ការជួបជាមួយគ្រូពេទ្យ
២- ប្រាប់អីខ្លះទៅពេទ្យ?
ស្បូនចាប់ផ្តើមកន្ត្រាក់ ត្រៀមឈឺពោះ និងសម្រាល។ ការកន្រ្តាក់ស្បូននៅពេលនេះគេហៅថា (Braxton Hicks) វាមិនសូវឈឺ និងមានអារម្មណ៍ដូចកៀបនៅកំពូលស្បូន និង ផ្នែកខាងក្រោមនៃពោះ។ ការកន្រ្តាក់បែបនេះជាការកន្រ្តាក់បែបឈឺពោះសម្រាលចោល ដែលខុសពីការកន្រ្តាក់ឈឺពោះសម្រាលពិតប្រាកដ។
ទៅជួបគ្រូពេទ្យជាបន្ទាន់ បើសិនជាការកន្រ្តាក់នេះធ្វើឲ្យយើងបារម្ភ ជាពិសេសពេលឈឺខ្លាំង និងកន្ត្រាក់ជាប់លើសពី ៦ដង/ម៉ោង។ អ្វីដែលខុសប្លែកគ្នាខ្លាំងរវាងការកន្រ្តាក់ត្រៀមសម្រាល និង ការកន្រ្តាក់ Braxton Hicks គឺឥទ្ធិពលទៅលើមាត់ស្បូន។ ការកន្រ្តាក់ Braxton Hicks មិនធ្វើឲ្យមានការប្រែប្រួលទៅលើមាត់ស្បូន តែចំពោះការកន្រ្តាក់ស្បូនសម្រាលកូនវិញបានធ្វើឲ្យមាត់ស្បូនចាប់ផ្តើមបើក។
តេស្តអីខ្លះចាំបាច់?
ដល់ពេលត្រូវជួបពេទ្យទៀតហើយ សប្តាហ៍នេះមិនមានអ្វីប្លែកទេ ពេទ្យនឹងធ្វើតេស្តមួយចំនួនមួយដូចជា៖
– ថ្លឹងទម្ងន់ និងវាស់សម្ពាធឈាម
– ពិនិត្យទឹកនោមមើលជាតិស្ករ និងប្រូតេអ៊ីន
– ពិនិត្យចង្វាក់បេះដូងកូន
– វាស់ទំហំរស្បូនពីខាងក្រៅ
– វាស់កម្ពស់ស្បូន
– មើលហើមដៃជើង និងសរសៃវ៉ែនជើងរីកធំ។
សុខភាព និងសុវត្ថិភាព
៣- ត្រូវដឹងពីអីខ្លះ?
ស្រីៗយើងមានជំងឺក្រពះច្បាស់ជាឆ្ងល់មិនខាន តើអាចប្រើថ្នាំបានទេ ប៉ះពាល់ដល់អាអូនអត់? យើងអាចប្រើថ្នាំក្រពះបាន កុំឲ្យតែប្រើលើសកម្រិតដែលពេទ្យបានណែនាំដើម្បីជៀសវាងបញ្ហាធ្ងន់ធ្ងរផ្សេងៗ។ បើយើងលេបថ្នាំប្រឆាំងអាស៊ីដច្រើនពេកវអាចឲ្យទល់លាមក តែមិនប៉ះពាល់ដល់កូនទេ។
នៅពេលយើងមានផ្ទៃពោះ គួរតែផ្អាកការជម្រុះរោមខ្លួន ទោះបីវាមិនប៉ះពាល់ដល់កូនក្តី យើងគួរតែសម្អាតស្បែកជាមួយទឹកត្រជាក់ (ដើម្បីឲ្យរន្ធរោមបើក) មុនពេលលាបថ្នាំជម្រុះរោម កាត់បន្ថយការប្រើផលិតផលផ្សេងៗនៅលើស្បែករឹតតែប្រសើរ។