អំឡុងពេលពពោះ ស្រីៗគ្នាយើងមានរឿងច្រើនណាស់ត្រូវដឹង ដើម្បីអាចជួយគេចផុតពីបញ្ហាប្រឈមទាំងសុខភាពម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ។ ដូចគ្នាយើងដឹងស្រាប់ បញ្ហាក្តៅខ្លួន ឬគ្រុនក្តៅ អាចកើតឡើងគ្រប់ពេល ពិសេសបើអំឡុងពេលពពោះ គ្នាយើងគួរតែស្វែងយល់ពីវាឲ្យបានច្រើនបន្តិច។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលម្អិតពាក់ព័ន្ធបញ្ហាក្តៅខ្លួនពេលពពោះ អាចប៉ះពាល់កូនក្នុងផ្ទៃ ឬយ៉ាងណា?។
១- ក្តៅខ្លួនអំឡុងពេលពពោះ ប៉ះពាល់គភ៌ក្នុងផ្ទៃដែរអត់?
គ្នាយើងមានបញ្ហាក្តៅខ្លួនអំឡុងពេលពពោះមែនអត់? បើមានមែននោះ ជាធម្មជាតិរបស់យើងច្បាស់ជាបារម្ភទៅដល់សុខភាពកូនក្នុងផ្ទៃមិនខាន។ យ៉ាងណា ការប្រើថ្នាំបញ្ចុះកម្តៅអំឡុងពេលពពោះ ពេទ្យណែនាំបើចៀសបានគួរតែចៀស ប៉ុន្តែបើយើងពិតចង់ប្រើថ្នាំមែននោះ ត្រូវពិភាគ្សាជាមួយពេទ្យជាមុន។
កត្តាសំខាន់បំផុតយើងត្រូវដឹងពីមូលហេតុពិតប្រាកដនៅពីក្រោយអាការៈក្តៅខ្លួន គ្រុនក្តៅយើងកំពុងមាន ព្រោះគ្រុនក្តៅអំឡុងពេលពពោះ ជារឿយៗអាចជារោគសញ្ញាបញ្ហាសុខភាពណាមួយ ដែលសុទ្ធតែមានហានិភ័យប៉ះពាល់ដល់សុខភាពគភ៌ក្នុងផ្ទៃ។
អត្ថបទពាក់ព័ន្ធ៖
- គេងមិនលក់ពេលពពោះ ឧស្សាហ៍កើតមានណាស់ ត្រូវចេះវិធីដោះស្រាយទាំងនេះ
- អាលែកហ្ស៊ីអំឡុងពេលពពោះប៉ះពាល់ដល់កូនក្នុងផ្ទៃអត់?
- ពេលពពោះ ស្រ្តីគួរហាត់ប្រាណមួយថ្ងៃប៉ុន្មានម៉ោងទើបល្អ?
- ហាត់ប្រាណពេលពពោះល្អហើយ តែបើហាត់ខ្លាំងពេកប្រយ័ត្នមានបញ្ហា
២- គ្រុនក្តៅប៉ះពាល់ម៉េចខ្លះដល់ភគ៌ក្នុងផ្ទៃ?
បើរាងកាយស្រីៗពពោះឡើងកម្តៅចាប់ពី ៣៧អង្សាសេ មានន័យថាយើងកំពុងក្តៅខ្លួន វាជាសញ្ញារាងកាយកំពុងប្រយុទ្ធប្រឆាំងការឆ្លងអ្វីមួយមកពីខាងក្រៅ។ ហេតុនេះហើយ គ្នាយើងចាំបាច់ត្រូវការការព្យាបាលបញ្ហានេះឲ្យបានត្រឹមត្រូវ។
ការសិក្សាថ្មីមួយនៅលើសត្វកំពុងមានទម្ងន់ បានរកឃើញថា ទំនាក់ទំនងរវាងអាការៈគ្រុនក្តៅអំឡុងពេលពពោះដំណាក់កាលដំបូង អាចបង្កហានិភ័យខ្ពស់នាំឲ្យមានបញ្ហាបេះដូង និងវិបត្តិឆ្អឹងថ្គាម ពីកំណើត។ លើសពីនេះ ការសិក្សាច្រើនទៀត ផ្តោតសំខាន់ទៅលើអាការៈគ្រុនក្តៅ ក្តៅខ្លួនតែមួយប៉ុណ្ណោះ មិនមែនជាបញ្ហាឆ្លងបាក់តេរី ឬមេរោគ ក៏អាចបង្កើនហានិភ័យពិការពីកំណើតទៅលើគភ៌ផងដែរ។
បើគ្នាយើងពពោះដល់ត្រីមាសទី៣ ស្រាប់តែមានបញ្ហាគ្រុនក្តៅខ្លាំង កម្តៅខ្ពស់ជាង ៣៩អង្សាសេ ត្រូវប្រញ៉ាប់ស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ ដើម្បីការពារភាពមិនប្រក្រតីទាំងរយៈពេលខ្លី និងវែង នៃការអភិវឌ្ឍន៍របស់កូនយើង។
៣- ហេតុអីបានជាគ្រុនក្តៅ?
គ្រុនក្តៅ ជារឿយៗតែងបង្កឡើងដោយសារមានការឆ្លងមេរោគនៅតម្រងនោម និងមេរោគនៅផ្លូវដង្ហើម ប៉ុន្តែការឆ្លងមេរោគមួយចំនួនផ្សេងទៀត ក៏អាចបង្កឲ្យយើងគ្រុនក្តៅបានដូចគ្នា ខណៈមូលហេតុបង្កគ្រុនក្តៅលើស្រីៗពពោះ ជាធម្មតាមានដូចជា៖
– ជំងឺរលាកក្រពេញអាមីដាល់ (រលាក ឬដុះសាច់បំពង់ក)
– ឆ្លងវីរុសក្នុងក្រពះពោះវៀន (មេរោគក្រពះ)
– ជំងឺរលាកតម្រងនោម (Pyelonephritis)។
៤- គ្រុនក្តៅជាធម្មតាលេចចេញរោគសញ្ញាម៉េចខ្លះ?
ស្រីៗពពោះគួរយកចិត្តទុកដាក់នូវរោគសញ្ញាមួយចំនួន និងប្រាប់ទៅគ្រូពេទ្យពីអាការៈយើងកំពុងមានដោយសារគ្រុនក្តៅ ក្នុងនោះរាប់បញ្ចូលទាំង៖
– ដកដង្ហើមខ្លីៗ
– ឈឺខ្នង
– គ្រុនញាក់
– ឈឺពោះ
– រួយ ឬរឹងនៅតំបន់ក។
៥- គ្រុនក្តៅអាចបណ្តាលមកពីពុលអាហារដែរអត់?
ពិតណាស់ ការពុលអាហារក៏អាចបង្កឲ្យគ្រុនក្តៅដូចគ្នា ខណៈភាគច្រើនបង្កដោយវីរុស ឬបាក់តេរី (ភាគរយតិចតួច) ឬក៏អាចបង្កឡើងដោយសារធាតុពុលផ្សេងទៀត។
ក្នុងករណីនេះ ស្រីៗពពោះទំនងនឹងជួបបញ្ហាឈឺពោះ ក្អួតចង្អោរ និងរាក នាំឲ្យគ្រោះថ្នាក់ខ្លាំងដល់ស្រីៗពពោះ ព្រោះវាធ្វើឲ្យរាងកាយយើងងាយបាត់បង់ជាតិទឹកបំផុត ធ្វើឲ្យមានការប្រឈមនឹងបញ្ហា កន្ត្រាក់ស្បូន និងសម្រាលមុខខែ។
ជាតិទឹកដែលបាត់បង់ដោយសារក្អួតចង្អោរ និងរាក ចាំបាច់ត្រូវតែបំពេញបន្ថែម ហើយក្នុងករណីខ្លះ ករណីខ្វះជាតិទឹកពេលពពោះអាចនឹងធ្វើឲ្យសម្ពាធឈាមមិនមានស្ថិរភាព ទាមទារការព្យាបាលឲ្យបានលឿនបំផុត។ បើគ្នាយើងសង្ស័យពុលអាហារ ប្រញាប់ទាក់ទងទៅគ្រូពេទ្យភ្លាម។
[embed-health-tool-pregnancy-weight-gain]