យើងគ្រប់គ្នាដឹងហើយថា ម៉ាក់ៗពពោះគ្រប់រូបត្រូវមានការថែទាំសុខភាពឲ្យបានល្អបំផុតនៅក្នុងរបៀបរស់នៅប្រចាំថ្ងៃ ដើម្បីចៀសវាងបញ្ហាផ្សេងៗដែលកើតមានទៅលើសុខភាពអំឡុងពេលពពោះ។
លើសពីការញ៉ាំឆ្អែត គេងគ្រប់គ្រាន់ និងការពិនិត្យសុខភាពទៀងទាត់ ម៉ាក់ៗក៏ត្រូវធ្វើអ្វីដទៃទៀត ដើម្បីសុខភាពដែរ។ ដូចនេះហើយ លោកវេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានណែនាំឲ្យម៉ាក់ៗពពោះទាំងអស់ដឹងពីទម្លាប់ ៤យ៉ាង ខាងក្រោមដែលជួយឲ្យពពោះទៅដោយរលូន។
១. មិនតមធ្វើសកម្មភាព
ម៉ាក់ៗ គួរធ្វើសកម្មភាពអ្វីក៏បានឲ្យតែអាចគ្រប់គ្រងសុវត្ថិភាព ដូចជា ហាត់ប្រាណ ធ្វើកិច្ចការផ្ទះ។ល។ ស្ត្រីមានផ្ទៃពោះគួរតែស្រស់ស្រាយ មាំទាំ តុបតែងខ្លួន ព្រោះមានស្ត្រីពពោះខ្លះ លែងយកចិត្តទុកដាក់សម្រស់ និងការស្លៀកពាក់ឲ្យបានសមរម្យ។
២. ផឹកពពួកវីតាមីនជំនួយរាល់ថ្ងៃ
ពពួកវីតាមីនពិតជាមានប្រយោជន៍ ប្រសិនបើម៉ាក់ញ៉ាំអាហារមិនសម្បូរដោយសារធាតុចិញ្ចឹម និងវីតាមីន។ ការផឹកពពួកវីតាមីនអាចជួយឲ្យសុខភាពម្ដាយ និងទារកល្អរឹងមាំជាងមុន។
៣. ពិនិត្យសុខភាពមាត់ធ្មេញឲ្យបានត្រឹមត្រូវ
ពេលពពោះម៉ាក់ៗងាយនឹងមានជំងឺរលាកជើងធ្មេញ។ ជំងឺរលាកជើងធ្មេញ ពិតជាអាចបង្កឲ្យកូនកើតមិនគ្រប់ខែ ដូច្នេះម៉ាក់ៗពពោះ ត្រូវទៅពិនិត្យសុខភាពមាត់ធ្មេញឲ្យត្រឹមត្រូវ និងបានធ្មេញមើលទៅស្អាតផង។
៤.មិនត្រូវតមការរួមភេទ
មានតែករណីខ្លះប៉ុណ្ណោះដែលតមមិនឲ្យរួមភេទអំឡុងមានផ្ទៃពោះដូចជា សុកពាំងមាត់ស្បូនមានការហូរឈាម កំពុងមានសញ្ញាគំរាមកើតមិនគ្រប់ខែ ជាដើម។ ក្រៅពីនេះ ស្ត្រីពពោះនៅតែអាចរក្សាការរួមភេទបានធម្មតា។
[embed-health-tool-pregnancy-weight-gain]