ដូចដឹងស្រាប់ហើយ មានផ្ទៃពោះ ត្រូវបានបែងចែកជាបីត្រីមាស ហើយត្រីមាសទី ៣ ត្រូវពេទ្យអះអាងថា ជាអំឡុងពេលសំខាន់បំផុតនៃការពពោះរបស់ស្រីៗគ្នាហើយ ដោយគិតចាប់ពីសប្តាហ៍ទី ២៨ រហូតដល់គ្រប់ខែ ជាធម្មតាសប្តាហ៍ទី ៣៩ ត្រូវចាត់ទុកថាគ្រប់ខែ។ ចុះដឹងថា ហេតុអីត្រីមាសទី ៣ សំខាន់ជាងត្រីមាសផ្សេងបែបនេះ? ចង់ដឹង អត្ថបទនេះ នឹងលម្អិតប្រាប់។
១- ចំណុចសំខាន់ទី ១ គឺការវិវត្តសរីរាង្គសំខាន់ៗរបស់ទាកក្នុងផ្ទៃ
យើងច្បាស់ជាមានការងារច្រើនត្រូវធ្វើនៅអំឡុងត្រីមាសទី ៣ ដូចជា ត្រូវឈប់សម្រាកពីការងារ និងត្រូវរៀបចំ រកមន្ទីរពេទ្យ ត្រៀមមុនពេលការសម្រាលចូលមកដល់។ លើសពីនេះទៀត នៅពេលពោះកាន់តែធំទៅៗ យើងនឹងលែងចង់ធ្វើអ្វីទាំងអស់ ស្របពេលជាមួយគ្នានេះដែរ ទារកក្នុងផ្ទៃ ក៏កំពុងតែធ្វើកិច្ចការសំខាន់មួយចំនួន ម៉ាក់ៗកំពុងពពោះមិនបានដឹង។
នៅពេលចាប់ផ្តើមឈានចូលត្រីមាសទី ៣ សរីរាង្គទារក បានបង្កើតយ៉ាងពេញលេញរួចរាល់ហើយ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់សម្រាប់ដំណើរការដោយខ្លួនឯងនៅឡើយទេ។ ក្នុងត្រីមាសនេះ ជាដំណាក់កាលសម្រាប់សរីរាង្គទារក មានដូចជា ខួរក្បាល សួត ភ្នែក បេះដូង និងសរីរាង្គដទៃទៀត ធ្វើការវិវត្តឲ្យបានពេញលេញទាំងស្រុង។ ភ្នែករទារកនឹងបើកនៅដើមត្រីមាសទី ៣ ឯឆ្អឹងវិញ នឹងវិវត្តពេញលេញនៅសប្តាហ៍បន្ទាប់។
នៅសប្តាហ៍ទី ៣១ ប្រព័ន្ធសរសៃប្រសាទកណ្តាលរបស់ទារក អាចចាប់ផ្តើមគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនបាន។ អំឡុងពេលនេះដែរ មានប្រូតេអ៊ីនជាក់លាក់មួយចំនួន ត្រូវគេហៅថា Surfactants បានផលិត ដែលវាមាននាទីជួយការពារសួតពីការក្រពឹត និងដើម្បីឲ្យកូនអាចដកដង្ហើមបានដោយខ្លូនឯង។ សប្តាហ៍បន្ទាប់ទៀត កូនយើង អាចដឹងពីពន្លឺដែលចូលក្នុងភ្នែកបាន ព្រោះវាជាពេលកូនក្រមុំភ្នែក អាចធ្វើការរីក និងរួម។
នៅសប្តាហ៍ទី ៣៥ ទារកនឹងមានការលូតលាស់យ៉ាងឆាប់រហ័ស ពិសេសដៃជើងតូចៗមើលទៅគួរឲ្យស្រលាញ់។ ពីរសប្តាហ៍ក្រោយ កូននឹងត្រូវគេចាត់ទុកថាស្ថិតនៅដំណាក់កាលដំបូងនៃការគ្រប់ខែ ក៏ជាពេលសរីរាង្គកូនយើង អាចដំណើរការបានដោយខ្លួនឯង។ ក្បាលទារក នឹងបង្វិលចូលទៅក្នុងឆ្អឹងត្រគាកម៉ាក់ៗ (បើទារកមិនទាន់បង្វិលទេ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីបានដំបូន្មានបន្ថែម។
នៅសប្តាហ៍ទី ៣៨ ម្រាមជើងកូន នឹងមានការដុះក្រចក ហើយដៃរគេនឹងចាប់ចុងម្រាមជើង (ក្រចកដៃដុះមុនជើងមួយខែ)។ នៅសប្តាហ៍ចុងក្រោយ ខួរក្បាលកូនយើង អាចមានទម្ងន់ប្រហែល ៤០០ក្រាម ហើយវានឹងបន្តកើនឡើងក្រោយពេលកើត។ ក្នុងអំឡុងពេលនេះ ដែលផ្ទៃរលោងនៃខួរក្បាលកូនយើង នឹងមានភាពបត់បែន ហើយអង្កាញ់ជាងមុន។
នៅក្នុងត្រីមាសចុងក្រោយនេះដែរ ក៏ជាពេលសុកផ្តល់នូវអង់ទីករ និងសារធាតុចិញ្ចឹមសំខាន់ៗ នឹងជួយទារកក្នុងការប្រយុទ្ធប្រឆាំងការឆ្លងមេរោគ និងជួយទ្រទ្រង់ពួកគេបន្ទាប់ពីការកើត។ សរុបមក បើកូនកើតមិនគ្រប់ខែ នឹងមានការថយចុះការវិវត្តសំខាន់ៗជាច្រើន ដែលមាននៅក្នុងត្រីមាសទីបីនេះឯង។
អត្ថបទពាក់ព័ន្ធ៖
- សម្រាលកូនក្នុងទឹក មានគុណប្រយោជន៍ និងគុណវិបត្តិអីខ្លះ?
- ល្អទេ ម៉ាក់ៗធ្វើការរហូតដល់ថ្ងៃកើតកូន ចាំសម្រាកក្រោយសម្រាលឲ្យបានច្រើន?
២- ចំណុចទី ២ ជាពេលវេលាពិបាកបំផុតម៉ាក់ៗត្រូវតស៊ូ ទាំងផ្លូវកាយ និងផ្លូវចិត្ត
អំឡុងត្រីមាសទី ៣ ទារកក្នុងផ្ទៃ នឹងមានការលូតលាស់យ៉ាងលឿន ហើយក៏មានចលនាកាន់តែច្រើនដែរ។ គ្រប់ទារកទាំងអស់ មានភាពខុសគ្នា ទាំងពេលភ្ញាក់ ឬពេលគេង។ ក្នុងអំឡុងពេលនេះ ស្រីៗគ្នាយើង អាចនឹងមានអាការៈឈឺខ្នង ចុកខ្នង និងហើមកែងជើង នៅពេលកូនក្នុងពោះកម្រើក។ យើងក៏អាចមានអារម្មណ៍ភ័យព្រួយ នៅពេលជិតត្រូវសម្រាលកូនដូចគ្នា។
ក្នុងកំឡុងពេលមានផ្ទៃពោះ គ្នាយើងត្រូវប្រុងប្រយ័ត្នរោគសញ្ញាមួយចំនួន ហើយត្រូវទាក់ទងទៅគ្រូពេទ្យភ្លាមៗ ដោយរោគសញ្ញាទាំងនោះមានដូចជា ឈឺចាប់ខ្លាំង ហើម មានការហូរឈាមគ្រប់ពេល ឡើងទម្ងន់លឿន ឬមានអារម្មណ៍ថា កូនមិនសូវកម្រើកដូចមុន។
ដូចអ្វី “Hello គ្រូពេទ្យ’ បានរៀនរាប់ខាងលើ ស្រីៗគ្នាយើង ត្រូវរៀបចំរឿងជាច្រើនឲ្យបានរួចរាល់នៅក្នុងដំណាក់កាលត្រីមាសទី ៣ នេះ វាមានដូចជា បង្កើតផែនការនៅពេលសម្រាល ឬទិញសម្លៀកបំពាក់សម្រាប់ទារកទើបនឹងកើត។ ហើយក៏មិនត្រួវភ្លេចញ៉ាំអាហារ ម៉ាស្សាលើពោះ គេងឲ្យបានគ្រប់គ្រាន់ និងត្រូវនិយាយលេងជាមួយកូនក្នុងផ្ទៃឲ្យបានច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]