅសប្តាហ៍នេះ។ គ្រូពេទ្យនឹងធ្វើតេស្តមួយចំនួនដូចជា៖
– វាស់កម្ពស់ និងសម្ពាធឈាម
– ពិនិត្យចង្វាក់បេះដូងកូន
– វាស់ទំហំ និងកម្ពស់ស្បូនដោយស្ទាបពីក្រៅ
– ពិនិត្យហើមដៃជើង ឬសរសៃវ៉ែនឡើងធំ
– ពិនិត្យជាតិស្ករ និងប្រូតេអ៊ីនក្នុងទឹកនោម។
៣- ត្រូវដឹងពីអីខ្លះ?
ទាំងនេះជាចំណុចដែលយើងគួរដឹងពីសុខភាព និងសុវត្ថិភាព៖
ការថតកាំរស្មីអ៊ិច (X-ray)៖ ការថតពេលពពោះជាធម្មតា មានសុវត្ថិភាព តែវាក៏អាស្រ័យទៅនឹងបរិមាណ ប្រភេទនៃកាំរស្មីដែលយើងប្រឈមដែរ។ វាអាចធ្វើឲ្យបេប៊ីមានរូបរាងខុសប្រក្រតី ឬមហារីកគ្រាប់ឈាមដល់អាអូន។
ហាត់ប្រាណ៖ ស្រីៗមួយចំនួនអាចនឹងខ្វល់ខ្វាយពីការមិនបានហាត់ប្រាណគ្រប់គ្រាន់។ ជាទូទៅការហាត់ប្រាណពេទ្យមិនហាមឃាត់នោះទេ តែពេលខ្លះក៏មិនឲ្យធ្វើដែរ។ ការហាមឃាត់នេះគឺដើម្បីសុវត្ថិភាពម្តាយ និងកូន។ មូលហេតុរួមមាន ប្រឈមនឹងការរលូត ធ្លាក់ឈាមតាមទ្វារមាស សុកពាំងមាត់ស្បូន ឬបម្រុងក្រឡាភ្លើង។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីសុខភាព និងសុវត្ថិភាពយើង និងកូន។
យើងនឹងជួបគ្នាម្តងទៀតនៅសប្តាហ៍ទី១៨!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size . Accessed June 8, 2016.
Pregnancy calendar week 17. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week17.html. Accessed June 8, 2016.
Your pregnancy: 17 weeks. http://www.babycenter.com/6_your-pregnancy-17-weeks_1107.bc. Accessed June 8, 2016.
17 weeks pregnant. http://www.whattoexpect.com/pregnancy/week-by-week/week-17.aspx. Accessed June 8, 2016.
កំណែប្រែបច្ចុប្បន្ន
25/02/2019
អត្ថបទដោយ Chamnan Amrith
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ