ស្រីៗមានផ្ទៃពោះតែងជួបប្រទះបញ្ហាជាតិហ្គាសក្នុងពោះ។ អាការៈនេះកើតដោយសារការកើនឡើងនៃអ័រម៉ូន progesterone ដែលអ័រម៉ូននេះជាធម្មតាសម្រួលដល់ពោះវៀនអំឡុងពេលពពោះ តែក៏អាចពន្យឺតការរំលាយអាហារ នាំឲ្យមានការទល់លាមក និងហើមពោះជាដើម។ ភាគច្រើនស្ត្រីពពោះតែងជួបប្រទះបញ្ហានេះនៅត្រីមាសទី៣។ ទោះបីជាមិនមានវិធីក្នុងការបង្ការអាការៈនេះបាន ប៉ុន្តែមានវិធីអាចបន្ធូរបន្ថយអាការៈបាន។
១. ផឹកទឹកឲ្យច្រើន
យោងតាមវិទ្យាស្ថានវេជ្ជសាស្ត្រជាតិសហរដ្ឋអាមេរិក ស្ត្រីពពោះគួរផឹកទឹក ២,៣លីត្រក្នុងមួយថ្ងៃ។ ការផឹកទឹកមុន និងក្រោយញ៉ាំអាហារអាចជួយដល់ការរំលាយអាហារបាន។ អាហារដែលមិនអាចរំលាយបាននឹងទៅនៅក្នុងពោះវៀនតូចដែលបាក់តេរីនឹងបំបែកអាហារទាំងនោះ និងបង្កជាតិហ្គាសពេលបំបែក។ ដូចនេះការផឹកទឹកអាចជួយបន្ថយការកើនឡើងនៃហ្គាស។ ម៉្យាងទៀត ការផឹកទឹកអាចជួយបង្ការការទល់លាមកដែលជាមូលហេតុមួយទៀតក្នុងការបង្កជាតិហ្គាស។ នៅពេលខ្វះជាតិទឹក លាមកស្ងួត និងរឹង ហើយការផឹកទឹកច្រើនអាចជួយបន្ទន់លាមក។ យកល្អគួរផឹកម្ដងបន្តិចៗ កុំផឹកម្ដងច្រើនៗពេក។
២. ចៀសវាងភេសជ្ជៈទាំងនេះ
ស្ត្រីពពោះមួយចំនួនអាចមានអាការៈនេះក្រោយផឹកភេសជ្ជៈមួយចំនួនដូចជាភេសជ្ជៈមានជាតិហ្គាស (ទឹកក្រូច ឬភេសជ្ជៈកីឡា) ភេសជ្ជៈមានជាតិស្ករ Fructose និងភេសជ្ជៈមានជាតិស្ករ Sorbitol។
៣. ហាត់ប្រាណឲ្យបានទៀងទាត់
ការស្រាវជ្រាវបានបង្ហាញថាការហាត់ប្រាណអាចពន្លឿនការរំលាយអាហារ និងបន្ថយការទល់លាមក។ សម្រាប់ស្ត្រីមានផ្ទៃពោះអាចហាត់ប្រាណដោយការដើរយ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ។ ចំណែកឯលំហាត់ប្រាណផ្សេងទៀតគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។
៤. ពាក់អាវរលុង
សម្លៀកបំពាក់ដែលរឹបនៅចង្កេះអាចបន្ថែមសម្ពាធទៅលើពោះបាន និងអាចបង្កើនការបង្កើតជាតិហ្គាសបានដែរ។ ដូចនេះស្ត្រីពពោះគួរស្លៀកពាក់សម្លៀកបំពាក់ណាដែលរលុងៗដើម្បីបន្ថយអាការៈជាតិហ្គាសក្នុងពោះ។
៥. បន្ថយស្ត្រេស
ស្ត្រីពពោះមួយចំនួនអាចមានបញ្ហាជាតិហ្គាសក្នុងពោះពេលស្ត្រេស។ ហ្គាសដែលបង្កដោយស្ត្រេសអាចជារោគសញ្ញាមួយនៃជំងឺរលាកពោះវៀន។ រោគសញ្ញាផ្សេងនៃជំងឺនេះមានដូចជាហើមពោះ ឈឺពោះ ទល់លាមក និងរាករូស។ ទោះបីជាគេមិនទាន់ដឹងច្បាស់ពីមូលហេតុបង្កជំងឺនេះ ប៉ុន្តែគេជឿថាស្ត្រេសអាចភ្ញោចរោគសញ្ញាទាំងនេះ។ ស្ត្រីពពោះដែលមានបញ្ហាហ្គាសក្នុងពោះដោយសារស្ត្រេសអាចគ្រប់គ្រងស្ត្រេសបានតាមរយៈការធ្វើសមាធិ និងយ៉ូហ្កា។
ស្ត្រីមានផ្ទៃពោះគួរទៅមន្ទីរពេទ្យប្រសិនជាមានជាតិហា្គសក្នុងពោះហើយមានចេញអាការៈនេះមកជាមួយ៖
- ឈឺពោះខ្លាំង និងយូរជាង៣០នាទី
- ទល់លាមកយូរជាងមួយសប្ដាហ៍
- រាករូសច្រើនជាង២ថ្ងៃ
- លាមកខ្មៅ ឬមានឈាម
- ចង្អោរ និងក្អួត។
[embed-health-tool-pregnancy-weight-gain]