backup og meta

អ្វីជាមូលហេតុនាំឲ្យហើមជើងពេលពពោះ ត្រូវដោះស្រាយម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Jun 21, 2019

    អ្វីជាមូលហេតុនាំឲ្យហើមជើងពេលពពោះ ត្រូវដោះស្រាយម៉េច?

    ពពោះ​ចូល​ដល់​ត្រីមាស​ទី ៣ ស្រីៗ​គ្នា​យើង​នឹង​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​ ស្បែក​ជើង​ដូច​តឹង​ជាង​មុន​ ដោយសារ​ជើង​​ឡើង​ហើម។ អាការៈ​ហើម​ជើង​មិន​ស្រួល​ក្នុង​ខ្លួន​ប៉ុន្មាន​ទេ តែ​កុំ​បារម្ភច្រើន​ពេក ព្រោះ​មាន​វិធី​អាច​ជួយ​ឲ្យយើង​​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន និង​កាត់​បន្ថយ​អាការៈ​ហើម​បាន។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​មូល​ហេតុ​អី​បានធ្វើ​ឲ្យ​ជើង​ហើម​អំឡុងពេល​ពពោះ ក៏​ដូច​ជា​វិធី​កែ​កុន​ឡើង​វិញ។

    ១- ហេតុអ្វី​បាន​ជា​ហើម​ជើងពេល​ពពោះ?

    អាការៈ​ហើម​ជើងស្រីៗពពោះ​កំពុង​ជួប​ប្រទះ កើត​ឡើង​នៅ​ពេល​បរិមាណ​ទឹក​ភ្លោះ​កើន​លើស​កំណត់។ អាការៈ​នេះ ជាធម្មតា​កើត​មាន​ក្នុង​ត្រីមាស​ទី ៣ ចាប់​ពី​សប្ដាហ៍​ទី ២២-២៧ នៃ​ការ​ពពោះ។ ប្រសិន​បើគ្នា​យើង​​មាន​បញ្ហា​ទឹក​ភ្លោះ​ច្រើន​ពេក ឬ​ពពោះ​កូន​ភ្លោះ អាការៈ​ហើម​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​ធម្មតា ជា​ពិសេស​អំឡុង​ពេល​រដូវ​ក្ដៅ ប៉ុន្តែ​ក្រោយ​ពេល​សម្រាល ជើងដែលហើម​ នឹង​ចាប់​ផ្ដើម​ស្រក​ទៅ​វិញ។

    អាការៈ​ហើម​ជើង​ទាំង​នេះ កើត​ឡើង​ដោយសារ​រាងកាយយើង ត្រូវ​រក្សា​ជាតិ​ទឹក​ដើម្បី​ទ្រទ្រង់​ខ្លួន​ឯង​ផង និង​គភ៌​ក្នុង​ផ្ទៃ នាំ​ឲ្យ​សារធាតុ​ទឹក​ទាំងនោះ​​ស្ថិត​នៅ​ពេញ​កោសិកា ហើយ​បង្កើន​លំហូរ​ឈាម ជាហេតុ​នាំ​ឲ្យ​ក​ជើង ប្រអប់​ដៃ និង​ប្រអប់​ជើង​ ឡើង​ហើម។ ហេតុផល​មួយ​ទៀត គឺ​បណ្ដាល​មក​ពី​ទម្ងន់​គភ៌​ក្នុង​ស្បូន ​បាន​សង្កត់​លើ​សរសៃ​ឈាម និង​ជើង ទើប​ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច ​ឈាម​ចាប់​ផ្ដើម​ផ្ដុំ​នៅ​ជើង ទើបបាន​ជា​ជើង​ហើមបែប​នេះ។

    ហើមជើង_Hello_គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

    ២- ធ្វើ​ម៉េច​អាច​បន្ថយ​អាការៈ​ហើមជើង​ពេល​ពពោះបាន?

    កុំ​បារម្ភ​ពេក ហើម​ជើង​ពេល​ពពោះ ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​បើគ្នា​យើង​ពិបាក​ក្នុង​ខ្លួន​ខ្លាំង អាច​សាក​ល្បង​វិធី​សាស្ត្រ​ដូច​ខាង​ក្រោម៖

    – គេង​ចំហៀង ​ដើម្បី​សម្រួល​ឲ្យ​សរសៃ​ឈាម​រត់​ស្មើ​គ្នា។

    – លើក​ជើង​ឡើង​លើ​តាម​ដែល​អាច​ធ្វើ​បាន ដូចជា​ ដាក់​ខ្នើយ​កល់​ក្រោម​ជើង​ពេល​គេង ឬ​ដាក់​កូន​កៅអី​ទ្រ​ជើង​ពេល​អង្គុយ​ធ្វើ​ការ។

    – គួរ​ពាក់​ស្បែក​ជើង​​ទន់ ​និង​យឺត​តាម​ទម្រង់​ជើង កុំ​ពាក់​ស្បែក​ជើង​​រឹត​ជើង។

    – ហាម​អង្គុយ​គង​ជើង។

    – ចៀសវាង​ឈរ​យូរ​ពេក គួរ​ដើរ​ឲ្យ​បាន​ញឹក​ញាប់ ដើម្បី​ឲ្យ​ឈាម​ធ្វើ​ចលនា មិនប្រមូល​​ផ្ដុំ​នៅ​មួយ​កន្លែង។

    – កុំ​ពាក់​ស្រោម​ជើង ឬ​ស្រោម​បា មាន​សាច់​តឹង​រឹត​ត្រង់​បរិវេណ​ក​ជើង ឬ​កំភួន​ជើង។ គួរ​ពាក់​វា​មុន​ពេល​ក្រោក​ចេញ​ពី​គ្រែ​នៅ​ពេល​ព្រឹក ធ្វើ​បែប​នេះ​ឈាម​ នឹង​មិន​អាច​ផ្ដុំ​ជុំវិញ​កជើង​យើង​ឡើយ។

    – ផឹក​ទឹក​ឲ្យ​បាន​ច្រើន ជួយឲ្យ​រាងកាយ​ផ្ទុក​សារធាតុ​ទឹក​តិច​ជាង​មុន។

    – ហាត់​ប្រាណ​ជា​ប្រចាំ ដូចជា​ដើរ ជិះ​កង់​ ​ហែល​ទឹក ឬ​ហាត់ Aerobics ក្នុង​ទឹក សុទ្ធ​តែ​​អាច​ជួយ​ឲ្យ​សម្រាល​ការ​ឈឺចាប់​ដោយ​សារ​ហើម​តឹង​ជើង ជា​ពិសេស​នៅ​ពេល​កម្ពស់​ទឹក​ត្រឹម​ស្មា។

    – បើ​មាន​អារម្មណ៍​ថា​ស្ពឹក​ជើង​ក្រោក​មិន​រួច គួរ​សាក​ល្បង​ធ្វើ​ចលនា​លើក​ជើង​ចុះ​ឡើង ឬ​បង្វិល​ក​ជើង​ទៅ​មក​ជា​រង្វង់ និង​ខំ​​ញុំា​អាហារ​សម្បូរ​​វីតាមីន C និង E ឲ្យ​បាន​ច្រើន ដូចជា ផ្លែ​ក្រូច ម្ទេស​ប្លោក ឪឡឹក ឬ​ត្រសក់ ដំឡូង ប៉េងប៉ោះ ស្ត្រប៊ើរី ស្ពៃក្ដោប ផ្កា​ខាត់ណា ពពួក​ប្រេង​បន្លែ និង​គ្រាប់​ធញ្ញជាតិ។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬមិនព្យាបាលជូនឡើយ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Jun 21, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម