ទារកមួយចំនួនកើតមកមានជំងឺបេះដូងពីកំណើត មានន័យថា អាអូនកើតមានជំងឺនេះតាំងនៅក្នុងផ្ទៃម្តាយមកម៉្លេះ។ ចុះធ្វើម៉េចទៅទើបម៉ាក់ៗអាចការពារកូនក្នុងផ្ទៃមិនឲ្យមានជំងឺបេះដូងពីកំណើត?
សំណួរនេះ លោកសាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូង នៅមជ្ឈមណ្ឌលជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត បកស្រាយថា មានចំណុចសំខាន់ ៣ ដែលស្ត្រីជាម្តាយត្រូវប្រុងប្រយ័ត្ន និងធ្វើឲ្យបាន។
ទី១ នៅពេលពេលពពោះ ម៉ាក់ៗមិនត្រូវប្រើថ្នាំផ្តេសផ្តាសដោយគ្មានវេជ្ជបញ្ជានោះទេ ទី២ បើឈឺពេលមានផ្ទៃពោះ ដូចជា គ្រុនក្តៅ កើតស្អូច ម៉ាក់ៗត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យសុខភាពទាំងម្តាយនិងកូន តើមានបញ្ហាឬអត់? និងចំណុចសំខាន់ទី៣ ស្ត្រីពពោះត្រូវញ៉ាំអាហារមានជីវជាតិឲ្យបានគ្រប់គ្រាន់ ពិសេសអាស៊ីដហ្វូលិក។
ក្នុងនោះលោកវេជ្ជបណ្ឌិត ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជារូបនេះណែនាំឲ្យស្ត្រីមានផ្ទៃពោះញ៉ាំអាស៊ីដហ្វូលិកឲ្យបានគ្រប់គ្រាន់ ពោលគឺចាប់ពីពេលត្រៀមលក្ខណៈយកមកកូនមកម៉្លេះ។
ចំពោះបរិមាណអាស៊ីដហ្វូលិកដែលស្ត្រីពពោះត្រូវការវិញ អង្គការសុខភាពពិភពលោក (WHO) ណែនាំឲ្យស្ត្រីញ៉ាំអាស៊ីដហ្វូលិក ៤០០ មីក្រូក្រាម/ថ្ងៃ ចាប់ពី ៣ ខែ មុនយកកូន រហូតដល់គភ៌អាយុ ១២ សប្តាហ៍។ ក្រៅពីមានក្នុងថ្នាំវីតាមីន អាស៊ីដហ្វូលិក ក៏មាននៅក្នុងអាហារផងដែរ ដូចជា មាននៅក្នុងបន្លែបៃតងចាស់ ស្ពៃពួយឡេង គ្រាប់សណ្តែកគ្រប់មុខ ផ្លែក្រូច ផ្លែល្ហុង ផ្លែប៊ើរ ថ្លើមគោ ស៊ុត ជាដើម។
ជំងឺបេះដូងពីកំណើតអាចព្យាបាលជាទេ? លោកវេជ្ជបណ្ឌិតពន្យល់ថា ជំងឺបេះដូងពីកំណើតមួយចំនួន អាចជាដោយខ្លួនឯង នៅពេលទារកវិវត្តធំទៅ ប៉ុន្តែមួយចំនួនទៀតតម្រូវឲ្យគ្រូពេទ្យជំនាញព្យាបាលភ្ជិត ដោយវិធីវះកាត់ ឬយកឆ្នុកទៅញ៉ុកប្រហោងឲ្យជិតឡើងវិញ។
[embed-health-tool-pregnancy-weight-gain]