backup og meta

តិចនិក​ងាយ​ៗ​ ដោះស្រាយ​បញ្ហា​ចាញ់​កូន​យ៉ាង​មាន​ប្រសិទ្ធភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 04, 2021

    តិចនិក​ងាយ​ៗ​ ដោះស្រាយ​បញ្ហា​ចាញ់​កូន​យ៉ាង​មាន​ប្រសិទ្ធភាព

    អំឡុង​ពេល​ពពោះ​ ​គឺ​ជា​ពេលវេលា​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ជីវិត​របស់​ស្រីៗ​គ្នា​យើង​។​ ម៉ាក់​ៗ​អាច​មាន​អារម្មណ៍​រំភើប​រីករាយ​ក្នុង​ការ​រង់ចាំ​សមាជិក​ថ្មី​ ​ភ័យ​ខ្លាច​ចំពោះ​ការ​សម្រាល​ និង​ត្រូវ​ប្រឈម​ជា​មួយ​នឹង​អាការៈ​​ផ្សេង​ៗ​ ដូចជា​​ការ​គេង​មិន​លក់​ ​ហើម​ជើង​ និង​ចាញ់​កូន​ជា​ដើម​។​

    ជា​ទូទៅ​ ការ​ចាញ់​កូន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ គឺ​ជា​រឿង​ធម្មតា​ ហើយ​​អាការៈ​នេះ​អាច​នឹង​ថយ​ចុះ​នៅ​ចុង​ត្រី​មាស​​ទី​មួយ​​ចំពោះ​ស្រីៗ​ភាគ​ច្រើន​។​

    ហេតុ​អី​បាន​ជា​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​មាន​អាការៈ​ចាញ់​កូន​?

    អាការៈ​​ក្អួត​ចង្អោរ​​​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​សម្រាប់​ស្ត្រី​ដែល​កំពុង​តែ​មាន​ទម្ងន់​​ ដោយ​សារ​តែ​ការ​​កើន​ឡើង​​កម្រិត​អ័រម៉ូន​អឺស្រ្តូសែន​ ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ និង​​ងាយ​ទទួល​អារម្មណ៍​ដឹង​​អំពី​​ក្លិន​ផ្សេង​ៗ។​ យ៉ាង​ណា​មិញ​ ​ ម៉ាក់​ៗ​អាច​អនុវត្ត​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ​ ដើម្បី​កាត់​បន្ថយ​អាការៈ​ចាញ់​កូន​​បាន​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​​ នៅ​​ក្នុង​ករណី​ធ្ងន់ធ្ងរ​ដូចជា​ក្អួត​មិន​ឈប់​ ស្រក​ទម្ងន់​ ឬ​ខ្វះ​ជាតិ​ទឹក​ខ្លាំង​ ស្រីៗ​យើង​គួរ​តែ​ទៅ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​​។

    . គេង​ឲ្យ​បាន​គ្រប់គ្រាន់

    ជាក់​ស្ដែង​ ​ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ពេល​យប់​ ឬ​ក៏​ការ​គេង​ថ្ងៃ​រយៈពេល​ខ្លី គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ស្រី​ៗ​​ដែល​កំពុង​មាន​ទម្ងន់​។ ជាមួយ​គ្នា​នេះ​ដែរ​ យើង​មិន​គួរ​​ចូល​គេង​ភ្លាម​ៗ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ភ្លាម​នោះ​ទេ​ ​ពី​ព្រោះ​វា​កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​កាន់​តែ​ចង់​ក្អួត​ចង្អោរ​​ថែម​ទៀត​។​

    . ញ៉ាំ​តិច​ៗ​ តែ​ញឹកញាប់

    នៅ​ក្នុង​ករណី​ខ្លះ​ ការ​មិន​ញ៉ាំ​អាហារ​ទាល់​តែ​សោះ​ កាន់​តែ​ធ្វើ​ឲ្យ​យើង​ចង់​ក្អួត​ចង្អោរ​លើស​ដើម​។​ ដើម្បី​ជៀសវាង​ទុក​ពោះ​ឲ្យ​នៅ​ទទេ​ ម៉ាក់​​ៗ​អាច​ញ៉ាំ​តិច​បាន​ហើយ​ ​ប៉ុន្តែ​ត្រូវ​ញ៉ាំ​ឲ្យ​ញឹកញាប់​។​ ជា​ពិសេស​ ម៉ាក់​ៗ​​អាច​ទុក​ដាក់​​នំប៉័ង ឬ​គ្រាប់​ធញ្ញ​ជាតិ​នៅ​​ក្បែ​រ​ខ្លួន​ ដើម្បី​ញ៉ាំ​នៅ​ពេល​ដែល​ភ្ញាក់​ឡើង​ និង​ដើម្បី​កុំ​ឲ្យ​កើត​មាន​អាការៈ​ក្អួត​ចង្អោរ​កើត​ឡើង​​។

    . ញ៉ាំ​ខ្ញី​តិច​តួច​​​

    ​​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ខ្ញី​អាច​ជួយ​​កាត់​បន្ថយ​អាការៈ​​ឈឺ​ក្រពះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​អាច​ទំពា​ខ្ញី​តិច​តួច​ ឬ​តែ​ខ្ញី​ ឬ​ស្ករ​គ្រាប់​ដែល​មាន​រសជាតិ​ខ្ញី​ដើម្បី​កាត់​អារម្មណ៍​អារម្មណ៍​ចង់​ក្អួត​ចង្អោរ​​។​

    ខ្ញី

    . ជៀសវាង​អាហារ​មួយ​ចំនួន​​

    លើស​ពី​នេះ​ ម៉ាក់​ៗ​គួរ​​ជៀសវាង​ញ៉ាំ​អាហារ​ខ្លាញ់​ អាហារ​ដែល​មាន​ជាតិ​ប្រេង​ និង​ផ្អែម​ខ្លាំង​ ​ពីព្រោះ​វា​​អាច​បណ្ដាល​ឲ្យ​ហើម​ពោះ​បាន​។ ចំពោះ​​ស្រីៗ​ភាគ​ច្រើន​ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ ជាតិ​ស្ករ​ខ្ពស់​ និង​ប្រៃ​ខ្លាំង​ ក៏​អាច​ធ្វើ​ឲ្យ​យើង​កើត​មាន​អាការៈ​ចង់​ក្អួត​ចង្អោរ​នេះ​ដែរ​។​

    . ជៀស​ឲ្យ​ឆ្ងាយ​ពី​ក្លិន​ខ្លាំង

    ​​រឿង​ដែល​ងាយ​ស្រួល​បំផុត​មួយ​ដែល​ម៉ាក់​ៗ​អាច​ធ្វើ​បាន​ គឺ​គេច​ឲ្យ​ឆ្ងាយ​ពី​ក្លិន​ខ្លាំង​ ដូច​ជា​ផ្សែង​បារី​ ក្លិន​ទឹក​អប់​ ឬ​អ្វី​ផ្សេង​ទៀត​ដែល​អាច​ប៉ះពាល់​ដល់​​យើង​។​ ចូរ​បើក​បង្អួច​ ឬ​​ប្រើ​បំពង់​បឺត​ផ្សែង​នៅ​ពេល​ចម្អិន​អាហារ​។​

    . ​ញ៉ាំ​​វីតាមីន​សម្រាប់​អ្នក​មាន​ផ្ទៃ​ពោះ​ឲ្យ​បាន​ទៀងទាត់

    ជាក់ស្ដែង​ ជាតិ​ដែក​ដែល​មាន​នៅ​ក្នុង​វីតាមីន​សម្រាប់​អ្នក​មាន​ផ្ទៃ​ពោះ​ អាច​ធ្វើ​ឲ្យ​យើង​ចង្អោរ​កាន់​តែ​ខ្លាំង​។​ ដូច្នេះ​ហើយ យើង​គួរ​ញ៉ាំ​វីតាមីន​ប្រភេទ​នេះ​នៅ​មុន​ពេល​ចូល​គេង​ ជំនួស​ឲ្យ​ការ​ញ៉ាំ​នៅ​ពេល​ព្រឹក​ព្រលឹម​។​ ចូរ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ ប្រសិនបើ​អាហារ​បំប៉ន​ជាតិ​ដែក​ បណ្ដាល​ឲ្យ​យើង​ក្អួត​ចង្អោរ​ ពីព្រោះ​ទោះ​ជា​យ៉ាង​ណា​ក៏​យើង​មិន​គួរ​ខកខាន​លេប​អាហារ​បំប៉ន​ទាំង​នេះ​​ដែរ​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម