ការធ្លាក់ឈាមអំឡុងពេលពពោះ ទោះជាក្នុងរូបភាពណាក៏ដោយ ម៉ាក់ៗត្រូវតែប្រយ័ត្ន ព្រោះវាអាចជាសញ្ញាអាសន្ន ឬភាពមិនប្រក្រតីណាមួយនៃគភ៌។ ការដឹងពីសញ្ញាគ្រោះថ្នាក់នៃការធ្លាក់ឈាមបានទាន់ពេល ធ្វើឲ្យមានសុវត្ថិភាពទាំងម្តាយទាំងកូន។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានរៀបរាប់ថា ការធ្លាក់ឈាមពេលពពោះ គឺជាក្តីបារម្ភរបស់ម៉ាក់ៗ ដែលភាគច្រើនកើតឡើងនៅត្រីមាសទី១ នៃការមានគភ៌។ ការធ្លាក់ឈាមក្នុងត្រីមាសដំបូងនេះ លោកវេជ្ជបណ្ឌិតថា មានច្រើនប្រភេទណាស់ ពេលខ្លះមានធ្លាក់ឈាមរាវៗពណ៌ក្រហម ឬក្រម៉ៅលាយជាមួយទឹករម្អិល ជួនកាលមានធ្លាក់ឈាមកកដុំៗ។
ទោះបីជាសណ្ឋាននៃការធ្លាក់ឈាមនោះប្រភេទណាក៏ដោយ ស្រីៗយើងចាំបាច់ត្រូវទៅជួបគ្រូពេទ្យផ្នែកសម្ភពជាបន្ទាន់ ព្រោះវាជាសញ្ញាបញ្ជាក់ប្រាប់ថា គភ៌អាចមានបញ្ហាអ្វីមួយ ដែលករណីខ្លះម៉ាក់ៗមានធ្លាក់ឈាមលាយជាមួយអាការៈផ្សេងៗទៀត ដូចជា ឈឺពោះតិចឬខ្លាំង ចុករួយចង្កេះ អស់កម្លាំង ជាដើម។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។
អត្ថបទពាក់ព័ន្ធ៖
- ពពោះ៣ខែដំបូង ម៉ាក់ៗចៀសមិនរួចពីបញ្ហាទាំងនេះ
- សញ្ញាគ្រោះថ្នាក់ពេលពពោះ ម៉ាក់ៗត្រូវដឹង ប្រញាប់ទៅជួបពេទ្យ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]