backup og meta

ស្វែងយល់​លម្អិត​ពីហេតុ​ផល​សំខាន់ៗ អាច​ឲ្យ​ស្រីៗ​រលូតកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Apr 28, 2021

    ស្វែងយល់​លម្អិត​ពីហេតុ​ផល​សំខាន់ៗ អាច​ឲ្យ​ស្រីៗ​រលូតកូន

    តាម​បទពិសោធ​រាល់ថ្ងៃ ប្ដីប្រពន្ធច្រើនឡើងៗ​កំពុង​មាន​បញ្ហា​មាន​កូន​ហើយ កូន​អត់​នៅ។ មាន​ហេតុផល​ច្រើន​ដែល​នាំ​ឲ្យ​មាន​បញ្ហា ហើយ “Hello គ្រូពេទ្យ” នឹងប្រាប់​ហេតុផល​ខ្លះ៖

    ១- កត្តាចៀសមិនផុត

    – កត្តា​ហ្សែន៖ បើ​ក្រូម៉ូសូមរបស់​យើង ឬកូន មាន​ការ​ផ្លាស់​ប្តូរ វា​នឹង​បង្ក​ហានិភ័យ​រលូត​ដល់​ទៅ ៧០% នៅ​ត្រី​មាស​ទី១ និង ២០% ​នៅ​ត្រី​មាស​ទី២ ព្រោះ​តែ​ការ​ខូចខាត​ហ្សែន​របស់​កូនក្នុង​ផ្ទៃ។

    – កំណក​ឈាម៖ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ជំងឺ Lupus និង​ជំងឺ​បេះដូង រួម​ជាមួយ​ជំងឺ​មួយ​ចំនួន​ទៀត ដូចជា ការ​បង្ក​រោគ​នៅ​ស្បូន អាច​បណ្តាល​ឲ្យ​រលូត​កូនបាន។ ជំងឺ​ទាំង​នេះ អាច​រារាំង​លំហូរ​ឈាម​ទៅ​កាន់​ស្បូន។

    – វិបត្តិ​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ប្រក្រតី៖ វិបត្តិ​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ប្រ​ក្រតី (ពេល​ប្រព័ន្ធ​ភាព​ស៊ាំធ្វើ​សកម្ម​ខុស​ធម្មតា ឬ​តិច​ជាង​ធម្មតា) អាច​នាំ​ឲ្យ​មានករណី​រលូត​កូន ដែលកើត​ឡើង​វិញ​ម្តង ​ហើយ​ម្តង​ទៀត។ និយាយ​សាមញ្ញ រាង​កាយ​មិន​អាច​ទទួល​យក​ការ​មាន​ផ្ទៃ​ពោះ​បាន។

    – អតុល្យភាព​អ័រម៉ូន៖ អ័រម៉ូនដើរ​តួនាទី​សំខាន់​ក្នុង​ការ​មាន​ផ្ទៃ​ពោះ។ ឧទាហរណ៍ អ័រម៉ូន ប្រូហ្គេសស្តេរ៉ូន មាន​សារៈ​សំខាន់​ជួយ​សុក​ឲ្យ​ចាប់​ជាប់​ទៅ​នឹង​ជញ្ជាំង​ស្បូន។ បើ​រាង​កាយមិន​មាន​អ័រម៉ូន​នេះ​គ្រប់​គ្រាន់​ អាច​នឹង​នាំ​ទៅ​ដល់​ការ​រលូត​កូន​ដូច​គ្នា។

    – បញ្ហា​សុក និង​មាត់​ស្បូន៖ បើ​មាន​បញ្ហា​ពាំងសុក ឬ​មាត់​ស្បូន​ខ្សោយ ឬខ្លាំង​ពេក មិន​អាច​ទ្រទ្រង់​កូនក្នុង​ផ្ទៃ​បាន​នោះ នឹង​បង្ក​ជា​ហានិភ័យរលូត​បាន។ កូនមិន​ទាន់​ចាប់​កំណើត អាច​មិន​ទទួល​បាន​ឈាម​គ្រប់​គ្រាន់ ពេល​មាន​បញ្ហា​សុក។

    រលូតកូន៣

    ២- កត្តា​អាច​ចៀស​ផុត

    នៅ​មាន​កត្តា​ជាច្រើន​ទៀត សុទ្ធ​តែ​អាច​បង្ក​ឲ្យ​រលូត​កូនបាន ប៉ុន្តែ​កត្តា​ទាំង​នេះ យើង​នៅ​តែ​អាច​ចៀស​ផុត​ ដោយ​បង្ការ​ទុក​ជាមុន ដូចជា៖

    – ទម្លាប់​រស់​នៅ៖ ទម្លាប់​រស់​នៅ​បែប​បំផ្លាញ​ខ្លួន​ឯង អាច​ធ្វើ​ឲ្យ​រលូត​កូនបាន ​ដូច​ជា ជក់​បារី ផឹក​ស្រា ប្រើ​ថ្នាំ​ញៀន ជាតិ​ពុល​ក្នុង​បរិស្ថាន សុទ្ធ​តែ​រំខាន ជ្រៀត​ជ្រែក​ផ្គត់​ផ្គង់​ឈាម និង​ការ​លូត​លាស់​ទារក​មិន​ទាន់​កើត​បាន។ បើ​មាន​ផែន​ការ​ចង់​ក្លាយ​ម៉ាក់ៗ​គេ ត្រូវ​​បញ្ឈប់​សារធាតុ​អស់​ទាំង​នេះ គឺ​ជា​រឿង​ដំបូង​គេស្រីៗ​​យើង​គួរ​ធ្វើ​ដើម្បី​បង្ការ​ហានិភ័យ។

    បើ​ទោះ​ជា​លំហាត់​ប្រាណ (គ្រូ​ពេទ្យ​អនុញ្ញាត) ត្រូវ​គេ​ជឿ​ថា ជួយ​ឲ្យ​សុខ​ភាព​ម៉ាក់ៗ​បាន​ល្អ បន្ថយ​ហានិភ័យ​រលូត ជួយ​កូន​មាន​សុខភាព​ល្អ អាច​កាត់​បន្ថយ​ភាព​តាន​តឹង​អារម្មណ៍ ចុក​រួយ​​ឈឺចាប់ ហានិភ័យ​កើតទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃ​ពោះ បង្កើន​អំណត់​ធ្មត់​បានកាន់​តែ​ច្រើន​ពេល​សម្រាលក៏​ពិត​មែន តែបើយើង​ហាត់​ប្រាណ​ធ្ងន់ៗ ដូចជា លើក​ដែក នឹង​ប្រឈម​ការ​រលូត។ គួរ​ហាត់​ប្រាណ​ថ្នមៗ ស្រាលៗ​ ជួយ​បាន​ច្រើន​ដល់​សុខភាព​ទាំង​ម៉ាក់ អំឡុង​ពេល​ពពោះ។

    – ឱសថ៖ ថ្នាំ​មួយ​ចំនួនអាច​បណ្តាល​ឲ្យ​រលូត​កូន​បាន។ ត្រូវ​ចៀស​វាង​ឱសថ Misoprostol, Retinoids, Mthotrexate និងពពួកថ្នាំពេទ្យសម្រាប់ព្យាបាលប្រឆាំងរលាក ដែល​មិនមែន​ក្នុង​ក្រុមថ្នាំស្តេរ៉យ (NSAIDs) ដូចជាថ្នាំ Ibuprofen ជា​ដើម។ ល្អ​បំផុត​ពិភាក្សា​ជាមួយ​វេជ្ជ​បណ្ឌិត មុន​ពេល​ប្រើ​ប្រាស់​ថ្នាំ​ណា​មួយ។

    ៣- កត្តាវ័យ និង​គម្រោង​ចង់​មាន​ផ្ទៃ​ពោះ

    នៅ​វ័យ​ជាក់​លាក់​មួយ​ចំនួន ស្រីៗ​កាន់​តែ​ប្រឈម​ហានិភ័យ​រលូត កត្តា​អាយុ​នាំ​ឲ្យ​ប្រឈម​ខ្ពស់​ដូច​គ្នា ដូចជា អាយុ​ក្រោយ ៣០ឆ្នាំ មាន​អត្រា​រលូត ១/១០ អាយុ ៣៥-៣៩ ឆ្នាំ អត្រា​រលូត ២/១០ ខណៈ​វ័យ៤៥ ឆ្នាំឡើង គឺ​ប្រឈម ៥/១០ ករណី​ឯណោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Apr 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម