ការពពោះគឺជារឿងមួយដ៏សែនពិបាកសម្រាប់ស្ត្រី ហើយនៅពេលកូនក្នុងផ្ទៃមានបញ្ហាបញ្ច្រាសជើង ទៀត កាន់តែធ្វើឲ្យប្រឈមមុខនឹងគ្រោះថ្នាក់។ បើម៉ាក់ៗណាជួបករណីនេះត្រូវដឹងពីវិធីត្រូវសម្រាល ព្រោះអាចមានគ្រោះថ្នាក់ខ្ពស់ពេលសម្រាល អាចសម្រាលមិនចេញ ឬត្រូវការវះកាត់។ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បង្ហាញពីវិធីសាស្ត្រសង្គ្រោះកូនបញ្ច្រាសជើងមុន ថ្ងៃ សម្រាលចូលមកដល់ដែល ភាសាបច្ចេកទេស ហៅថា VME។
VME ពាក្យពេញគឺ Version par Manœvre Externe ជាការបង្វិលប្ដូរទីតាំងកូនក្នុងផ្ទៃពេល មានករណីមិនប្រក្រតី ដើម្បីសម្រួលការសម្រាលកាន់តែងាយ។ ករណីកូនបញ្ច្រាសជើង ឬនៅចំហៀងត្រូវតែបង្វិលក្បាលចុះក្រោម ដើម្បីសុវត្ថិភាពទាំងម៉ាក់ៗ និងកូន។ ទម្រង់ VME ចាំបាច់ត្រូវធ្វើមុនពេល ឈឺពោះកើតកូន អាចនៅចន្លោះសប្ដាហ៍ទី ៣៧។ សម្រាប់កូនស្ថិតក្នុងស្ថានភាពនេះម៉ាក់ៗ អាចនឹង សម្រាលដោយវះកាត់ពេលទម្រង់បង្វិលកូនបរាជ័យ។
២- កត្តាចាំបាច់ត្រូវពិនិត្យផ្ទៃពោះ
– ឆ្លុះអេកូ គឺជារឿងដ៏ចាំបាច់ ព្រោះអាចដឹងស្ថានភាពកូនក្នុងផ្ទៃ ទីតាំងសុក និងបរិមាណទឹកភ្លោះ។
– តាមដានបេះដូងកូន គ្រូពេទ្យនឹងប្រើឧបករណ៍អេឡិចត្រូនិក ដើម្បីតាមដានមើល ចង្វាក់បេះដូងកូនក្នុងផ្ទៃមុន និងក្រោយពេលបង្វិល ព្រោះអំឡុងពេលបង្វិលក្បាលកូន បើចង្វាក់បេះដូងលោតនៅចន្លោះពី ១២០-១៦០ ដង/នាទី បញ្ជាក់ថាកូនមានសុខភាពល្អ ប៉ុន្តែបើចង្វាក់បេះដូងប្រែប្រួលមិនធម្មតា ការបង្វិលត្រូវតែបញ្ឈប់។
៣- ដំណាក់កាលបង្វិលក្បាលទារក
មុនបង្វិលគ្រូពេទ្យនឹងចាក់ពពួកថ្នាំ Tocolytique (ថ្នាំពន្យារកុំឲ្យឆាប់កើត) ព្រោះថ្នាំនេះជួយឲ្យស្បូន មិនសូវមានចលនា ដើម្បីបញ្ចៀសករណីកន្ទ្រាក់សាច់ដុំស្បូន។ ក្រោយស្បូនឈប់កន្ទ្រាក់ ពេទ្យនឹងបង្វិលកូនដោយដាក់ដៃទាំងពីរលើពោះម៉ាក់ៗ ដៃម្ខាងនៅក្បាលកូន និងម្ខាងទៀតនៅលើត្រគាករួច រុញច្រាន និងអូសបង្វិលក្បាលកូនមកទីតាំងត្រឹមត្រូវវិញ។ ករណីនេះម៉ាក់អាចនឹងឈឺចាប់ខ្លាំង បើ ស្បូនកន្ដ្រាក់។ បើមុនចាប់ផ្ដើមបង្វិល ចង្វាក់ បេះដូងកូនធ្លាក់ចុះ នោះនឹងឈប់បង្វិលភ្លាម ចៀសវាង ផលវិបាកទៅថ្ងៃមុខ។ ការបង្វិល ឬទម្រង់ VME ត្រូវធ្វើនៅមន្ទីរពេទ្យដោយ វេជ្ជបណ្ឌិតឯកទេស/ជំនាញ ផ្នែកសម្ភព និងរោគស្រ្តី ព្រោះសម្រាលដោយវះកាត់អាចធ្វើឡើងបានភ្លាមៗ បើមានករណីបន្ទាន់ណាមួយកើតឡើង។
ករណីការបង្វិលមិនទាន់ធ្វើបាន គ្រូពេទ្យអាចនឹងប្រើថ្នាំស្ពឹកជំនួយឲ្យម៉ាក់ៗអាចទ្រាំឈឺចាប់ ព្រម ទាំងមានអត្រាជោគជ័យខ្ពស់ក្នុងការបង្វិល។
៤- ការថែទាំក្រោយការព្យាបាល
ក្រោយដំណាក់កាលបង្វិលជោគជ័យទាំងម៉ាក់ៗ និងកូនត្រូវតាមដានសុខភាពបន្ថែមពីគ្រូពេទ្យជំនាញ ដើម្បីដឹងពីចលនាកម្រើក ឬស្ថានភាពមិនប្រក្រតីណាមួយ។