ក្នុងការពពោះនីមួយៗ មិនងាយស្រួលទេ ស្ត្រីពពោះត្រូវជួបបញ្ហាសុខភាពប្លែកៗជាច្រើនដែលមិនធ្លាប់មានពីមុនមក។ ស្ត្រីពពោះកូនមួយពិបាកខ្លាំងប៉ុណ្ណឹងហើយ ចុះទម្រាំពពោះកូនភ្លោះទៀត កាន់តែផ្ដល់ផលពិបាកច្រើនដល់សុខភាពម្ដាយ។
តាមការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ការមានផ្ទៃពោះកូនភ្លោះ ត្រូវបានក្រុមគ្រូពេទ្យចាត់ចូលក្នុងក្រុមគភ៌មានវិបត្តិ ដោយសារតែការពពោះមានផលវិបាកច្រើន ចំពោះម្ដាយ និងទារកនៅក្នុងផ្ទៃ ហើយអត្រានៃការស្លាប់ទារកជុំវិញការសម្រាល គឺខ្ពស់ជាង៦ដង បើប្រៀបធៀបនឹងការមានផ្ទៃពោះកូនតែមួយ។ មិនតែប៉ុណ្ណោះ ការពពោះកូនភ្លោះផ្ដល់ផលពិបាកច្រើនយ៉ាងដល់ម្ដាយ អាចបង្កជាហានិភ័យដល់កូនក្នុងផ្ទៃ និងនៅពេលត្រូវសម្រាលដែរដូចជា៖
ផលពិបាកដល់ម្ដាយ និងគភ៌
– សម្រាលកូនមិនគ្រប់ខែ
– ការលូតលាស់យឺតរបស់ទារកក្នុងផ្ទៃ
– កូនមានសរីរាង្គមិនប្រក្រតី
– កូនកើតមិនគ្រប់គីឡូ
– ម្ដាយមានជំងឺលើសឈាម
- ម្ដាយមានភាពស្លេកស្លាំង
ផលពិបាកអំឡុងពេលសម្រាល
– វិបត្តិនៃការកន្ត្រាក់ស្បូន
- ការលូនទងសុកមកក្រៅមុនពេលកូនចេញ
– ការធ្លាក់ឈាមខ្លាំង
– ស្ហុក(choc a vacuo) កូនចុះដំណាលគ្នា ទាមទារការវះកាត់ជាបន្ទាន់។
ដើម្បីថែទាំសុខភាពម៉ាក់ៗដែលពពោះកូនភ្លោះបានល្អ មន្ទីរពេទ្យ កាល់ម៉ែត បានណែនាំឲ្យតាមដានផ្ទៃពោះឲ្យបានដិតដល់ ព្រោះវាអាចជួយឲ្យយើងជៀសផុតហានិភ័យមួយចំនួនធំ ជាពិសេសរកឃើញទាន់ពេលនូវផលពិបាកផ្សេងៗ ដែលអាចកើតមានឡើង។
[embed-health-tool-pregnancy-weight-gain]