កាន់តែពេញរូបរាង គួរឲ្យស្រលាញ់មែនទែនហើយ នៅសប្តាហ៍នេះអាអូនទំហំប៉ុនផ្លែម្នាស់ មានប្រវែង ៤៣ សង់ទីម៉ែត្រ និងទម្ងន់ប្រមាណ ១,៨ គីឡូក្រាម។ មុនពេលសម្រាលកោសិកាប្រសាទរាប់លាននៅក្នុងខួរក្បាលបេប៊ីលូតលាស់ច្រើនដែលជំនួយឲ្យកូនយើងអាចរៀនពីបរិស្ថាននៅក្នុងស្បូន ស្របពេលនេះដែរអាអូនអាចចេះស្តាប់ ភ្នែកអាចមើលឃើញពន្លឺ ហើយប្រស្រីភ្នែកអាចរីករួមដើម្បីឆ្លើយតបទៅពន្លឺ។ សួតបេប៊ីក៏ដំណើរការពេញលេញ ឯខ្លាញ់នឹងបន្តមានដើម្បីការពារ និងរក្សាកម្តៅដល់រាងកាយអាអូន។


១- រាងកាយប្រែប្រួលអីខ្លះ?
បេប៊ីកាន់តែធំ យើងរឹតតែពិបាកដើរ អង្គុយ ឬដេក ហើយឈឺ និងស្ពឹកម្រាមដៃ កដៃនិងដៃ ព្រោះជាលិកាក្នុងកដៃផ្ទុកនូវសារធាតុរាវ បង្កើតជាសម្ពាធទៅលើប្រហោងឆ្អឹងកដៃ ហើយវានឹងមានការសង្កត់ទៅលើសសៃប្រសាទនៅតំបន់នោះ ធ្វើឲ្យយើងស្ពឹកៗ ឈឺណែននៅកដៃ។ យកល្អគួរតែប្រើឧបរករណ៍ទ្រាប់កដៃ ឬទ្រដៃជាមួយខ្នើយនៅពេលគេង ឬកាច់ពត់ដៃបន្តិចពេលសម្រាក។
ចំណុចអីខ្លះគួរបារម្ភ?
កុំភ័យអី ប្រសិនបើឃើញមានសារធាតុរាវថ្លា មានសភាពដូចក្រែម ហូរចេញពីចុងសុដន់យើង។ ការហូរសារធាតុរាវនេះ អាចជាសញ្ញាថារាងកាយយើងកំពុងត្រៀមបំបៅដោះកូន។ សារធាតុរាវនេះ ជាទឹកដោះដំបូង ជាប្រភពនៃការបង្កើតទឹកដោះដែលចាប់ផ្តើម ២-៣ ថ្ងៃ ក្រោយសម្រាលអាអូន។
២- ប្រាប់អីខ្លះទៅគ្រូពេទ្យ?
ស្រីៗពេលមានផ្ទៃពោះច្បាស់ជាមានបញ្ហាដំណេករហូតឈានទៅប្រើថ្នាំងងុយគេងក៏មានដែរ។ ប៉ុន្តែមុននឹងប្រើគួរសួរគ្រូពេទ្យសិន ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។ គ្រូពេទ្យអាចមានជម្រើសផ្សេងល្អជាងនេះសម្រាប់យើង។
តេស្តអីខ្លះចាំបាច់?
ក្នុងសប្តាហ៍នេះ កូនកាន់តែធំ យើងនឹងចំណាយពេលទៅមន្ទីរពេទ្យ ឬគ្លីនិកច្រើនជាងធម្មតា។ គ្រូពេទ្យនឹងប៉ាន់ស្មានទំហំកូន ពេលដែលត្រូវសម្រាល និងធ្វើតេស្តមួយចំនួនទៅតាមស្ថានភាពសុខភាពដូចជា៖
– ថ្លឹងទម្ងន់
– វាស់សម្ពាធឈាម
– តេស្តទឹកនោមពិនិត្យជាតិស្ករ និងប្រូតេអ៊ីន
– ការរីកប៉ោងសសៃឈាមដៃជើង និងហើមជើង
– ពិនិត្យទំហំស្បូន
– ពិនិត្យកម្ពស់តួស្បូន
– វាស់ចង្វាក់បេះដូងកូន
– មើលទំហំបេប៊ី ទិសដៅនៃក្បាល
– មើលទីតាំងកូន (មុខចុះក្រោម ឬឡើងលើ)។
យើងក៏គួរត្រៀមសំណួរសួរគ្រូពេទ្យ ជាពិសេសទាក់ទងនឹងការសម្រាល ភាពញឹកញាប់នៃការកន្ត្រាក់ស្បូនចុងក្រោយ និងរោគសញ្ញាដែលធ្លាប់កើតមានខុសធម្មតា។
៣- ត្រូវដឹងពីអីខ្លះ?
មិនចាំបាច់ព្រួយរឿងប្រើថ្នាំបាញ់សម្លាប់សត្វល្អិតនោះទេ ប៉ុន្តែហោចណាស់យើងគួរអានការណែនាំឲ្យបានត្រឹមត្រូវមុនពេលប្រើ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.
Pregnancy calendar week 33. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week33.html. Accessed March 30, 2015.
Your pregnancy: 33 weeks. http://www.babycenter.com/6_your-pregnancy-33-weeks_1122.bc. Accessed March 30, 2015.
កំណែប្រែបច្ចុប្បន្ន
28/08/2019
អត្ថបទដោយ Chorn Sophearom
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ