បញ្ហាគំរាមរលូតគភ៌ បានចោទធ្ងន់ធ្ងរដល់ចំពោះស្ត្រី ហើយបើសិនតាមដានមិនបានដិតដល់ទេនោះ អាចគ្រោះថ្នាក់ដល់ជីវិតទៀតផង។ រឿងនេះមិនសូវមានច្រើនប៉ុន្មានទេ ហើយបើទោះជាកើតមែនភាគច្រើនមានអំឡុង ២០ សប្ដាហ៍នៃអាយុគភ៌ប៉ុណ្ណោះ ចំណែកគភ៌អាយុចាប់ពី ៦-៧ ខែឡើងទៅមិនសូវមានឡើយ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ការគំរាមរលូត គឺជាការធ្លាក់ឈាមតាមទ្វារមាស ហើយបូករួមជាមួយនឹងអាការៈឈឺចុកចាប់ក្នុងពោះទៀតនោះ ទើបបណ្ដាលឲ្យស្ថានភាពកាន់តែគ្រោះថ្នាក់ ឬអាចឈានទៅរកការរលូតតែម្ដង។ ចំពោះមូលហេតុវិញប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខរូបនោះបានឲ្យដឹងថា មកពីកត្តាជាច្រើន ក្នុងនោះរួមមាន៖
– កត្តាហ្សែន ឬក្រូម៉ូសូមមិនប្រក្រតី
– ការឆ្លងរោគដោយបាក់តេរី ឬវីរុសអំឡុងពេលមានផ្ទៃពោះ
– គ្រោះថ្នាក់ចំផ្នែកណាមួយនៃពោះ
– ម៉ាក់ៗអាយុលើស ៣៥ ឆ្នាំ
– ឡើងទម្ងន់
– ប្រើប្រាស់ថ្នាំគ្មានវេជ្ជបញ្ជា
– ប៉ះពាល់ជាមួយសារធាតុគីមី។
ចំពោះបញ្ហានេះដែរម៉ាក់ៗណាមួយបញ្ហានេះ លោកណែនាំឲ្យទៅជួបពិនិត្យ និងតាមដានជាមួយគ្រូពេទ្យឲ្យបានលម្អិត ។ ពេលជួបជាមួយគ្រូពេទ្យ គ្រូពេទ្យពិនិត្យអេកូ និងឲ្យថ្នាំញ៉ាំ ដើម្បីទប់កុំឲ្យមានការវិវត្តធ្លាក់ឈាមតទៅទៀត។ ហេតុដូចនេះម៉ាក់ៗដែលមានបញ្ហាគភ៌គំរាមរលូត ត្រូវអនុវត្តដូចខាងក្រោម ដើម្បីបង្ការរលូត៖
– មិនត្រូវធ្វើការធ្ងន់ ឬឈោងខ្ពស់ផុតដៃ
– កុំធ្វើដំណើរផ្លូវឆ្ងាយ
– ចំណីអាហារផ្អាប់ ហឹរ
– កុំដើរច្រើនពេក
– ប្រយ័ត្នប្រយែងកន្លែងរអិល
– តមរួមភេទ។
[embed-health-tool-pregnancy-weight-gain]