រឿងសោកសៅមួយនេះ គ្រួសារណាក៏អត់ចង់ជួបបញ្ហានេះដែរ។ ជាទូទៅករណីរលូតកូន ច្រើនតែកើនឡើង ពេលទារកនៅខ្ចីខែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ អ្នកម្ដាយគ្រប់រូបនៅតែអាចបាត់បង់ កូនបានគ្រប់ពេលវេលា ទោះអាអូនច្រើនខែក៏ដោយ។
១- រលូតកូនពេលគ៌ភចាស់ខែជាអ្វី?
សំដៅដល់ការរលូតកូនក្រោយ ៣ ខែ ឬមុន ៦ ខែ។ ប៉ុន្តែបើរលូតនៅ ឬចាប់ពីខែទី៦ទៅ គេហៅថាកូនស្លាប់ (ក្នុងផ្ទៃ)។ ករណីគភ៌ចាស់ខែហើយ មានបញ្ហាឈប់លូតលាស់នេះ គឺ ជាករណីកម្រមែនទែន។
២- ធ្វើម៉េចបានដឹងថាកូនរលូត?
សញ្ញាសាមញ្ញបំផុតគឺការហូរឈាមពីទ្វារមាស និងចុករមួលខ្លាំង ដូចសម្រាលកូន។ ការហូរឈាមអាចនឹងប្រែជាច្រើនខ្លាំងដោយមានកំណកឈាម។ ករណីខ្លះ ទឹកភ្លោះក៏អាចបែក ហើយទារក (ដែលខូច) ក៏អាចចេញមកក្រៅដែរ។
ស្រីៗមួយចំនួនកត់សម្គាល់ថាទារកក្នុងផ្ទៃ មិនកម្រើកមួយរយៈ ឬចលនាកម្រើកថយយឺតចុះ ឬផ្លាស់ប្តូរ ខុសជាងសព្វដង។
៣- មូលហេតុអាចឲ្យរលូត
មកពីមាត់ស្បូន (កស្បូន) ទន់ខ្សោយ ឬមាត់ស្បូនមួយដែលរីកធំរហ័សខ្លាំងពេកអាចនាំទៅដល់ការរលូតកូនបាន។ ប្រសិនបើគ្រូពេទ្យគិតថាយើងអាចនឹងជួបប្រទះនូវការរលូតកូនដោយសារតែបញ្ហានេះ ពេទ្យអាចធ្វើតេស្ត វាស់ប្រវែងមាត់ស្បូនអ្នក។
– ការបង្ករោគ៖ ឆ្លងរោគពេលសម្រាលលើកមុន តែប្រការនេះកម្រណាស់។
– បញ្ហាសុខភាព៖ សម្ពាធឈាមខ្ពស់ខ្លាំង ជំងឺតម្រងនោម ក្រពេញថាយរ៉យ ដែលសកម្ម
ឬអសកម្មខ្លាំង ជំងឺរលាកពោះវៀនតូច ឬជំងឺទឹកនោមផ្អែម សុទ្ធតែជាកត្តាគំរាមកំហែង ដល់ការបាត់បង់កូន ទោះចាស់ខែក្ដី។
– ការព្យាបាលមិនត្រឹមត្រូវ៖ សារៈសំខាន់បំផុតរាល់ការព្យាបាលបញ្ហាសុខភាពផ្នែកអ្វីក៏ដោយ ត្រូវពិភាក្សាឲ្យបានហ្មត់ចត់ ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកផ្ដល់សេវាកម្មថែទាំសុខភាព ក្នុងករណី ខ្លួនកំពុងមានគភ៌ ព្រោះការព្យាបាលខ្លះ ដូចជាស្រូបក្លិន អាចជាបុព្វហេតុនៃការរលូតកូនបាន។
– មូលហេតុដទៃទៀត៖ ក្រៅពីហេតុផលខាងលើរាងរៅខុសធម្មតារបស់ស្បូន ឬដុំស្បូនធំៗ ក៏អាចជាដើមចម ធ្វើឲ្យកូនរលូតដែរ។
៤- របៀបបង្ការការរលូតកូន
ដើម្បីបង្ការរឿងអកុសល ក្នុងការបាត់បង់មនុស្សជាទីស្រឡាញ់ទាំងមិនទាន់បានឃើញមុខ យើងមានចំណុចគួរពិចារណា ដើម្បីជៀសវាងបាន៖
– ប្រើថ្នាំវីតាមីនថែរក្សាគភ៌ឲ្យបានទៀងទាត់
– រក្សាទម្ងន់ឲ្យថេរក្នុងកម្រិតសុខភាពល្អ (កុំស្គមពេក កុំទាត់ពេក)
– ឈប់ផឹកស្រា ជក់បារី ឬគ្រឿងញៀន
– តាមដាន និងបង្ការ ធ្វើម៉េចកុំឲ្យមានជំងឺកាមរោគ ប្រសិនបើមាន ត្រូវរត់ទៅពេទ្យព្យាបាលបន្ទាន់
– បើមានជំងឺរ៉ាំរ៉ៃ ត្រូវប្រឹក្សាជាមួយពេទ្យ ថាតើគួរធ្វើម៉េច ទើបសុខភាពម្ដាយ អាចមានកូន និងរក្សា ឬជៀសវាង ដោយសារបញ្ហាសុខភាពម្ដាយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]