នៅពេលដែលយើងខ្វះជាតិទឹកនៅក្នុងរាងកាយ ទឹកនោមនឹងប្រែទៅជាពណ៌ស្រអាប់ និងខាប់ខ្លាំង ឬអាចល្អក់ផងដែរ។ ជាទូទៅ មានកត្តាជាច្រើនដែលនាំឲ្យស្ត្រីពពោះខ្វះជាតិទឹក ដូចជាការក្អួត ឬការឡើងកម្ដៅខ្លួនខ្លាំង ។ ទោះបីជាពុំមានការបាត់បង់ជាតិទឹក ដោយសារតែបញ្ហាសុខភាពផ្សេងៗ ជាធម្មតា ស្ត្រីពពោះត្រូវការជាតិទឹកក្នុងបរិមាណច្រើន ដើម្បីទ្រទ្រង់សុក ទឹកភ្លោះ និងទារក។
សញ្ញាសំខាន់ៗនៃការខ្វះជាតិទឹក៖ ទឹកនោមមានពណ៌ស្រអាប់ ស្រេកទឹក នោមញឹកញាប់ អស់កម្លាំង វិលមុខ។
២. ការបង្ករោគប្រព័ន្ធទឹកនោម
ការបង្ករោគប្រព័ន្ធទឹកនោម គឺបណ្ដាលមកពីបាក់តេរីបង្ករោគលើតម្រងនោម ប្លោកនោម បំពង់ទឹកនោម ឬទ្វារទឹកនោម។ ជាទូទៅ ការបង្ករោគទាំងនេះកើតឡើងនៅបំពង់ទឹកនោមផ្នែកខាងក្រោម។ រោគសញ្ញាមួយចំនួនដែលកើតមានជាញឹកញាប់នៅពេលមានការបង្ករោគ គឺទឹកនោមទៅជាល្អក់ ឬមានឈាមលាយឡំ។ នៅអំឡុងពេលមានគភ៌ ម៉ាក់ៗអាចមានហានិភ័យខ្ពស់ដែលការបង្ករោគប្រព័ន្ធទឹកនោមប្រែក្លាយទៅជាការឆ្លងមេរោគតម្រងនោម កូនកើតមិនគ្រប់ខែ ឬទារកមិនគ្រប់គីឡូ។