ការលូតលាស់គភ៌
ធ្មេចបើកៗ ១ សប្តាហ៍ទៀតបាត់ ពេលនេះកូនយើងមានទំហំប្រហែលប៉ុនផ្លែចេក ទម្ងន់ប្រមាណ ៣១៥ ក្រាម ប្រវែង ២៥ សង់ទីម៉ែត្រ។ បេប៊ីត្រូវការកន្លែងកាន់ធំ បានន័យថាអាអូននឹងសង្កត់លើសួត ក្រពះ ប្លោកនោម និងតម្រងនោមយើង ធ្វើឲ្យម៉ាក់ៗពិបាកក្នុងខ្លួនជាងមុនបន្តិច។ អាអូនមានស្រទាប់ក្រមួនការពារ ស្បែកនឹងក្រាស់ជាងមុន ហើយសក់ និងក្រចកក៏ចាប់ផ្តើមដុះដែរ។
បម្រែបម្រួលរាងកាយ
១- រាងកាយប្រែប្រួលអីខ្លះ?
មាឌយើងកាន់តែម៉ាប់ៗហើយ ព្រោះទម្ងន់ឡើងជាង ៤ គីឡូក្រាមឯណោះ។ យើងអាចឡើងទម្ងន់ប្រមាណជាកន្លះគីឡូជារៀងរាល់សប្តាហ៍ចាប់ពីពេលនេះទៅ។ ខ្លួនយើងត្រូវទទួលសារជាតិឲ្យបានគ្រប់គ្រាន់ ពិសេសជាតិរ៉ែដើម្បីបង្កើតជាគ្រាប់ឈាមក្រហម បង្កើនចំណុះឈាមឲ្យទៅចិញ្ចឹមកូន និងសុក។
ការជួបគ្រូពេទ្យ
២- ប្រាប់អីខ្លះទៅពេទ្យ?
ការពិនិត្យអេកូក្នុងត្រីមាសទី ២ នេះល្អបំផុត យើងនឹងបានដឹងកាន់តែច្បាស់ពីការលូតលាស់របស់អាអូន តើមានសុខភាពល្អឬយ៉ាងណា។ បើយើងមានចម្ងល់ផ្សេងៗពីការថត ឬពិនិត្យនេះ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
យើងគួរដឹងពីតេស្តអីខ្លះ?
គ្រូពេទ្យនឹងពិនិត្យអេកូដើម្បីបង្កើតជារូបភាពឲ្យឃើញពីទំហំ ទីតាំងរបស់កូន និងរូបរាងដែលមិនប្រក្រតីណាមួយ ដូចជាឆ្អឹង ឬសរីរាង្គផ្សេងទៀតក៏អាចមើលឃើញនៅពេលនេះ។ ចំពោះម៉ាក់ប៉ាដែលចង់ដឹងពីភេទអាអូននោះ អាចមើលឃើញនៅពេលនេះដែរ តែអាស្រ័យនឹងទីតាំង ឬការបត់ខ្លួនរបស់បេប៊ី។ ទងសុក សុក និងទឹកភ្លោះក៏ត្រូវឆែកនៅពេលនេះដែរ។
សុខភាព និងសុវត្ថិភាព
៣- #ត្រូវដឹងពីអីខ្លះ?
ការជ្រើសរើសអាហារ៖ ជាការពិត អាហារធម្មជាតិមិនមានជាតិគីមី ធ្វើឲ្យយើងមានសុខភាពល្អក្នុងរយៈពេលយូរ។ សារធាតុសម្លាប់សត្វល្អិតតែងតែមានតិចតួចក្នុងអាហារធម្មជាតិដែរ ប៉ុន្តែយើងអាចកាត់បន្ថយបានដោយការលាងសម្អាត បកសំបក ឬចម្អិនជាដើម។ យ៉ាងណាមិញ ចំណុចដែលសំខាន់គឺការញ៉ាំបន្លែ និងផ្លែឈើឲ្យបាន ៥ ទៅ ៩ដង។
ការឈរយៈពេលយូរ៖ យើងមិនគួរឈរយូរទេ ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមថយចុះ បណ្តាលឲ្យយើងវិលមុខ ហើយសន្លប់បាន។ ការប្រើប្រាស់ខ្សែក្រវាត់សុវត្ថិភាពសម្រាប់ម្តាយក៏មានប្រយោជន៍ក្នុងការទ្រពោះ និងទម្ងន់របស់យើងនៅចុងខែទី ៣ នៃត្រីមាសទី ២ និងទី ៣។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]