សប្តាហ៍ទី ២៨ នេះអាអូនមានទំហំប៉ុនផ្លែត្រប់វែង មានទម្ងន់ប្រហែល ១គីឡូក្រាម និងប្រវែង ៣៨ សង់ទីម៉ែត្រ ការណាត់ជួបលើកក្រោយគ្រូពេទ្យនឹងប្រាប់ពីទម្រង់របស់បេប៊ីក្នុងផ្ទៃ ថាតើគួរសម្រាលតាមបែបធម្មជាតិ ឬវះកាត់។ ប៉ុន្តែឥឡូវនេះកុំទាន់អាលភ័យ ព្រោះសល់ពេល ២ខែទៀត អាចឲ្យកូនយើងបង្វិលបាន។ ខួរក្បាលកូនវិវត្តជាងមុន ហើយមានដុះសក់ និងស្រទាប់ខ្លាញ់ក៏ឡើងក្រាស់ជាងមុនដែរ។


១- រាងកាយប្រែប្រួលអីខ្លះ?
គ្រូពេទ្យនឹងធ្វើតេស្តឈាម រកមើលរេស៊ីសនៅគ្រាប់ឈាមក្រហម បើរេស៊ីសយើងអវិជ្ជមានហើយអាអូនអវិជ្ជមានដូចគ្នា អ៊ីចឹងបេប៊ីអាចនឹងមានបញ្ហាសុខភាព ដូចជាឡើងលឿង ស្លេកស្លាំង។ គ្រូពេទ្យអាចការពារបញ្ហាទាំងនេះដោយចាក់វ៉ាក់សាំង Rh Immune Globulin នៅសប្តាហ៍ទី ២៨ និងក្រោយពេលសម្រាល។
ចំណុចអីខ្លះគួរបារម្ភ?
ស្រីៗយើងពោះកាន់តែធំ ជៀសមិនរួចពីការហើមជើងនោះទេ ជាង ៧៥% ហើមជើងក្នុងសប្តាហ៍ទី ២៦ ដោយសារកើនឡើងនូវកម្រិតជាតិទឹកក្នុងខ្លួនពេលមានផ្ទៃពោះ។ ត្បិតមិនមានគ្រោះថ្នាក់ តែវារំខានដល់សុខភាព និងរាងកាយយើង។ ខាងក្រោមនេះជាវិធីខ្លះដើម្បីកាត់បន្ថយការហើមជើង។
– អង្គុយចុះ ដាក់ជើងសណ្តូកឡើងលើ
– ផ្អាកការងារហើយសម្រាកតម្រង់ខ្នង
– ស្លៀកពាក់ខោអាវរលុងៗ
– ធ្វើលំហាត់ប្រាណទៀងទាត់
– ញ៉ាំទឹកឲ្យបានច្រើន
– ពាក់ស្រោមរឹបជើងដើម្បីឲ្យស្រកហើម។
២- ប្រាប់អីខ្លះទៅពេទ្យ?
បើជើងយើងហើមខ្លាំងទៅៗ គួរតែទៅជួបគ្រូពេទ្យភ្លាមៗ ព្រោះការហើមខ្លាំងអាចជារោគសញ្ញានៃជំងឺបម្រុងក្រឡាភ្លើង អមជាមួយរោគសញ្ញាផ្សេងទៀតដូចជា ឡើងទម្ងន់ លើសសម្ពាធឈាម និងមានប្រូតេអ៊ីនក្នុងទឹកនោម។ ដោយឡែក បើសម្ពាធឈាមធម្តានិងគ្មានប្រូតេអ៊ីនក្នុងទឹកនោមទេ សូមកុំបារម្ភអី។
តេស្តអីខ្លះចាំបាច់?
មិនខុសពីរាល់ដងទេ គ្រូពេទ្យនឹងធ្វើតេស្តមួយចំនួនខាងក្រោម ដើម្បីតាមដានពីសុខភាពយើង និងអាអូន។
– ថ្លឹងគីឡូ និងវាស់សម្ពាធឈាម
– វាស់ចង្វាក់បេះដូងកូន
– ស្ទាបទំហំស្បូនពីខាងក្រៅ
– វាស់កម្ពស់ស្បូន
– តេស្តមើលជាតិស្ករ
– តេស្តឈាមមើលជំងឺស្លេកស្លាំង
– ចាក់វ៉ាក់សាំងការពារជំងឺខាន់ស្លាក់
– មើលសរសៃវ៉ែនជើង ឬហើមដៃហើមជើង
– តេស្តទឹកនោមរកមើលប្រូតេអ៊ីន និងជាតិស្ករ។
៣- យើ់ងគួរដឹងពីអីខ្លះ?
សុខភាពជារឿងសំខាន់ ឯសម្រស់ ស្រីៗសម័យថ្មីគិតគូរដូចគ្នា ហើយរឹតតែបារម្ភរឿងស្បែកយារធ្លាក់ មិនស្អាតក្រោយសម្រាលអាអូនហើយ អ្នកខ្លះរត់ទៅចាក់បំពេញសារធាតុបំបាត់ជ្រួញ (Botox) ដែលកំពុងពេញនិយម ខ្លះទៀតលួចពាក់ស្បែកជើងកែងម្តងម្កាលពេលចូលរួមកម្មវិធីធំដុំ។ តើ២យ៉ាងនេះអាចប៉ះពាល់ដល់អាអូនក្នុងពោះទេ?
ចាក់សារធាតុបំបាត់ជ្រួញ (Botox)៖ ការចាក់ Botox គ្រាន់តែចាក់លើសាច់ដុំមុខក្នុងបរិមាណតិចតួចតែប៉ុណ្ណោះ ដូចនេះវាគ្មានផលប៉ះពាល់អ្វីដល់កូននោះទេ។ យ៉ាងណាមិញ ពុំទាន់មានការសិក្សាស្រាវជ្រាវណាបង្ហាញថាការចាក់នេះអាចប៉ះពាល់ដល់គត៌នៅឡើយទេ ប៉ុន្តែយកល្អស្រីៗពពោះចាំពេលសម្រាលហើយចាំចាក់។
ពាក់ស្បែកជើងកែងខ្ពស់៖ ពេលមានផ្ទៃពោះ យើងពុំគួរពាក់ស្បែកជើងកែងទាល់តែសោះ ដោយសារសាច់ដុំសរសៃពួរខ្សោយជាងមុន អាចបណ្តាលឈឺសាច់ដុំបានយ៉ាងងាយ។ លើសពីនេះទៀតពេលពពោះ យើងធាត់ជាងមុន ហើយការរក្សាលំនឹងក៏មិនល្អដូចមុនដែរ ដែលអាចដួលងាយបំផុត។ មិនមែនបំភ័យទេ ពេលមានគ្រោះថ្នាក់ទៅ មិនមែនប៉ះពាល់តែយើងទេ កូនយើងក៏មានគ្រោះថ្នាក់ដែរ។ យើងគួរតែជ្រើសរើសយកភាពស្រួលខ្លួន ជាជាងភាពហ៊ឺហារទាន់សម័យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Poppy seed to pumpkin: How big is your baby?
http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.
Pregnancy calendar week 28. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week19.html. Accessed March 30, 2015.
Your pregnancy: 28 weeks. http://www.babycenter.com/6_your-pregnancy-19-weeks_1117.bc. Accessed March 30, 2015.
កំណែប្រែបច្ចុប្បន្ន
25/02/2019
អត្ថបទដោយ Duk Panharat
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ