ចាប់តាំងពីពពោះដំបូង រហូតដល់សម្រាលកូន ស្រីៗគ្នាយើងតែងជួបបញ្ហាជាច្រើន ដែលមូលហេតុចំបងនៃបញ្ហាទាំងនោះបណ្តាលមកការប្រែប្រួលអ័រម៉ូន។
ចាប់តាំងពីពពោះដំបូង រហូតដល់សម្រាលកូន ស្រីៗគ្នាយើងតែងជួបបញ្ហាជាច្រើន ដែលមូលហេតុចំបងនៃបញ្ហាទាំងនោះបណ្តាលមកការប្រែប្រួលអ័រម៉ូន។

ខាងក្រោមនេះជាអាការៈដែលតែងកើតញឹកញាប់ចំពោះស្រីៗមានផ្ទៃពោះ ហើយបញ្ហាមួយចំនួនជា រឿងធម្មតា ឯបញ្ហាខ្លះអាចប៉ះពាល់ដល់សុខភាពម៉ាក់ៗ និងបេប៊ី។
១- ចង្អោរ-ក្អួត៖
អាការៈនេះជាញឹកញាប់កើតឡើងក្នុងអំឡុងត្រីមាស១ នៃការពពោះ ដែលយើងចំណាំថាហៅចាញ់កូននោះ។ ការក្អួតចង្អោរនេះបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូន ធ្វើម៉ាក់ៗវិលមុខធីងធោង ធុំអាហារ ញ៉ាំអ្វីមិនសូវបាន រកកលក្អួតចង្អោរ ឬក្អួតតែម្តង ហើយទូទៅបញ្ហានេះនឹងថមថយ ឬបាត់តែម្តងនៅពេលគភ៌អាយុចាប់ពី ៥ ខែឡើងទៅ។
២- ឡើងដោះ
ការប្រែប្រួលអ័រម៉ូនអំឡុងពេលពពោះធ្វើឲ្យសុដន់ស្រីៗយើងឡើងតឹង សង្កៀរ អាចឈឺខ្លាំង ឬតិច នេះដោយសារអ័រម៉ូនកំពុងរៀបចំផលិតទឹកដោះសម្រាប់អាអូនពេលកើតមក។ ដូច្នេះម៉ាក់ៗត្រូវពាក់អាវទ្រនាប់ដែលមានទំហំធំជាងមុនហើយ សាច់ទន់ៗងាយស្រួលពាក់។
៣- ហើមជើង
ប្រមាណជា ៩០% នៃស្រីៗមានផ្ទៃពោះតែងហើមជើង ពិសេសជិតដល់ពេលសម្រាលអាកូន។ អាការៈនេះបណ្តាលមកពីកត្តារួមផ្សំជាច្រើន ដូចជាការរីកធំនៃសរសៃវ៉ែន ដែលធ្វើឲ្យសង្កត់ទៅលើពោះ ទម្ងន់នៃគភ៌ និងការអង្គុយ ឬឈរច្រើនពេក។ ដើម្បីកាត់បន្ថយអាការៈហើមជើង យើងត្រូវសម្រាកឲ្យបានច្រើន មិនត្រូវធ្វើការធ្ងន់ៗ និងត្រូវគេងផ្អៀងមកខាងឆ្វេង ឧស្សាហ៍ដើរឲ្យបានច្រើន បើសិនជាម៉ាក់ៗហើមជើង ហើយមានជំងឺលើសឈាម ឬទឹកនោមប្រៃទៀតនោះ សូមប្រយ័ត្នប្រយែង និងទៅជួបពេទ្យបន្ទាន់ ព្រោះបញ្ហានេះងាយបង្កឲ្យមានជំងឺបម្រុងក្រឡាភ្លើង។

៤- ឈឺក្បាល
ការឈឺក្បាលពេលមានផ្ទៃពោះជារឿងធម្មតាដោយសារតែបរិមាណឈាមកើនឡើងដល់ទៅ ៤០% -៥០% ប៉ុន្តែពេលខ្លះវាក៏ផ្តល់ផលរំខាន និងផលប៉ះពាល់ដែរ បើយើងឈឺក្បាលញឹកញាប់ពេក។
បើធ្លាប់មានប្រវត្តិឈឺក្បាលប្រកាំងពីមុនមក ប្រាកដណាស់យើងអាចនឹងជួបបញ្ហានេះពេលមានផ្ទៃពោះ។ ការកើនឡើងកម្រិតអ័រម៉ូនមួយចំនួនអាចបណ្តាលឲ្យមានបញ្ហានេះដូច្នេះត្រូវប្រញាប់ទៅជួបគ្រូពេទ្យបើឈឺក្បាលខ្លាំង។
៥-នោមញឹក
ពេលស្បូនកាន់តែរីកធំ ធ្វើឲ្យប្លោកនោមដែលនៅជិតស្បូនដោលឡើង បង្កជាការនោមញឹក។ ការនោមញឹកមិនចោទជាបញ្ហាខ្លាំងចំពោះសុខភាពម៉ាក់ៗ និងបេប៊ីនោះទេ គ្រាន់តែរំខានដំណេក ធ្វើឲ្យម៉ាក់ៗអស់កម្លាំង ដូច្នេះត្រូវសម្រាកពេលថ្ងៃឲ្យបានច្រើនបន្តិច។
៦- ចុករួយចង្កេះ-ខ្នង
ម៉ាក់ៗភាគច្រើនតែងតែជួបបញ្ហាចុករួយចង្កេះ ឬខ្នង ដោយសារតែទម្ងន់ក្នុងផ្ទៃកាន់តែធំ ពេលខ្លះរើផង ធាក់ផង។ ដូច្នេះយើងត្រូវអង្គុយឲ្យត្រង់ខ្លួន ត្រូវមានខ្នើយទប់ ឬកល់ មិនត្រូវពាក់ស្បែកជើងកែងខ្ពស់ ឯការធ្វើដំណើរផ្លូវឆ្ងាយខ្លាំងគួរតែចៀសវាង។

៧- ផ្លូវចិត្តមិននឹងន
ជារឿងដែលមិនអាចចៀសបាន ស្រីៗយើងអាចនឹងមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង មួម៉ៅ ហើយអាការៈទាំងនេះភាគច្រើនកើតក្នុងអំឡុងខែទី ២ ដូចនេះប្រសិនបើមានអារម្មណ៍ថាបាក់ទឹកចិត្តពេលពពោះលើសពី ២ សប្ដាហ៍ឡើងទៅ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យព្រោះគេបានរកឃើញថា អត្រានៃការបាក់ទឹកចិត្តចំពោះស្រីៗមុន និងក្រោយសម្រាល មានតួលេខប្រហាក់ប្រហែលគ្នា។
៨- ធ្លាក់ស
ការឆ្លងមេរោគបាក់តេរីនៅទ្វារមាសជាជំងឺដែលស្រីៗក្នុងអាយុបង្កកំណើតតែងជួបប្រទះ។ យកល្អយើងគួរកត់សម្គាល់សញ្ញាដូច ធ្លាក់ស មានពណ៌លឿង ឬប្រផេះ មានក្លិនឆ្អាប និងរមាស់នៅទ្វារមាស ត្រូវប្រញាប់ទៅជួបជាមួយពេទ្យព្រោះជំងឺនេះអាចប្រឈមខ្ពស់នឹងការរលូតកូន និងបែកទឹកភ្លោះមុនខែ។
៩-ទល់លាមក
បម្រែបម្រួលអ័រម៉ូនពេលមានផ្ទៃពោះ អាចឲ្យសាច់ដុំសរីរាង្គរំលាយអាហារមួយចំនួនធ្វើការយឺតជាងមុន ដូច្នេះយើងពិបាកបន្ទោរបង់លាមក ឬក៏អាចបន្ទោរបង់រាល់ ៣ ថ្ងៃ/ម្តង។ ដើម្បីកាត់បន្ថយបញ្ហាទល់លាមកនេះ ម៉ាក់ៗព្យាយាមញ៉ាំទឹកឲ្យបានច្រើន ញ៉ាំអាហារជាតិសរសៃដូចជា ផ្លែឈើស្រស់ៗ (ល្ហុង ឪឡឹក និង ចេកទុំ) ជៀសវាងការអង្គុយមួយកន្លែងយូរពេក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
02/04/2019
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ