មិនថាការប្រើថ្នាំពេលពពោះៗ ឬបំបៅដោះកូនទេ សុទ្ធតែអាចមានគ្រោះថ្នាក់ចំពោះសុខភាពកូនយើង។ បើនិយាយការប្រើថ្នាំផ្តេសផ្តាសអំឡុងពពោះដោយគ្មានពិគ្រោះជាមួយគ្រូពេទ្យនោះ មានផលប៉ះពាល់ច្រើនណាស់ ដែលក្នុងករណីធ្ងន់ធ្ងរកូនយើងអាចរលូត ឬស្លាប់ក្នុងពោះ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត។
ផលប៉ះពាល់នៃការប្រើថ្នាំដោយគ្មានវេជ្ជបញ្ជាពេលពពោះ៖
– បញ្ឈប់ការលូតលាស់កោសិកាកូន
– រលូតកូន
– កូនស្លាប់ក្នុងពោះ
– កូនកើតមុនខែ
– កូនកើតមកខុសប្រក្រតី
– កូនកើតមិនគ្រប់លក្ខណៈ
– កូនកើតមកមិនគ្រប់គីឡូ
– កូនមានបញ្ហាដង្ហើម
– កូនកើតមកខ្សោយបញ្ញា។
អត្ថបទពាក់ព័ន្ធ៖ កំពុងពពោះ កុំប្រើប៉ារ៉ាច្រើនពេក ប្រយ័ត្នប៉ះពាល់កូន
លោកវេជ្ជបណ្ឌិតបានលើកឡើងបន្តទៀតថា ការពិគ្រោះយោបល់ជាមួយគ្រូពេទ្យមុននឹងប្រើថ្នាំអ្វីមួយពិតជាសំខាន់ណាស់ ព្រោះមុននឹងឲ្យថ្នាំ ឬចេញវេជ្ជបញ្ជានោះ គ្រូពេទ្យបានមើលពីស្ថានភាពសុខភាពម្តាយ និងកូន ពីអាយុគភ៌ តើអាចប្រើថ្នាំប្រភេទនេះបានអត់ ប្រើកម្រិតណាទើបមិនប៉ះពាល់កូន។
ចំពោះថ្នាំដែលផ្តល់អត្ថប្រយោជន៍ចំពោះស្រីៗមានផ្ទៃពោះ និងជួយដល់ការលូតលាស់កូននោះ រួមមានពពួកថ្នាំវីតាមីន ថ្នាំជាតិដែក អាស៊ីដហ្វូរិច កាល់ស្យូម ជាដើម។ តែទោះយ៉ាងណាការលេបថ្នាំទាំងនោះក៏ត្រូវតែមានវេជ្ជបញ្ជាពីពេទ្យដែរ ដើម្បីឲ្យត្រូវនឹងកម្រិតប្រើប្រាស់ ការប្រើថ្នាំវីតាមីនតិច ឬច្រើនពេកក៏ប៉ះពាល់ដល់សុខភាពដែរ។ លោកវេជ្ជបណ្ឌិត គាន់ អូន បញ្ជាក់។
អត្ថបទពាក់ព័ន្ធ៖ នេះជាពពួកវីតាមីនស្រីៗពពោះ ត្រូវការចាំបាច់បំផុត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]