backup og meta

ម៉ាក់ៗឆ្លងកូវីដ-១៩ ពេលពពោះ កូនក្នុងផ្ទៃមានហានីភ័យអីខ្លះ?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 07, 2021

    ម៉ាក់ៗឆ្លងកូវីដ-១៩ ពេលពពោះ កូនក្នុងផ្ទៃមានហានីភ័យអីខ្លះ?​

    យើង​សង្កេត​ឃើញ​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​វីរុស​កូវីដ-១៩​ នៅ​កម្ពុជា មាន​ស្ត្រី​ពពោះ​មួយ​ចំនួន​ដែរ។ ម៉ាក់ៗ​ឆ្លង​កូវីដ-១៩ ពេល​ពពោះ កូន​ក្នុង​ផ្ទៃមាន​ហានីភ័យ​អីខ្លះ?​ អាច​ឆ្លង​កូវីដ ១៩ ដែរ​ទេ?

    បក​ស្រាយបញ្ហាជុំវិញចម្ងល់នេះ អង្គការសុខភាពពិភពលោក (WHO) ឲ្យ​ដឹង​ថា មិន​ទាន់មានភស្តុតាងច្បាស់លាស់មកបញ្ជាក់ថា ទារកក្នុងផ្ទៃអាចឆ្លងវីរុសកូវីដ-១៩ តាមម្ដាយអំឡុងពេលពពោះ ឬពេលសម្រាល ឬក៏អត់ទេ។ មកដល់ថ្ងៃនេះ វីរុសកូវីដ-១៩ មិនទាន់ត្រូវបានរកឃើញក្នុងទឹកភ្លោះ ឬក៏ទឹកដោះម្ដាយនៅឡើយ។

    ដូច​គ្នានេះដែរ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង​អាមេរិក (CDC) ហានីភ័យ​ទូទៅ​ក្នុង​ការ​កើត​ជំងឺ​កូវីដ-១៩​ លើ​ស្ត្រី​ពពោះ មាន​ភាគ​រយ​ទាប ក៏​ប៉ុន្តែការ​ពពោះ​បង្កើន​ហានិភ័យ​ខ្ពស់​ក្នង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ស្លាប់​បើ​ឆ្លង​កូវីដ-១៩។ ស្ត្រី​ពពោះ​ដែល​ឆ្លង​វីរុស​នេះ​ច្រើន​កើត​បញ្ហា​ផ្លូវ​ដង្ហើម ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាង​ស្ត្រី​មិន​មាន​ផ្ទៃ​ពោះ។ អ្នកស្រាវជ្រាវក៏សង្កេតឃើញថា ក្រៅពីអាចកើតជំងឺផ្លូវដង្ហើម ស្រ្តីពពោះកើតកូវីដ-១៩ មិនមានចម្លង ឬបង្កបញ្ហាសុខភាពធ្ងន់ធ្ងរដល់ទារកទេ។

    បន្ថែម​ពី​លើ​នេះ ស្ត្រី​ពពោះ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា ទឹក​នោម​ផ្អែម កាន់​តែ​ប្រឈម​ខ្ពស់​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ បើ​ឆ្លង​ជំងឺ​កូវីដ-១៩។ តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​អះ​អាង​ថា ស្ត្រី​ពពោះ​កើត​កូវីដ-១៩ ប្រឈម​នឹង​ការ​សម្រាល​កូន​មុន​ខែ និង​សម្រាល​ដោយ​ការ​វះកាត់ ហើយ​ទារក​ត្រូវ​យក​ទៅ​ពិនិត្យ​សុខភាព ស្វែង​រក​ជំងឺ​ផ្សេងៗ រូម​ទាំង​កូវីដ-១៩ ​ដែរ។

    ​​​យ៉ាង​ណា​មិញ​ តាម​ការ​សិក្សា​​ពី​សាកល​វិទ្យាល័យ California San Francisco បាន​រក​ឃើញ​ថា ទារក​ភាគ​ច្រើន​ ដែល​​មាន​ម៉ាក់​ៗ​កើត​កូវីដ១៩​ គឺ​មាន​សុខភាព​ល្អ​ធម្មតា ​គិត​ត្រឹម​ពេល​ដែល​​​អា​អូន​កើត​បាន​ចន្លោះ​​​​អាយុ​ ៦​ ទៅ​៨​សប្ដាហ៍។​ ខណៈ​ពេល​ដែល​​ការ​ស្រាវជ្រាវ​​នេះ​កំពុង​តែ​បន្ត​ ​ ​ការ​រក​ឃើញ​នេះ​ ក៏​អាច​ធ្វើ​ឲ្យ​គ្រួសារ​ដែល​កើត​កូវីដ១៩​ មាន​ក្តី​សង្ឃឹម​ផង​ដែរ​។

    សម្រាប់​ម៉ាក់​ៗ​ដែល​កើត​ជំងឺ​កូវីដ-១៩ នៅ​តែ​អាច​បំបៅដោះ​កូន​ធម្មតា​បាន ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​អនាម័យ​ខ្ពស់ ដើម្បី​ធានា​ថា មិន​ចម្លង​វីរុស​ទៅ​កូន​ជាមួយ៖

    • ពាក់​ម៉ាស​ពេល​បំបៅ
    • លាង​សម្អាត​ដៃ​មុន​កាន់​កូន
    • ក្អក ឬ​កណ្ដាស់​ត្រូវ​ងាក​មុខ​ចេញ
    • ច្របាច់​ទឹក​ដោះ​ដាក់​ដប​ឲ្យ​កូន​បៅ (បើ​អាច)
    • ឬ​ច្រមាច់​ទឹក​ដោះ​ដាក់​ដប ទុក​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​បំបៅ​កូន (បើ​អាច)។ល។

    ស្រប​គ្នា​នេះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ក្រសួង​នៅ​មិន​ទាន់​ទទួល​បាន​ការ​ណែនាំ​ទាក់ទង​នឹង​ការ​ចាក់​​វ៉ាក់សាំង​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ពីអង្គការ​សុខភាពពិភពលោក(WHO) នៅ​ឡើយ​ទេ ដូច​នេះ​ស្ត្រី​ពពោះ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​បន្ត​ទៀត។ តែ​បើ​ស្ត្រី​ពពោះ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់ ដូច​នេះ​គ្រូពេទ្យ​អាច​សម្រេច​ចិត្ត​ឲ្យ​ស្ត្រី​ពពោះ​ចាក់​វ៉ាក់សាំងកូវីដ-១៩ ដើម្បី​ការពារ​សុខភាព​ដែរ ប៉ុន្តែ​ត្រូវ​មាន​ការ​តាម​ដាន​ឲ្យ​បាន​ច្បាស់​លាស់។ ចំណែក​ការ​លើក​ឡើង​ថា ចាក់​វ៉ាក់សាំង​រួច អាច​ប៉ះពាល់​ទៅ​ដល់​ទារក​ក្នុង​ផ្ទៃ​ដែរ ឬ​អត់​នោះ ទាម​ទារ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​ពី​អ្នក​វិទ្យាសាស្ត្រ។

    ពពោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម