ទាំងពេលពពោះ និងសម្រាលកូនរួច ម៉ាក់ៗនៅតែត្រូវបន្តថែទាំខ្លួនឲ្យបានល្អតាំងពីការសម្រាក សកម្មភាពនានា ចំណីអាហារ និងភេសជ្ជៈផ្សេងៗ។ ទន្ទឹមនឹងនេះ បើតាមចាស់ៗសម័យមុន គាត់និយមឲ្យស្ត្រីពពោះ ឬស្ត្រីទើបសម្រាលកូនរួចផឹកស្រា ពិសេសផឹកស្រាថ្នាំពេលពពោះ ដោយគិតថាឆាប់ឲ្យម៉ាក់ៗឆ្អិនសរសៃ សុខភាពល្អ ប៉ុន្តែតាមពិតទៅអ្នកជំនាញមិនណែនាំឲ្យធ្វើបែបនេះទេ។
សម័យនេះហើយនៅមានស្ត្រីពពោះ និងជាពិសេសស្ត្រីដែលបំបៅដោះកូននៅផឹកស្រាថ្នាំមួយចំនួន ផឹកទាំងឪទឹន កូនខ្ចីមួយៗមិនដឹងប៉ុន្មានទេ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហ៊ាង រតនា។
លោកបន្តថា ជាតិអាល់កុលនៅក្នុងស្រាទាំងនេះប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់ ទាំងទារកក្នុងផ្ទៃ ទាំងកូនដែលបំបៅដោះ (ជាតិអាល់កុលជ្រាបតាមទឹកដោះ) និងទាំងម្ដាយខ្លួនឯងផ្ទាល់។ ស្រាថ្នាំ អាចប៉ះពាល់សរីរាង្គទាំងមូលរបស់កូន ជាពិសេសគឺខួរក្បាល និងថ្លើមតែម្ដង។
ការផឹកគ្រឿងស្រវឹង ឬផឹកស្រាថ្នាំពេលពពោះអាចបង្កផលវិបាកពីស្រាលទៅធ្ងន់ធ្ងរទៅតាមកម្រិតដែលម៉ាក់ៗបានផឹក។ ផលវិបាកផ្សេងៗអាចកើតមានលើកូនក្នុងផ្ទៃ និងក្រោយសម្រាល បើម៉ាក់ៗសេពគ្រឿងស្រវឹងមានដូចជា៖
- ប៉ះពាល់ដល់ការលូតលាស់ ឬបំផ្លាញកោសិកាខួរក្បាល និងឆ្អឹងខ្នង
- កូនមានបញ្ហាក្បាលតូច មុខសំប៉ែត
- ក្រិន ឬលូតលាស់មិនស្របតាមវ័យ
- ខ្សោយបញ្ញា ឬមានអាកប្បកិរិយាខុសប្រក្រតី។
ជាចុងក្រោយ វេជ្ជបណ្ឌិត ហ៊ាង រតនា បានណែនាំឲ្យម៉ាក់ៗបញ្ឈប់ការញ៉ាំស្រា ឬថ្នាំខ្មែរទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។ ម៉ាក់ៗគួរតែថែទាំកូនឲ្យមានខួរក្បាលល្អ កុំបំផ្លាញគ្នាតាំងពីនៅក្នុងពោះម្ដាយ និងនៅជាទារកដោយសារកំហុសមួយនេះ។
[embed-health-tool-pregnancy-weight-gain]