ស្រីៗកំពុងពពោះពិបាកណាស់ទៅហើយ បើស្រលាញ់រាប់អាន យល់ចិត្ត អាណិតគ្នា ពេលជួបជាមួយគ្នាយើងកំពុងពពោះ កុំដាក់សម្ពាធផ្លូវចិត្តលើគ្នាមួយបន្ទុកទៀតអី! ពេលខ្លះយើងដាក់សម្ពាធផ្លូវចិត្តទាំងមិនចាប់អារម្មណ៍ ជាមួយពាក្យពេចន៍មួយចំនួន។ ហេតុនេះ “Hello គ្រូពេទ្យ’ នឹងប្រាប់គ្នាយើងសម្តីមួយចំនួន គប្បីកុំប្រើជាមួយស្រីៗកំពុងមានផ្ទៃពោះ ពិសេសពេលជិតគ្រប់ខែតែម្តង។
១- ពោះមើលទៅជិតផ្ទុះហើយ!
ស្រីៗកំពុងពពោះ មិនចង់ឮពាក្យថាខ្លួនមាឌធំនោះទេ អាចមានអារម្មណ៍ដឹងដោយខ្លួនឯង ដោយសារភាពនឿយហត់ និងមិនស្រួលខ្លួន។ ម្ល៉ោះហើយ យើងក៏មិនបាច់រំឮកគ្នាយើងទៀតដែរ ព្រោះអាចធ្វើអោយប៉ះពាល់ដល់អារម្មណ៍ដែលកំពុងពិបាកស្រាប់ផង។ យើងសួរថា “មានអារម្មណ៍យ៉ាងម៉េចដែរថ្ងៃនេះ?‘ សម្តីនេះ បង្ហាញពីការព្រួយបារម្ភ និងយកចិត្តទុកដាក់ជាង។
២- សុំស្ទាបពោះតិចបានអត់?
មិនថាសមាជិកគ្រួសារ ឬមិត្តជិតស្និទ្ធនោះ មិនគួរសុំស្ទាបពោះគេឡើយ ព្រោះពោះគាត់មិនមែនជារបស់រួមទេ។ យើងអាចប្រើពាក្យគួរសមថា “ពោះធំបែបនេះមើលទៅស្អាត’។
៣- រកឈ្មោះដាក់ឲ្យកូននៅ?
ការគិត រកនឹកឈ្មោះដាក់ឲ្យកូន គឺស្មុគស្មាញណាស់សម្រាប់គ្នាយើងជិតក្លាយជាប៉ាម៉ាក់គេ ហេតុនេះបើសួរពីរឿងនេះ អាចធ្វើឲ្យអារម្មណ៍កាន់ស្មុគស្មាញ និងមួម៉ៅ។ តែបើគេរកបានហើយ ហាក់មិនសូវរំខានផ្លូវចិត្តទេ យើងអាចនិយាយដោយគួរសមថា “ប៉ាម៉ាក់ឈ្មោះពីរោះអ៊ីចឹង ឈ្មោះកូនច្បាស់ជាពីរោះដែរហើយ’ ឮសម្តីយើងបែបនេះ គ្នាយើងអាចនឹងប្រាប់ឈ្មោះកូនដែរបានត្រៀមទុកឲ្យយើងដឹងក៏ថាបាន។
៤- ហាមញ៉ាំនេះហាមញ៉ាំនោះ
ស្រីៗកំពុងពពោះ តែងចង់ឲ្យកូនមានសុខភាពល្អជានិច្ច ហើយជាធម្មតា តែងទទួលបានការណែនាំពីម្តាយ ឬបងប្អូនស្រី និងគ្រូពេទ្យរួចហើយ ហេតុនេះ ជាមិត្តភ័ក្ត ឬត្រឹមមនុស្សស្គាល់គ្នា មិនគួរនិយាយពីរឿងញ៉ាំឡើយ។ តែបើបារម្ភគាត់ញ៉ាំអីខុសមែន អាចសួរថា “អាហ្នឹងឆ្ងាញ់មែនហេ៎?’ ឬ “អាហ្នឹងម៉េចដែរ?’។
៥- កុំអួតរឿងចាញ់កូន
រាងកាយម៉ាក់ៗម្នាក់ៗ គឺខុសពីគ្នា ហេតុនេះបើទោះជាយើងធ្លាប់មានផ្ទៃពោះ មិនចាញ់កូនខ្លាំងក្តី ក៏មិនគួរនិយាយទៅកាន់ស្រីៗពពោះកំពុងចាញ់ខ្លាំង ធ្វើឲ្យមិនបានដេកពួនឲ្យសោះ ព្រោះជារឿងមួយមិនសមរម្យឡើយ។ យើងមិនចាំបាច់អួតពីរឿងនេះទេ តែអាចបង្ហាញពីការយកចិត្តទុកដាក់ដោយសួរថា “យ៉ាងម៉េចហើយ? អត់ស្រួលខ្លួន ឬចាញ់ម៉េចខ្លះ?’។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកផាត់មុខពេលពពោះ ឲ្យមើលទៅឃើញភ្នែកភ្លឺថ្លា និងស្បែកមុខរលោង
- តិចនិកហាត់ប្រាណសម្រាប់ស្រីៗពពោះអំឡុងត្រីមាសទី ២
៦- ថ្ងូរបទពិសោធពពោះពិបាកឲ្យគ្នាស្តាប់
ផ្ទុយពីការអួតអត់ចាញ់កូន អារឿងប្រាប់ពីបទពិសោធមិនល្អ អាចជាការបន្លាចទៅវិញ ដូចជាពាក្យ “ខ្ញុំពពោះចាញ់អត់បាត់សោះ’ ព្រោះស្រីៗកំពុងពពោះ អាចឆាប់រងអារម្មណ៍ភ័យខ្លាច និងបារម្ភច្រើន។ ដូចនេះ លាក់រឿងនេះល្អជាង ហើយនិយាយលួង លើកទឹកចិត្តជំនួសវិញ ដោយប្រើពាក្យ “កុំបារម្ភអី បន្តិចទៀត នឹងធូរហើយ’។
៧- និយាយបំភ័យ
និយាយបំភ័យ ពិសេសគ្នាយើងមានផែនការសម្រាលដោយវះកាត់ ដូចជាពាក្យ “គេវះពោះប៉ុនណាប៉ុនណី’ ក៏មិនខុសគ្នាពីចំណុចខាងលើប៉ុន្មានដែរ ត្រូវស្រីៗពពោះ ចាត់ទុកជារឿងរន្ធត់គួរឲ្យខ្លាច។ ដោយសារការពពោះ សុទ្ធតែមិនដូចគ្នា ហេតុនេះមិនគួរនិយាយរឿងមិនល្អ យើងធ្លាប់ឆ្លងកាត់ ឲ្យស្រីកំពុងពពោះថ្មីថ្មោងស្តាប់នោះដែរ ព្រោះអាចធ្វើឲ្យតក់ស្លុតបាន។ យើងអាចនិយាយថា “កំណើតកូនខ្ញុំ ពិបាកតិចមែន តែមិនមែនគ្រប់គ្នាសុទ្ធតែអ៊ីចឹងទេ កុំបារម្ភអី’។
៨- រំឭកឲ្យចងចាំគ្រប់វិនាទីនៃការពពោះនេះ
ការពពោះ គឺលំបាកណាស់ចំពោះស្រីៗគ្រប់រូប ពិសេសពពោះលើកដំបូង ព្រោះចាញ់ផង គេងមិនលក់ផង អស់កម្លាំងទៀត ដូចនេះ កុំសូវនិយាយពីវា ឬរំឭកច្រើនពេកអី។ គួរនិយាយពាក្យលើកចិត្ត ជាមួយពាក្យល្អៗមួយចំនួន ដូចជា “ពពោះ លំបាកមែន តែមានតម្លៃជាងការពិបាកយើងឆ្លងកាត់នេះទៅទៀត’។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]