backup og meta

ផលប៉ះពាល់មិនល្អ បើស្ត្រីពពោះមានទឹកភ្លោះតិច ឬច្រើនពេក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 17, 2020

    ផលប៉ះពាល់មិនល្អ បើស្ត្រីពពោះមានទឹកភ្លោះតិច ឬច្រើនពេក

    ស្ត្រី​មួយ​ចំនួន​​ច្បាស់​ជា​ដឹង​ហើយ​ថា នៅ​ពេល​​មាន​ផ្ទៃពោះ ទឹក​ភ្លោះ​​សំខាន់​ណាស់​សម្រាប់​ការពារ​កូន​នៅ​ក្នុង​ផ្ទៃ​ម៉ាក់​ៗ ហើយ​ទឹកភ្លោះ​កើត​ឡើង​ចាប់​តាំង​ពី​សប្ដាហ៍​ដំបូង​នៃ​ពេល​ពពោះ។ ប៉ុន្តែ​ប្រសិន​បើ​ទឹក​ភ្លោះ​មិន​ប្រក្រតី​ដូច​ជា ទឹក​ភ្លោះ​តិច​ ឬ​ច្រើនពេក តើអាចមាន​បញ្ហា​ដល់​កូន​អត់?

    លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ទឹក​ភ្លោះ​កើត​ចេញ​ពីទឹក​រងៃ និង​ឈាម​របស់​ម្ដាយ​ដែល​ជ្រាប​ចូល​តាម​រយៈ​សុក ត​មក​ពី​វត្ថុ​រាវ​ដែល​បាន​ជ្រាប​ចូល​តាម​រយៈ​ស្បែក​របស់​ទារក​ក្នុង​ផ្ទៃ និង​ទឹក​នោម​របស់​ទារក។​

    គ្រូពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះឲ្យ​ដឹង​ថា ក្នុង​ករណី​ពេល​ពពោះ​ហើយ​សង្កេត​ឃើញ​ថា បរិមាណ​ទឹក​ភ្លោះ​តិច​ពេក ឬ​ច្រើន​ពេក​វា​អាច​បង្ក​ជា​បញ្ហា​ដូច​ជា៖

    ទឹក​ភ្លោះ​​តិច៖

    ពោះ​ម្ដាយ​អាច​តូច​ជ្រុល​ពេក គភ៌​មាន​ជាតិ​ពុល សម្ពាធ​ឈាម​ឡើង​ខ្ពស់​ធ្វើ​ឲ្យ​ទារក កម្រើក ដៃ​ជើងមិន​បាន​ស្រួល ធ្វើ​ឲ្យ​ការ​ធំធាត់​របស់​កូន​មិន​ដំណើរ​ការ​ទៅ​តាម​ប្រក្រតី និង​អាច​រក​ឃើញ​ថា មាន​ក្រូម៉ូសូមខុស​ប្រក្រតី គ្មាន​ក្រលៀន ឬ​បង្ហួរ​នោម​របស់​ទារកណែន​ស្ទះ និង​អាច​ឲ្យ​ទារក​ស្លាប់​នៅ​ក្នុង​ផ្ទៃ​។

    ទឹក​ភ្លោះ​ច្រើន៖

    ធ្វើ​ឲ្យ​ពោះ​ម្ដាយ​ធំ​ខុស​ធម្មតា កូន​អាច​កើត​មក​មុន​ពេល​កំណត់ ម្ដាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ទារក​អាច​ជួប​នឹង​បញ្ហា​គ្មាន​ឆ្អឹង​លលាដ៍​ក្បាល និង​ឆ្អឹង​កង ឬ​ខ្នង​មិន​ជាប់​គ្នាជាដើម។

    ផ្ទុយ​ទៅវិញ ក្នុងករណី​ដែលម្ដាយ​មានសុខភាពល្អ ហើយទឹកភ្លោះមានសភាពប្រក្រតីធម្មតា វាមានតួនាទីដូចជា៖

    – ជួយការពារការប៉ះទង្គិច ឬរំញ័រពីខាងក្រៅ

    – អាចឲ្យកូនធ្វើចលនាបានស្រួល

    – ជួយសម្រួលដល់ដំណើរការគ្រឿងក្នុងរបស់ទារក ព្រោះគភ៌ហ្វឹកហាត់លេបទឹកភ្លោះចូលពោះតាំងពីនៅក្នុងពោះ។ល។

    លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ទៀត​ថា “ដើម្បី​ឲ្យ​ធានា​ថា ទាំង​ម្ដាយ​និង​កូន​ក្នុង​ពោះ​មាន​សុខភាព​ល្អ គួរ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ ហើយ​បើ​ចង់​ដឹង​ថា​សុខភាព​ល្អ ឬ​មិន​ល្អ អាច​ពិនិត្យ​មើល​ទឹក​ភ្លោះ​បាន ព្រោះ​ការ​មើល​ទឹក​ភ្លោះ ក៏​អាច​បញ្ជាក់​ឲ្យ​ដឹង​ពី​សុខភាព​កូន​ដែរ”។ ស្រប​គ្នា​នេះ​ដែរ ប្រសិន​បើ​ស្ត្រី​ពពោះ​បែក​ទឹក​ភ្លោះមុន​អាយុ​គភ៌​២៨​សប្ដាហ៍ ត្រូវ​ទៅ​ពេទ្យ​ជា​បន្ទាន់ ព្រោះ​វាជា​សញ្ញា​គ្រោះថ្នាក់។ ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម