ជំងឺដាច់សរសៃឈាមខួរក្បាល លើសឈាម ទឹកនោមផ្អែម សុទ្ធតែជាបញ្ហាសុខភាពធំជាងគេដែលអាចកើតលើសុខភាពស្ត្រីអំឡុងពពោះបាន។ តើបញ្ហាទាំងនេះ អាចជះឥទ្ធិពលដល់ម្ដាយដែលកំពុងពពោះអីខ្លះ? គួរទប់ស្កាត់ ឬដោះស្រាយយ៉ាងម៉េច? “Hello គ្រូពេទ្យ’ នឹងលម្អិតខាងក្រោម៖
១- ការមានផ្ទៃពោះ និងជំងឺដាច់សរសៃឈាមខួរក្បាល
ការព្យាករបានបង្ហាញថា ក្នុងចំណោមស្ត្រី ១០ ម៉ឺននាក់ដែលបានសម្រាលកូន មាន ២ ទៅ ៧០ នាក់ មានជំងឺដាច់សរសៃឈាមខួរក្បាល។ ការព្យាករនេះមើលទៅដូចជាតិចតួចក៏ពិតមែន តែអាចមាន ១០% នៃអ្នកជំងឺដាច់សរសៃឈាមខួរក្បាលអាចបណ្ដាលឲ្យស្លាប់បានក្នុងពេលមានផ្ទៃពោះ។ មិនមែនគ្រប់ជំងឺដាច់សរសៃឈាមខួរក្បាលកើតលើស្ត្រីកំពុងមានផ្ទៃពោះនោះទេ មាន ១០% នៃជំងឺនេះ កើតឡើងមុនពេលសម្រាលកូន ឯ ៤០% ទៀតកើតឡើងក្នុងអំឡុងពេលសម្រាល ហើយ ៥០% ផ្សេងទៀតកើតក្នុងអំឡុងរយៈពេល ៦ សប្ដាហ៍បន្ទាប់ពីសម្រាលកូន។
២- រោគសញ្ញាគួរសង្កេត
រោគសញ្ញាទូទៅនៃជំងឺដាច់សរសៃឈាមខួរក្បាលមាន៖
– ការធ្លាក់មុខ (វៀចមុខ)
– ដៃខ្សោយគ្មានកម្លាំង
– ពិបាកនិយាយ។
ក្រៅពីជំងឺដាច់សរសៃឈាមខួរក្បាល រោគសញ្ញាទាំងនេះអាចកើតលើស្ថានភាពសុខភាពដទៃទៀត ពេលមានផ្ទៃពោះ ដូចជា ការធ្លាក់មុខអាចជាសញ្ញានៃជំងឺ Bell’s palsy ឬការរលាកសរសៃប្រសាទលើផ្ទៃមុខ។ ឯការមានអារម្មណ៍ថាស្ពឹក ឬខ្សោយនៅផ្នែកខាងក្នុងនៃដៃ អាចបណ្ដាលមកពីជំងឺ Carpal tunnel syndrome ដែលអាចកើតមានច្រើនលើស្ត្រីមានផ្ទៃពោះ។
ជួនកាល ក្រៅពីរោគសញ្ញាទាំងនោះ រោគសញ្ញាជំងឺដាច់សរសៃឈាមខួរក្បាលអំឡុងពេលមានផ្ទៃពោះ មាន ឈឺក្បាលធ្ងន់ធ្ងរ ប្រកាច់ និងខ្សោយរាងកាយ (ម្ខាង ឬផ្នែកណាមួយ)។ ពេលយើងសម្គាល់ឃើញថា ខ្លួនយើងមានសញ្ញាទាំងនេះ ត្រូវស្វែងរកជំនួយពីគ្រូពេទ្យជាបន្ទាន់។
អត្ថបទពាក់ព័ន្ធ៖ ៨ចំណុចសំខាន់ៗ ដែលស្ត្រីមានផ្ទៃពោះគួរដឹង កុំចេះតែធ្វើតគ្នា
៣- មូលហេតុដាច់សរសៃឈាមខួរក្បាលអំឡុងពេលពពោះ
មានកត្តាហានិភ័យជាច្រើនដែលអាចនាំឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាលអំឡុងពេលមានផ្ទៃពោះ។ អាចបណ្ដាលមកពីម្ដាយមានអាយុច្រើន ធាត់ ឈឺក្បាលប្រកាំង ជក់បារី និងជំងឺសរសៃឈាមបេះដូង ដូចជា ជំងឺបេះដូងជាដើម។ ក្រៅពីកត្តាហានិភ័យទូទៅ នៅមានជំងឺទឹកនោមផ្អែមអំឡុងពេលពពោះ ឡើងសម្ពាធឈាមខ្ពស់ ការហូរឈាមច្រើនក្រោយពេលសម្រាលកូន។ លើសឈាម ជាមូលហេតុចម្បងនៃជំងឺដាច់សរសៃឈាមខួរក្បាលដែលកើតមាន ១/៣ លើស្ត្រីមានផ្ទៃពោះ។
៤- កាត់បន្ថយគ្រោះថ្នាក់
ករណីបើមានហានិភ័យកើតជំងឺដាច់សរសៃឈាមខួរក្បាលអំឡុងពេលពពោះ យើងត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដូចជា ប្រើថ្នាំដើម្បីគ្រប់គ្រងសម្ពាធឈាម ឬកាត់បន្ថយការកកឈាម។
ពេលរោគសញ្ញាជំងឺដាច់សរសៃឈាមខួរក្បាលមានការវិវត្ត ត្រូវរាយការទៅកាន់គ្រូពេទ្យភ្លាម។ បន្ទាប់ពីសម្រាលកូនរួច ត្រូវយកចិត្តទុកដាក់លើស្ថានភាពសុខភាពរបស់ម្ដាយឲ្យបានច្រើន ពីព្រោះម្ដាយថ្មីតែងផ្ដោតអារម្មណ៍ខ្លាំងលើកូន ហើយភ្លេចខ្លួនឯង។
[embed-health-tool-pregnancy-weight-gain]