backup og meta

ប្រយ័ត្ន​ផង! ស្រីៗ​ងាយបង្ករោគដោយ​ផ្សិត​អំឡុង​ពេល​ពពោះ

ប្រយ័ត្ន​ផង! ស្រីៗ​ងាយបង្ករោគដោយ​ផ្សិត​អំឡុង​ពេល​ពពោះ

នែ៎​ស្រីៗ! សុខៗ​ស្រាប់​តែ​មាន​អារម្មណ៍​ទ្វារ​មាស​ខុស​ធម្មតា ពេល​ខ្លះ​រមាស់ ធ្លាក់​ស មាន​ក្លិន​មិន​ល្អ​ ពេល​ខ្លះ​ថែម​ទាំង​ចុកពោះទៀត មែន​អត់? បើ​ប្រទះ​អាការៈ​បែប​នេះ កុំ​អែអង់​យូរ​ ឆាប់​ទៅ​ជួប​ពេទ្យ​ ព្រោះ​អាច​មាន​ការ​បង្ក​រោគ​ដោយ​ផ្សិត ហើយ​បើ​កំពុង​មាន​ផ្ទៃ​ពោះ​ងាយ​ឆ្លង​ខ្លាំង វា​អាច​ប៉ះពាល់​ដល់​សុខភាព​បេប៊ី​ក្នុង​ផ្ទៃ​ទៀត​ផង។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ពី​អ្វី​ជាការ​បង្ក​រោគ​ដោយ​ពពួក​ផ្សិត ក៏​ដូច​ជាវិធី​ការពារ​ឲ្យ​គ្នា​យើង​បាន​ដឹង។

១- អ្វី​ជា​ការ​បង្ក​រោគ​ដោយ​ផ្សិត?

ការ​បង្ករោគ​ដោយ​ផ្សិត សំដៅ​លើ​ការ​ឆ្លង​រោគ​ដែល​បំផ្លាញ​តុល្យភាព​កម្រិត អាស៊ីដ និង​ផ្សិត នៅ​ក្នុង​ទ្វារមាស ធ្វើ​ឲ្យ​ស្រីៗ​មាន​អារម្មណ៍ គ្មាន​ស្រួល​ខុស​ធម្មតា ប៉ុន្តែ​ការ​បង្ក​រោគ​នេះ​មិន​ធ្ងន់​ធ្ង​រទេ។

២- មូលហេតុ​ណ្តាលឲ្យ​មាន​ការ​បង្ក​រោគ​ផ្សិត

គេ​ជឿ​ថា ការបង្ក​រោគ​ផ្សិត បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន ដូច​ជា កើត​ឡើង​ពេល​លំនឹង​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​ប្រែប្រួល​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​មុន​ពេល​មក​រដូវ ឬ​ក៏​អាច​កើត​ពេល​យើង​ប្រើ​ថ្នាំ​អ័រម៉ូន និង​ថ្នាំ​ពន្យារ​កំណើត។ មូលហេតុ​ផ្សេង​ទៀត មាន​ដូច​ជា ការ​ប្រើ​ថ្នាំផ្សះ ថ្នាំ​ស្តេ​រ៉ូអ៊ីត ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម រួម​ភេទ​តាម​ទ្វារមាស ឬ​ការ​សម្អាត​ទ្វារ​មាស​ជា​ដើម។

អំឡុង​ពេល​មាន​ផ្ទៃ​ពោះ រាងកាយ​យើង​មាន​ការ​ប្រែប្រួល​ច្រើន ពិសេស​បម្រែ​បម្រួល​សារធាតុ​គីមី​ក្នុង​ទ្វារ​មាស រាង​កាយ​អាច​នឹង​ពិបាក​ទប់​ទល់​ការ​បង្ក​រោគ។ មួយ​ទៀត មាន​ជាតិ​ស្ករ​ខ្ពស់​ក្នុង​សារធាតុ​រំអិល​របស់​ទ្វារ​មាស​ ងាយ​ធ្វើ​ឲ្យ​ពពួក​ផ្សិត​អាច​លូតលាស់​បាន​លឿន ធ្វើ​ឲ្យ​បាត់​បង់​តុល្យភាព នាំ​ឲ្យ​ផ្សិត​កើន​ឡើង​ច្រើន​ជាង​ធម្មតា។

ស្រីៗ​ងាយបង្ករោគដោយ​ផ្សិត​អំឡុង​ពេល​ពពោះ Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

  • ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស៊ឹម
  • ឧស្សាហ៍​រមួល​ក្រពើ​ពេល​ពពោះ ទាំង​នេះ​គឺ​វិធី​ដោះស្រាយ

៣- រោគសញ្ញា​បង្ក​រោគ​ដោយ​ផ្សិត

ស្រីៗ​ភាគ​ច្រើន​មាន​ការ​បង្ក​រោគ​ដោយ​ផ្សិត អាច​មាន​រោគ​សញ្ញា​ជា​ច្រើន ខណៈ​រោគ​សញ្ញា​ជាទូទៅ ឧស្សាហ៍​ជួប​ប្រទះ​មាន​ដូច​ជា៖

– ធ្លាក់​ស មាន​ពណ៌​ស បៃតង ឬ​លឿង ស្រដៀង​ឈីស និង​ធុំ​ក្លិន​ដូច​ផ្សិត​ក្នុង​នំបុ័ង

– ធ្លាក់​ស​ច្រើន

– ក្រហម រមាស់ ឬ​ក្រហាយ​តាម​បបេរ​ទ្វារ​មាស

– មាន​អារម្មណ៍​ក្រហាយ​ពេល​នោម ឬ​រួម​ភេទ

បើគ្នា​យើង​ប្រទះ​រោគ​សញ្ញា​ដូច​ខាង​លើ គួរ​សាក​សួរ​គ្រូពេទ្យ​បន្ថែម។ ក្នុង​ករណី​ពេទ្យ​សង្ស័យ​យើង​មាន​ការ​បង្ក​រោគ​ផ្សិត​ ពេទ្យ​នឹង​ពិនិត្យ​ទ្វារមាស​ដោយ​បៀក​សារធាតុ​រំអិល​ដើម្បី​ពិនិត្យ។ យោង​តាម​ការ​ពិនិត្យ​ទ្វារមាស​ គ្រូពេទ្យ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ការ​បង្ក​រោគ​ផ្សិត។ ករណី​កម្រ​មួយ​ចំនួន វត្ថុ​វិភាគ​អាច​ផ្ញើ​ទៅ​មន្ទីរ​ពិសោធន៍។

៤- ជម្រើស​ព្យាបាល​មេរោគ​ផ្សិត

បន្ទាប់​ធ្វើ​រោគ​វិនិច្ឆ័យ​រួច ពេទ្យ​អាច​ណែនាំ​ពី​ការ​ព្យាបាល​សម្រាប់​យើង។ បើ​គ្នា​យើង​កំពុង​ពពោះ ពេទ្យ​អាច​ឲ្យ​ប្រើ​បាន​តែ​ប្រភេទ​ក្រែម​លាប​ទ្វារមាស និង​ថ្នាំ​ស៊ុល​ប៉ុណ្ណោះ។

នៅ​មាន​ថ្នាំ​លេប​អាច​ព្យាបាល​ការ​បង្ក​រោគ​ផ្សិត​បាន ដូច​ជា​ថ្នាំ Diflucan (លេប​តែ​មួយ​គ្រាប់​គត់) ប៉ុន្តែ​ពាក់​ព័ន្ធ​សុវត្ថិភាព​អំឡុង​ពេល​ពពោះ និង​បំបៅ​ដោះ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ។

ក្នុង​ករណី​យើង​មិន​ធ្វើ​ការ​ព្យាបាល វា​អាច​ឆ្លង​ទៅ​លើ​មាត់​បេប៊ី​ពេល​សម្រាល​ចេញ​មក​ក្រៅ ហៅថា “ច្រាំង​មាត់” ប៉ុន្តែ​​ថ្នាំ​មាន​ប្រសិទ្ធភាព​ព្យាបាល​បញ្ហា​ផ្សិត​លើ​មាត់​ទារក​គឺ​ថ្នាំ Nystatin។

ដើម្បី​ព្យាបាល​ជា​សះ​ស្បើយអំឡុង​ពេល​យើង​កំពុង​ពពោះ ​ត្រូវការ​ពេល ១០-១៤ ថ្ងៃ​ ហើយ​ក្រោយ​ជា​សះស្បើយ គ្នា​យើង​គួរ​ប្រើ​ម្សៅ​គ្មាន​ជាតិ​ស្ករ (ម្សៅ​ផលិត​ចេញ​ពី​ធម្មជាតិ) ឬ​ម្សៅ Nystatin ដើម្បី​ការពារ​ការ​បង្ក​រោគ​ជា​ថ្មី។

៥- វិធី​ការពារ​ការ​បង្ក​រោគ​ផ្សិត

ការ​បង្ក​រោគ​ផ្សិត​អំឡុង​ពេល​ពពោះ ទោះ​មិន​មែន​ជា​បញ្ហា​ធ្ងន់​ធ្ងរ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចំពោះ​ទារក ដូច្នេះ​ចាំ​បាច់​បំផុត​ ត្រូវ​ចៀស​វាង​ការ​បង្ក​រោគ តាម​រយៈ​ការ​ស្លៀក​ពាក់​ផលិត​ពី​កប្បាស និង​ធូរ​រលុង។ ប្រើ​ម៉ាស៊ីន​ផ្លុំ​តិចៗ ដើម្បី​សំងួត​តំបន់​ប្រដាប់ និង​ត្រូវ​ងូត​ទឹក​សម្អាត​ភ្លាមៗ​ក្រោយ​ពេល​ហែល​ទឹក​រួច។ ប្តូរ​ខោ​អាវ​ហែល​ទឹក ហាត់​ប្រាណ ឬ​ខោ​អាវ​សើម​ភ្លាម ចៀស​វាង​ការ​បង្ក​រោគ​ផ្សិត។មិន​ត្រូវ​ដុះ ឬ​មិន​ត្រូវ​ប្រើ​ថ្នាំ​អនាម័យ​ស្ត្រី ឬ​សំឡី​អនាម័យ និង​តាំប៉ុង​ដែល​មាន​សារធាតុ​ក្រអូប ពពុះ​សាប៊ូ ក្រដាស​បង្គន់​មាន​ពណ៌ និង​ក្លិន​នោះ​ឡើយ ព្រោះ​ធ្វើ​ឲ្យ​ងាយ​បង្ក​រោគ។

គប្បី​ញ៉ាំ​យ៉ា​អួរ​ ព្រោះ​សម្បូរ​បាត់​តេរី​ល្អ ដូច​ជា Lactobacillus និង Acidophilus ក៏​ដូច​ជា​កម្រិត​បរិមាណ​ស្ករ​ដែល​ញ៉ាំ​ឲ្យ​បាន​ត្រឹម​ត្រូវ។ មួយ​ទៀត សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​រាង​កាយ​មាន​ភាព​រឹង​ម៉ាំ​ប្រឆាំង​មេរោគ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Yeast Infections During Pregnancy. http://americanpregnancy.org/pregnancy-complications/yeast-infections-during-pregnancy/. Accessed March 21, 2017.

Yeast infection during pregnancy: Are over-the-counter treatments OK? http://www.mayoclinic.org/diseases-conditions/vaginitis/expert-answers/yeast-infection-during-pregnancy/faq-20058355. Accessed March 21, 2017.

កំណែ​ប្រែបច្ចុប្បន្ន

18/04/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Apr 18, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម