ការលូតលាស់គភ៌
មានដឹងអត់អាអូននៅសប្តាហ៍ទី ២៥ នេះប្លែកអ្វីខ្លះ? លឿនមែនទែន បេប៊ីមានទម្ងន់ប្រហែល ៦៨០ ក្រាម និងមានប្រវែងប្រមាណ ៣៧,៦ សង់ទីម៉ែត្រ។ ពេលនេះអាអូននឹងក្រោកតែមួយភ្លែតប៉ុណ្ណោះហើយនឹងគេងសឹងតែគ្រប់ពេល។
ការកំរើករបស់អាអូននឹងងាយដឹងនៅពេលយើងនៅស្ងៀមស្ងាត់។ ម៉ាក់ប៉ាពិតជារំភើប ព្រោះបេប៊ីចាប់ផ្តើមវិវត្តកាន់តែល្អ អាចស្តាប់សំឡេងយើងកាន់តែច្បាស់ ដូច្នេះព្យាយាមនិយាយជាមួយអាអូនកាន់តែច្រើន កាន់តែល្អ។
បម្រែបម្រួលរាងកាយ
១- រាងកាយប្រែប្រួលអីខ្លះ?
សប្តាហ៍នេះម៉ាក់ៗកាន់តែពិបាក ដោយសារការរំលាយអាហារមិនបានល្អ អ័រម៉ូនប្រូសេស្តេរ៉ូនមិនត្រឹមធ្វើឲ្យក្រពះទទេនោះទេ ថែមទាំងធ្វើឲ្យសន្ទះបិទបើកក្រពះរលា នាំឲ្យបិទមិនបានល្អធ្វើឲ្យទឹកអាស៊ីដច្រាល់ចេញពីក្រពះទៅបំពង់អាហារ ដែលយើងគ្រប់គ្នាស្គាល់ថាភើរ ធ្វើឲ្យយើងលែងចង់ញ៉ាំអ្វីទៀត។ ឯស្បូនវិញកាន់តែធំ សង្កត់ទៅលើក្រពះកាន់តែខ្លាំងនៅក្នុងអំឡុង ២ ទៅ ៣ ខែចុងក្រោយនេះ។ អ្វីដែលយើងគួរធ្វើនៅពេលនេះ ញ៉ាំតិចៗតែច្រើនដងវិញ និងជៀសវាងអាហារហឹរ និងខ្លាញ់។
ចំណុចអីខ្លះគួរបារម្ភ?
ការអស់កម្លាំងក្នុងត្រីមាសទី១ នឹងបន្តមកដល់ត្រីមាសទី២ ដូច្នេះការផ្តល់អាហារថាមពលកាន់តែច្រើន យើងនឹងមានអារម្មណ៍កាន់តែប្រសើរ។ ប៉ុន្តែនៅក្នុងត្រីមាសចុងក្រោយនៃការពពោះ ស្រីៗយើងចាប់ផ្តើមធ្ងន់ពោះ ចង់តែសម្រាក និងគេងទៅលើសាឡុងតែប៉ុណ្ណោះ។ ដូចរាល់ដងការអស់កម្លាំងគឺជាសញ្ញាដែលត្រូវយកចិត្តទុកដាក់ ដូច្នេះយើងគួរតែធ្វើលំហាត់ប្រាណណាដែលអាចទៅរួចសម្រាប់សុខភាពយើង និងរក្សាកម្រិតជាតិស្ករក្នុងឈាមជាមួយនឹងអាហារសម្រន់ដែលល្អសម្រាប់សុខភាព។
ការជួបជាមួយគ្រូពេទ្យ
២- ប្រាប់អីខ្លះទៅពេទ្យ?
កង្វល់របស់ស្រីៗគ្នាយើង គឺការចេញសង្វារ និងរមាស់ជុំវិញពោះ។ រមាស់ភាគច្រើនដោយសារមានសង្វារនៅលើពោះ ភ្លៅ និងដៃ។ មិនបាច់ព្រួយខ្លាចមានស្នាមមិនស្អាតនោះទេ បើជួបបញ្ហានេះគ្រូពេទ្យនឹងណែនាំឲ្យលាបក្រែមបំបាត់សង្វារ ដូចជាពពួក Calamine។
តេស្តអីខ្លះចាំបាច់?
ការជួបគ្រូពេទ្យជាប្រចាំនឹងក្លាយជាទម្លាប់។ ពេលខ្លះយើងអាចស្នើសុំគ្រូពេទ្យពិនិត្យនូវបញ្ហាមួយចំនួនទោះបីជាការពិនិត្យអាស្រ័យទៅតាមស្ថានភាពជាក់ស្តែង និងទម្លាប់របស់ពេទ្យក៏ដោយ។
– ថ្លឹងទម្ងន់ និងវាស់សម្ពាធឈាម
– ពិនិត្យទឹកនោមមើលជាតិស្ករ និងប្រូតេអ៊ីន
– ពិនិត្យចង្វាក់បេះដូងកូន
– វាស់ទំហំស្បូនពីខាងក្រៅ
– វាស់កម្ពស់ស្បូន
– មើលហើមដៃជើង និងសរសៃវ៉ែនជើងរីកធំ
– មើលជាតិស្ករក្នុងឈាម
– តេស្តឈាមរកមើលជំងឺស្លេកស្លាំង
– ចាក់វ៉ាក់សាំងប្រឆាំងរោគខាន់ស្លាក់។
សុខភាព និងសុវត្ថិភាព
៣- យើងត្រូវដឹងពីអីខ្លះ?
ញ៉ាំបានៗ តែយើងមិនមែនចេះញ៉ាំគ្មានប្រណី ឡើងរាងធាត់ដូចជ្រូកនោះទេ ការឡើងទម្ងន់អំឡុងមានផ្ទៃពោះត្រូវមានកំណត់ និងមានការយល់ព្រមពីគ្រូពេទ្យ។ ជារឿងល្អបើយើងឡើងទម្ងន់មិនខ្លាំងពេក ព្រោះអាចផ្តល់ផលប្រយោជន៏យ៉ាងច្រើនបន្ទាប់ពីយើងសម្រាលអាអូនរួច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]