អ័រម៉ូនមានផ្ទៃពោះ អាចជួយទ្រទ្រង់ការលូតលាស់របស់ទារកក៏ពិតមែន ប៉ុន្តែវាក៏អាចប៉ះពាល់ដល់ការមើលឃើញរបស់ម៉ាក់ៗ នៅអំឡុងត្រីមាសទី៣ផងដែរ។ អ័រម៉ូនទាំងនេះ ផ្ដល់ឲ្យជាលិការបស់យើងរក្សាជាតិទឹកកាន់តែច្រើន ដែលបណ្ដាលឲ្យកញ្ចក់ភ្នែក និងស្រទាប់កញ្ចក់ភ្នែកឡើងក្រាស់។ កត្តានេះ នាំឲ្យស្ត្រីកំពុងពពោះមានបញ្ហាក្នុងការមើលឃើញកាន់តែខ្លាំងឡើង។
ជាមួយគ្នានេះដែរ ការកើនឡើងនៃអ័រម៉ូនEstrogen អាចបណ្ដាលឲ្យភ្នែករបស់យើងមានសភាពស្ងួតទ្វេដង ពីព្រោះរាងកាយម៉ាក់ៗកំពុងតែផលិតទឹកភ្នែកតិចតួច ដែលជាហេតុធ្វើឲ្យភ្នែកមានអារម្មណ៍ក្រហាយ និងមានពណ៌ក្រហម។ ម្យ៉ាងវិញទៀត ជំងឺភ្នែកស្ងួត ក៏អាចធ្វើឲ្យម៉ាក់ៗប្រឈមនឹងបញ្ហាស្ងួតភ្នែកនេះដែរ ពីព្រោះវាបំផ្លាញស្រទាប់កញ្ចក់ភ្នែក ឬបង្កើនរំញោច ឬចាញ់នឹងពន្លឺព្រះអាទិត្យ។
បញ្ហាព្រិលភ្នែកនឹងបាត់ទៅវិញនៅពេលណា?
ជាទូទៅ អាការៈព្រិលភ្នែកនេះកើតឡើងនៅក្នុងត្រីមាសទី៣។ ចំណែកឯស្ត្រីមួយចំនួន អាចសង្កេតឃើញអាការៈនេះ នៅអំឡុងពេលមានផ្ទៃពោះតាំងពី១០សប្ដាហ៍មកម្ល៉េះ ហើយវានឹងអាចបាត់ទៅវិញនៅសប្ដាហ៍ទី៦ បន្ទាប់ពីសម្រាលកូនរួច។
ស្ត្រីពពោះអាចកាត់បន្ថយអាការៈព្រិលភ្នែកតាមរបៀបណា?
ពិតណាស់ ការពាក់វ៉ែនតានៅអំឡុងពេលមានគភ៌ គឺប្រសើរជាងការប្រើប្រាស់កញ្ចក់ដាក់ភ្នែក (Contact lenses) ។ ទោះបីជាការមើលឃើញរបស់ស្ត្រីពពោះមានសភាពកាន់តែអាក្រក់ទៅក៏ពិតមែន ប៉ុន្តែវានឹងប្រសើរឡើងវិញនៅក្នុងរយៈពេល៦សប្តាហ៍ក្រោយសម្រាលកូនរួច។
ប្រសិនបើបញ្ហាភ្នែកជះឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃរបស់យើង ម៉ាក់ៗក៏អាចប្រើប្រាស់ទឹកថ្នាំបន្តក់ភ្នែក ដើម្បីកាត់បន្ថយបញ្ហាព្រិលភ្នែកនេះដែរ។ បន្ថែមពីនេះ ចូរពាក់វ៉ែនតាការពារកម្ដៅថ្ងៃ ដើម្បីការពារភ្នែកពីពន្លឺខ្លាំង។
ប្រសិនបើស្រីៗយើងប្រឈមនឹងការផ្លាស់ប្ដូរភ្លាមៗចំពោះការមើលឃើញ ដូចជាព្រិលភ្នែក ស្រវាំងភ្នែក មើលឃើញវត្ថុមួយបែកជាពីរ ចូរទាក់ទងទៅកាន់គ្រូពេទ្យភ្លាមៗ ពីព្រោះការផ្លាស់ប្ដូរបែបនេះ នៅអំឡុងពេលមានផ្ទៃពោះ អាចជាសញ្ញានៃជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបាន ក៏ដូចជាជំងឺបម្រុងក្រឡាភ្លើងផងដែរ ជាពិសេស នៅពេលដែលមានអាការៈឈឺក្បាលគួបផ្សំជាមួយ។
[embed-health-tool-pregnancy-weight-gain]